រដ្ឋសភា​នឹង​លើក​យក​ករណី​លោក កឹម សុខា ​មក​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ ​ទោះ​គ្មាន​ក្នុង​របៀបវារៈ​

ដ្ឋសភាជាតិនឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី៣០ ឧសភាខាងមុខនេះ ដើម្បីពិភាក្សាលើរបៀបវារៈចំនួនបី ប៉ុន្តែករណីរបស់លោក កឹម សុខា ក៏នឹងត្រូវពិភាក្សាផងដែរ បើទោះបីជាមិនមាននៅក្នុងរបៀបវារៈក្តី។ អ្នកនាំពាក្យរដ្ឋសភាចាត់ទុកថា ករណីរបស់លោក កឹម សុខា គឺជាករណីពិសេស និងបន្ទាន់។ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅមិនទាន់អាចបញ្ជក់នៅឡើយទេថា តើនឹងចូលរួមកិច្ចប្រជុំសភានេះនៅឡើយទេ។

រដ្ឋសភា​នឹង​លើក​យក​ករណី​លោក កឹម សុខា ​មក​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ ​ទោះ​គ្មាន​ក្នុង​របៀបវារៈ​

ដំណើរត្រឡប់មកវិញរបស់លោកកឹម សុខា(កណ្តាល) លោកគង់ សភា(ឆ្វេង) និងលោកញ៉យ ចំរើន(ស្តាំ)។

បើផ្អែកតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២៧ឧសភា បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ នឹងពិភាក្សាលើរបៀបវារៈចំនួន៣ប៉ុណ្ណោះ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់បន្ថែមពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភាក៏នឹងលើកយកករណីរបស់លោក កឹម សុខា មកពិភាក្សាផងដែរ។ អ្នកនាំពាក្យរដ្ឋសភារូបនេះបានចាត់ទុកករណីរបស់លោក កឹម សុខា ថា គឺជាករណីពិសេសនិងបន្ទាន់ ដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីរដ្ឋសភា ទើបតែទទួលបានរបាយការណ៍ពីតុលាការ កាលពីថ្ងៃទី២៧ឧសភា ស្តីពី ករណីរបស់លោក កឹម សុខានេះ។

គួរកត់សំគាល់ថា ករណីរបស់លោក កឹម សុខា នេះ ទំនងជាមិនខុសពីករណីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តសៀមរាបនោះទេ ពោលគឺសមាជិករដ្ឋសភា៥០%បូក១ ដែលមកតែពីខាងគណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោតសម្រេច ថាតើ គួរអនុញ្ញាតឲ្យតុលាការក្រុងភ្នំពេញ បន្តនីតិវិធីលើករណីរបស់លោក កឹម សុខា ទៀតឬអត់?

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់តុលាការក្រុងភ្នំពេញ ផ្ញើទៅកាន់រដ្ឋសភាជាតិកាលពីថ្ងៃទី២៧ឧសភា បានចាត់ទុកករណីរបស់លោក កឹម សុខា ថា ជាបទល្មើសជាក់ស្តែងស្របតាមមាត្រា៨៦នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកកឹម សុខា មិនព្រមចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការក្រុងភ្នំពេញចំនួន២លើកក្នុងនាមជាសាក្សី។ ហើយបើយោងតាមមាត្រា៨០ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញបានចែងថា “ការចោទប្រកាន់ ការចាប់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ដូច្នេះ ការផ្ញើរបាយការណ៍ទៅកាន់រដ្ឋសភាពេលនេះ គឺជានីតិវិធីមួយ ដើម្បីសុំការអនុញ្ញាតពីរដ្ឋសភា ដើម្បីបើកផ្លូវឲ្យតុលាការ បន្តនីតិវិធីលើករណីរបស់លោក កឹម សុខា។

សូមបញ្ជាក់ថា តាមគម្រោង កិច្ចប្រជុំសភានៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ នឹងពិភាក្សាទៅលើរបៀបវារៈតែ៣ប៉ុណ្ណោះ ទី១.គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ចំនួន១រូប។ ២-ការពិភាក្សានិងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា-ចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា៕

ប្រភពៈ RFI