រដ្ឋ​សភា​គ្រោង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​៣០ ឧសភា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បើក​កិច្ច​ប្រជុំ​នេះ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

រដ្ឋ​សភា​បាន​ឆ្លើយ​តប​ភ្លាមៗ ចំពោះ​លិខិត​របស់​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ថា​មាន​បទល្មើស​ជាក់ស្ដែង​ពី​បទ​ឧក្រិដ្ឋ និង​បទ​មជ្ឈិម​ជាក់ស្ដែង ដោយសារ​លោក​មិន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា លោក​បាន​រៀបចំ​បែបបទ​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា ដើម្បី​យក​លទ្ធផល​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ប្រជុំ​អនុម័ត​ក្នុង​សំឡេង ៣ ភាគ ៤ នៃ​សមាជិក​រដ្ឋសភា​ទើប​អាច​សម្រេច​កិច្ចការ​នេះ​បាន។ លោក​បញ្ជាក់​ថា ការ​សម្រេច​នេះ​ទៀត​សោត គឺ​មាន​តែ​ករណី​ពីរ​ប៉ុណ្ណោះ គឺ​អនុម័ត​ផ្អាក​ចោទ​ប្រកាន់​លោក កឹម សុខា ឬ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។