ផ្លូវជាតិ​លេខ​១ ​អាច​ដំណើរការ​បាន​លឿន​ បើ​មានការ​សហការ​ពី​បងប្អូន​រស់នៅ​សងខាង​ផ្លូវ​

ផ្លូវជាតិ​លេខ​១ ​អាច​ដំណើរការ​បាន​លឿន​ បើ​មានការ​សហការ​ពី​បងប្អូន​រស់នៅ​សងខាង​ផ្លូវ​



ភ្នំពេញ ៖ ​ផ្លូវជាតិ​លេខ​១ ដែល​មាន​ប្រវែង​ ៤​គីឡូម៉ែត្រ​ចាប់​តាំងពី​គល់​ស្ពាន​ព្រះមុនីវង្ស​ រហូតដល់​ភូមិ​ក្តី​តា​កុយ​ សង្កាត់​ច្បារអំពៅ ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារ​អំពៅ​ កំពុងត្រូវបានស្ថាបនាយ៉ាងសកម្ម ក្នុងនោះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ការស្ថាបនា​ផ្លូវជាតិ​លេខ​១​នេះ បើ​ចង់​ធ្វើ​ទៅ​បាន​លឿន ​គឺ​ទាល់តែ​មានការ​សហការ​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែលរស់នៅ​អម​សងខាង​ផ្លូវ​​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​គាត់​ហ៊ាន​អះអាង​បែបនេះ ​ព្រោះ​ចាប់​តាំងពី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះមក​ គឺ​មាន​បងប្អូន​ ដែល​រស់នៅ​អម​សង្ខាង​ផ្លូវ​មួយ​ចំនួន​ធំ ​លោក​បាន​សហការ​ល្អជា​មួយ​អាជ្ញាធរ ​និង​ក្រុមបច្ចេកទេស​ ប៉ុន្តែ​មួយ​ចំនួន​តូច​គាត់​បង្ក​លក្ខណៈ​ស្មុគស្មាញ ​ដូចជា​មិន​ឲ្យ​ក្រុម​បច្ចេកទេស​ជីក ​ដាក់​បង្គោល​ភ្លើង​មុខ​ផ្ទះ​ ឫ​ក្នុង​ដីឡូតិ៍​របស់​ខ្លួន ហើយ​ខ្លះ​ទៀត​ បាន​ទទួល​ថវិកា​ពីរដ្ឋ​ក្នុង​ការ​ផ្តល់​សំណង​ ទៅលើ​ផ្ទះសម្បែង​ដីធ្លី​ ក៏ប៉ុន្តែ​គាត់​ពុំ​ទាន់​រុះរើ​ នេះ​ហើយ​ដែល​នាំ​ឲ្យ​យឺតយ៉ាវ​នោះ​។

ម្យ៉ាងទៀត​អ្នក​បច្ចេកទេស​ ត្រូវ​រៀបចំ​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឲ្យ​បាន​ធំ ​ទៅតាម​បច្ចេកទេស​ដោយ​បង្ហូរ​ចូល ​ទៅ​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី ​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ចេញពី​ផ្លូវ​ ចូល​ទៅ​ផ្ទះ​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​អម​សងខា​ផ្លូវ​ ដែល​ស្ថិតនៅ​ទាប​ជាង​ផ្លូវ។

ក្នុង​ឱកាស​នោះ​ដែរ​ អាជ្ញាធរ​ក៏​បាន​សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​ មេត្តា​ចូលរួម​សហការ​ធ្វើ​យ៉ាងណា​ ឲ្យ​ការស្ថាបនា​ទៅ​បាន​រលូន ​និង​មិន​ឲ្យ​ហួស​ដល់​ចុង​ឆ្នាំ​២០១៨៕