“លោក បាន គីមូន ទទួល​បាន​សំបុត្រ​សុំ​អន្តរាគមន៍​ពី​បក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ”

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានទទួលសំបុត្ររបស់គណបក្សប្រឆាំងរួចហើយ ដែលបានស្នើសុំឲ្យលោកអន្តរាគមន៍ និងកោះប្រជុំជាបន្ទាន់ រវាងប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដើម្បីបញ្ចៀសការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។

“លោក បាន គីមូន ទទួល​បាន​សំបុត្រ​សុំ​អន្តរាគមន៍​ពី​បក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ”

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែងក្នុងសន្និសីទកាសែតនៃកិច្ចប្រជុំកំពូលមនុស្សធម៌ពិភពលោក កាលពី២៤ ខែឧសភា ឆ្នាំ២០១៦ នាទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី (Turkey)។

ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី២៧ ខែឧសភា លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបញ្ជាក់ថា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងពិនិត្យមើលខ្លឹមសារ និងឆ្លើយតបមកបក្សប្រឆាំងវិញ នៅពេលខាងមុខ៖ «មានព័ត៌មានជាផ្លូវការខ្លះដែរ ដោយមានការបញ្ជាក់ថា លិខិតនោះបានបញ្ជូនទៅដល់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិហើយ។ ការងារពិនិត្យទៅលើវិធានការនេះ ត្រូវបានបញ្ជូនទៅការិយាល័យផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ…»

កាលពីថ្ងៃទី៤ ខែឧសភា សមាជិកសភាគណបក្សសង្គ្រោះជាតិចំនួន ៥៥រូប បានចុះហត្ថលេខារួមគ្នាលើលិខិតមួយច្បាប់ជូនលោក បាន គីមូន ដោយបញ្ជាក់ថា ជិត ២៥ឆ្នាំមកហើយ តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នោះមក ប្រជាធិបតេយ្យនៅកម្ពុជា បានគាំងដំណើរស្តូកដោយហេតុថា ស្ថាប័នសំខាន់ទាំងបីរួមមានអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការត្រូវបានគណបក្សកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំង។

លិខិតដដែលនោះ ក៏បានសរសេររៀបរាប់ជាច្រើនអំពីសកម្មភាពធ្វើទុក្ខបុកម្នេញដល់គណបក្សប្រឆាំងពីសំណាក់គណបក្សកាន់អំណាច ក្នុងនោះមានការកាត់ទោស និងចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប មន្ត្រីសិទ្ធិមនុស្សនៃឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ការចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ុំ សំអាន និងការធ្វើទុក្ខបុកម្នេញលោក កឹម សុខា ជាដើម។ លិខិតបន្តទៀតថា គណបក្សកាន់អំណាចបានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយក្នុងការបំបិទមាត់ក្រុមដែលមានសំឡេងផ្ទុយពីគណបក្សកាន់អំណាច។ លិខិតនោះក៏បានលើកឡើងអំពីគណបក្សកាន់អំណាច ប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងអំពាវនាវឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងអស់ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនោះ ត្រូវកោះប្រជុំជាបន្ទាន់ ដើម្បីពិនិត្យមើលឡើងវិញនូវចន្លោះប្រហោងអំពីការអនុវត្ត កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុវត្ថិភាពសមាជិកគណបក្សប្រឆាំងទាំងអស់ និងជួយឲ្យស្ថានភាពនយោបាយវិលមករកស្ថិរភាពឡើងវិញសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។

គណបក្សប្រឆាំងបង្ហាញជំហររឹងមាំបើទោះបីមានការគំរាមកំហែង

គណបក្សសង្គ្រោះជាតិ បង្ហាញជំហររឹងមាំក្នុងការដឹកនាំបក្ស បើទោះបីជាត្រូវអវត្តមាន ប្រធាន និងអនុប្រធានបក្សក្នុងហេតុផលណាមួយក្តី។

មន្ត្រីជាន់ខ្ពស់គណបក្ស និងជាអ្នកតំណាងរាស្ត្រ លោក សុន ឆ័យ មានប្រសាសន៍នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ថា គណបក្សសង្គ្រោះជាតិ នឹងមិនរុះរើរចនាសម្ព័ន្ធដឹកនាំដែលមានស្រាប់នោះឡើយ ទោះបីមានការគំរាមកំហែងធ្ងន់ធ្ងរ រហូតមានការចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួនដាក់គុកក៏ដោយ។

លោក សុន ឆ័យ បញ្ជាក់ថា សម័យនេះទៅហើយការគំរាមកំហែងដោយព្យាយាមកាត់ផ្តាច់ក្បាលម៉ាស៊ីនមេដឹកនាំបក្ស មិនអាចមានឥទ្ធិពលធ្វើឲ្យគណបក្សនយោបាយផ្លាស់ប្ដូរជំហររបស់ខ្លួនបាននោះទេ។

ក្រុមអ្នកច្បាប់មួយចំនួននៅតែចាត់ទុក ការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទមិនចូលបំភ្លឺតុលាការក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចរកម្មនោះ ថាជាការអនុវត្តផ្ទុយពីនីតិវិធី និងរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ៕

ប្រភពៈ RFA