យុវជន​បី​នាក់​ជិះ​ម៉ូតូឌុប​គ្នា បុករ​ខឿន​ញ្ចើ​ម​ផ្លូវ​ដោយ​ខ្លួនឯង ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ២នាក់

យុវជន​បី​នាក់​ជិះ​ម៉ូតូឌុប​គ្នា បុករ​ខឿន​ញ្ចើ​ម​ផ្លូវ​ដោយ​ខ្លួនឯង ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ២នាក់



កែប ៖ អ្នកបើកបរ​ម៉ូតូ​ម្នាក់ បាន​ស្លាប់ និង​អ្នក​ជិះ​ពីក្រោយ ២​នាក់​រង​របួស​ធ្ងន់​ស្រាល ដោយសារ ជិះ​ម៉ូតូឌុប​គ្នា​មិន​ប្រយ័ត្ន ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ នៅ​លើ​ថ្នល់ជាតិ លេខ​៣៣A ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​ផែ កោះទន្សាយ​ចម្ងាយ​៥០ម៉ែត្រ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប កាលពី​វេលា​ម៉ោង ៩និង១០​នាទី​ព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៦។

បើ​តាម​លោក​វរសេនីយ៍​ទោ ចាន់ ធូ នាយការិយាល័យ​ចរាចរ​ខេត្ត​កែប​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​បី​នាក់​ជា កម្មករ​បម្រើការងារ និង ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​បុរី​កុមារ​កំព្រា​បារាំង​ក្រុងកែប មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ទី​១- ឈ្មោះ អ៊ែ​ល វុទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​អណ្តូង ឃុំ​ស្តៅ ស្រុក​ពាម​ជរ ខេត្តស្វាយរៀង អ្នកបើកបរ​ម៉ូតូ (​ស្លាប់​) , ទី​២-​ឈ្មោះ​ឌឹ​ម ចក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុក​នៅ​ភូមិ​ក្តា​ពុក ឃុំ​សេនា​រាស្ត្រ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង (​របួសធ្ងន់​) និង ទី​៣-​ឈ្មោះ​សឿន ថេ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ជ្រៃ ឃុំ​នគររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង (​របួសស្រាល )។

លោក​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ ម៉ូតូ​១​គ្រឿង ម៉ាក សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG -6495 ឌុប​គ្នា​៣​នាក់​ក្នុង​ល្បឿន​លឿន ពី​ទិសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ ផ្លូវ​កោង​យក​ចង្កូត​មិនទាន់ ក៏​ជ្រុល​ចង្កូត​ទៅបុក​ទៅ​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ដួល បោក​ក្បាល ស្លាប់​អ្នកបើកបរ​ម្នាក់​នៅ​នឹងកន្លែង​កើតហេតុ រីឯ​អ្នកជិះ​ពីក្រោយ​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល។

ក្រោយមក​កម្លាំង​សមត្ថកិច្ច​ចរាចរ​ខេត្ត​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ភ្លាមៗ ដោយ​ដឹក​ជនរងគ្រោះ យក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប រីឯ​សាកសព​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ជូន​ក្រុម​គ្រួសារ​នៅ​ខេត្តព្រៃវែង៕