ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ជាង​៤០​នាក់​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​​ធ្វើ​ប្រឡាយ​ទឹក

អ្នក​ភូមិ​នៃ​ឃុំ​ពេជ្រចង្វា ស្រុក​បរិបូរណ៍ នឹង​ធ្វើ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​ក្រសួង​ធនធាន​ទឹក ដើម្បី​ឲ្យ​ក្រុមហ៊ុន ស៊ីណូ ហាយដ្រូ (Sino Hydro) សង់​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​មេ​ដែល​ក្រុមហ៊ុន​នេះ​បាន​កាយ​ផ្ដាច់​ផ្លូវ​ក្នុង​ឃុំ​ចំនួន ៤​កន្លែង។ គម្រោង​ធ្វើ​ញត្តិ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​តាំងធ្នឹម ជាង ៤០​នាក់ តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

ក្រុម​អ្នក​តវ៉ា​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​នៅ​ថ្ងៃ​ដដែល ក្រោយ​ពី​អាជ្ញាធរ​ឃុំ និង​តំណាង​ក្រុមហ៊ុន​សន្យា​ថា នឹង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួកគាត់​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ក្រោយ។ អាជ្ញាធរ​អាច​នឹង​ធ្វើ​សំណើ​ទៅ​ក្រសួង​ដើម្បី​ធ្វើ​ស្ពាន ឬ​ដាក់​លូ​បន្ថែម​លើស​ពី​គម្រោង​តាម​ស្ថានភាព​ជាក់​ស្ដែង ខណៈ​ក្រុមហ៊ុន​ក៏​ថា នឹង​ពិភាក្សា​ជាមួយ​ប្រធាន និង​ក្រសួង ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ធ្វើ​​តប​ទៅ​នឹង​សំណូមពរ​របស់​ពលរដ្ឋ។

មេ​ឃុំ​ពេជ្រចង្វា ស្រុក​បរិបូរណ៍ លោក ជា វ៉ិច មាន​ប្រសាសន៍​ថា រូប​លោក និង​ពលរដ្ឋ​ក្នុង​ឃុំ​ចង់​ឲ្យ​ក្រុមហ៊ុន ឬ​ក្រសួង​ធនធាន​ទឹក​ផ្ដល់​ស្ពាន​យ៉ាង​ហោច​ពីរ​កន្លែង ក្នុង​ចំណោម​ផ្លូវ​រទេះ​ចំនួន ៤​កន្លែង​ដែល​ក្រុមហ៊ុន​បាន​កាយ​ផ្ដាច់។ លោក​ថា តំណាង​ក្រុមហ៊ុន​ដែល​បាន​មក​ជួប​ពលរដ្ឋ​នៅ​ពេល​នេះ ថា​ភាគី​ក្រុមហ៊ុន​គ្រាន់​តែ​ធ្វើ​ទៅ​តាម​គំនូស​ប្លង់ នៃ​គម្រោង​ដែល​ចេញ​មក​ពី​ក្រសួង​ប៉ុណ្ណោះ៖ «ការ​ពិត​ទៅ​សំណង​ដែល​រាជរដ្ឋាភិបាល​បាន​ទូទាត់​ហើយ ១០០% ហើយ គ្រាន់​ថា ក្រុមហ៊ុន​ទុក​ផ្លូវ​គម្លាត​ឆ្ងាយ​ពី​គ្នា អ៊ីចឹង​ទៅ​ប្រជាពលរដ្ឋ​ថា​មិន​ចង់​វាង គឺ​ឆ្លង​ទៅ​ជិត​ដល់​ភូមិ​គាត់ ឬ​ស្រែ​គាត់​អ៊ីចឹង​ណា»

អ្នក​ភូមិ​តាំងធ្នឹម​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ចំនួន ៤២​នាក់ គឺ​លោកស្រី ចេង ចន្ថា ឲ្យ​ដឹង​ថា អ្នកភូមិ​ស្ទើរ​គ្រប់​គ្នា​មាន​ការ​លំបាក​ធ្វើ​ដំណើរ បើក​គោយន្ត យក​គោក្របី​ទៅ​មើល និង​ដង​ទឹក​ស្ទឹង​ប្រើ​ដោយសារ​ផ្លូវ​ដែល​ធ្លាប់​ឆ្លង​កាត់​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ​ត្រូវ​គេ​កាត់​ផ្ដាច់។

