លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់​ថ្នាក់ដឹកនាំ​ក្រសួង និង​គ្រប់​មន្ត្រីរាជការ ប្រើ​រថយន្ត​រដ្ឋ​ឲ្យ​ត្រឹមត្រូវ​ និពន្ធដោយ : ខន ចំប៉ា       28-05-2016, 5:55 pm         198

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់​ថ្នាក់ដឹកនាំ​ក្រសួង និង​គ្រប់​មន្ត្រីរាជការ ប្រើ​រថយន្ត​រដ្ឋ​ឲ្យ​ត្រឹមត្រូវ​រូបភាព៖ ពីហ្វេសប៊ុក​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ប្រើប្រាស់​រថយន្ត​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​គោរព​ច្បាប់​ចរាចរណ៍​។ លោក ក៏បាន​ហាម​មិន​ឲ្យ​មន្ត្រី​ខ្លួន ប្រើ​រថយន្ត​ក្រៅ​ម៉ោង​ការងារ បើកបរ​ទៅ​កន្លែង​កម្សាន្ត និង​មិន​អនុញ្ញាត​ឲ្យ​អ្នកផ្សេង​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​

​ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ កិត្យានុភាព សេចក្តីថ្លៃថ្នូ​របស់​ស្ថាប័ន និង​មន្ត្រីរាជការ​សាធារណៈ  នៅ​ថ្ងៃទី​២៨ ខែឧសភា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីណែនាំ​មួយ ស្តីពី​ការប្រើប្រាស់​រថយន្ត​រប​ស់រ​ដ្ឋ​។​

​ផ្អែក​តាម​សេចក្តីណែនាំ​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​គ្រប់រូប គ្រប់លំដាប់​ថ្នាក់ ប្រើប្រាស់​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​រថយន្ត​ពាក់​ស្លាក​លេខ​របស់​រដ្ឋ ត្រូវ​បើកបរ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា  មិនត្រូវ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ក្រៅ​ម៉ោង​បំពេញភារកិច្ច ហើយ​រឹតតែ​មិនអាច​បើករថយន្ត​ទាំងនោះ ទៅ​កន្លែង​កម្សាន្ត​សប្បាយ​នានា ដូចជា ក្លឹប​កម្សាន្ត ហាង​ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា​ជាដើម​។

​ជាមួយគ្នា​នោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ហាមប្រាម​មន្ត្រី​របស់ខ្លួន មិនត្រូវ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​រថយន្ត​របស់ខ្លួន ក្នុង​បំណង​ផ្សេង មិន​ពាក់ព័ន្ធ​នឹង​ភារកិច្ច​នោះឡើយ​។​

​គួរ​កត់សម្គាល់ថា កន្លងមក​មានការ​ណែនាំ អំពី​ការប្រើប្រាស់​រថយន្ត​ដែលមាន​ស្លាក​លេខ​រដ្ឋ ឬ​ស្លាក​លេខ​ខេមរៈភូមិន្ទ​(​ខ​.​ម​) ឬ​នគរបាល​(​ន​.​ប​)​នេះ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​ការណែនាំ​ទាំងនោះ​ហាក់​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ គេ​នៅតែ​ឃើញ​មាន​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ខេមរៈភូមិន្ទ ឬ​នគរបាល​នេះ ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​ដដែល ដូចជា​បើកបរ​ចូល​ទី​កម្សាន្ត​នានា​នៅពេល​យប់ បើកបរ​យ៉ាង​ចំហរ​នៅ​ថ្ងៃ​ឈប់សម្រាក​ជាដើម​៕