លោកស្រី​ថា កន្លង​ទៅ​ក្រុមហ៊ុន​បាន​ទុក​ផ្លូវ​មួយ​សម្រាប់​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់ ប៉ុន្តែ​កាល​ពី​ពីរ​ថ្ងៃ​មុន​គ្រឿងចក្រ​បាន​ផ្ដាច់​តែ​ម្ដង៖ «តវ៉ា​ហ្នឹង​តវ៉ា​ចង់​បាន​ស្ពាន សូម​ឲ្យ​ធ្វើ​ស្ពាន​ឆាប់​រហ័ស​បំផុត ព្រោះ​ខ្ញុំ​អត់​មាន​ផ្លូវ​ឆ្លង​ចេញ​ចូល​តាឡេថង (គោយន្ដ) ឬ​គោ​ឡើយ។ បើ​ឲ្យ​ខ្ញុំ​ឆ្លង​ស្ពាន​ទាល់តែ ១​គីឡូម៉ែត្រ ទៅ​មួយ​គីឡូ​កន្លះ​បាន​ដល់​កន្លែង​ឆ្លង។ ក្រុមហ៊ុន​ចុះ​វាស់វែង​កាល​ពី​មិន​ទាន់​ធ្វើ​ប្រឡាយ​ថា ធ្វើ​ស្ពាន​ឲ្យ​ខ្ញុំ​ឥឡូវ​អត់​ធ្វើ​ទេ គេ​ចាក់​បេតុង ហើយ​កាយ​ផ្លូវ​បណ្ដោះអាសន្ន​ដាច់​អស់​ហើយ​ខ្ញុំ​អត់​អី​ឆ្លង ក្របី​គោ នៅ​ត្រើយ​ខាង​នេះ​ទាំង​អស់»

ឆ្លើយ​តប​​បញ្ហា​នេះ​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង លោក ដោក ប៊ុនថុន ថា​ពលរដ្ឋ​មិន​គួរ​បារម្ភ​ពេក​ទេ ព្រោះ​គម្រោង​នេះ​មាន​សំណង់​សរុប​រហូត​ដល់ ២២៤​សំណង់ ក្នុង​នោះ​សំណង់​ឆ្លង​កាត់​ប្រឡាយ​មាន​ចំនួន ៨៥​សំណង់។ លើស​ពី​នេះ មន្ទីរ​ក៏​បាន​ជជែក​ជាមួយ​ក្រសួង និង​ភាគី​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​លើ​ស្ថានភាព និង​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ពលរដ្ឋ៖ «ហើយ​ពី​សំណង់​ធំ​ទៅ​សំណង់​ស្ទាក់​ទឹក​មាន​ចម្ងាយ ១.៩០០​ម៉ែត្រ ប៉ុន្តែ​កន្លែង​ដែល​ពួកគាត់​ស្នើ​ហ្នឹង​ឋិតនៅ​ប្រវែង ៤០០​ម៉ែត្រ​ពី​សំណង់​ធំ​ទេ ដូច្នេះ​យើង​អាច​រំកិល​ទៅ​ដាក់ (ស្ពាន) ៧០០​ម៉ែត្រ ឬ​៨០០​ម៉ែត្រ វា​ខុស​គ្នា​តិចតួច​ទៅ​អ្នក​ណា​ក៏​អាច​ឆ្លង​បាន​ស្មើ​គ្នា។ យើង​នឹង​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ទៀត ហើយ​អាច​ថែម​សំណង់​មួយ​ចំនួន​ទៀត»

ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ គ្រោង​ប្រើ​រយៈពេល ៣​ឆ្នាំ គឺ​ចាប់​ឆ្នាំ​២០១៥ ដើម្បី​ស្ថាបនា​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង​ជិត ១៩,៥៩​គីឡូម៉ែត្រ ចេញ​ពី​ចំណុច​ស្ទឹង​អាចាង នៃ​ឃុំ​ពេជ្រចង្វា រហូត​ដល់​ប៉ែក​ខាង​ក្រោម​ផ្លូវ​ជាតិ​លេខ​៥ នៃ​ឃុំ​មេលំ ស្រុក​បរិបូរណ៍។ ប្រឡាយ​មេ​នេះ​មាន​ទំហំ​ទទឹង ២៦​ម៉ែត្រ និង​ជម្រៅ​ប្រហែល ៥​ម៉ែត្រ។ គម្រោង​នឹង​ស្ថាបនា​ប្រឡាយ​រង​ចំនួន ១០​ខ្សែ​ទៀត ដើម្បី​បែងចែក​ទឹក​ស្រោចស្រព​ផ្ទៃ​ដី​កសិកម្ម ១០.៣០០​ហិកតារ​នៅ​ស្រុក​ទឹកផុស និង​ស្រុក​បរិបូរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។