បុរស​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ ជ្រុល​ចង្កូត​ដួស​បាក់​ក​ស្លាប់​

បុរស​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ ជ្រុល​ចង្កូត​ដួស​បាក់​ក​ស្លាប់​



កំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង កាល​ពី​រសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៦បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង ដោយសារតែ​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថាន​ភាព​ស្រវឹង និង​ម្នាក់ទៀត​របួសស្រាល។ ក្រោយពេល​កើត​ហេតុ អ្នក​ជិះ​ម៉ូតូ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។ ​

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​អាស៊ាន​វាង​ ក្រុង​ស្ទឹងសែន ចំណុច​គល់​ស្ពាន ស្ថិតនៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ជនរងគ្រោះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ស៊ាន ​ប៊ុន ថៃ ​អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុខាងលើ​ស្លាប់​នៅ​នឹង​កន្លែង។

តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹក​ស្រា ស្រវឹង​ជោកជាំ ក្រោយពី​ស្រវឹង​ដល់​ទី ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌ ក្រហម អត់​ស្លាក​លេខ ទៅ​រក​សាច់​ក្លែម លុះ​ជិះ​មកដល់​គល់​ស្ពាន​វាង​ក្រុង ក៏បាន​គេច​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​កំពុងតែ​បើកបរ​ក្នុង​ល្បឿន​ផ្តាច់​ព្រលឹង ហើយ​ជនរងគ្រោះ​បាន​ជិះ ម៉ូតូ​ជាមួយ​មិត្តភ័ក្ដិ​ពីក្រោយ ហើយក៏​បាន​គេច​ជ្រុល​ចង្កូត​ចូល​ព្រៃ ជនរងគ្រោះ​បាន​ដួល​បោក​ក្បាល​នឹង​បង្គោល​ថ្ម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម ហើយ​តៃកុង​ម៉ូតូ​បាន​រត់គេច​ខ្លួនបាត់ ក្រោយពី​កើតហេតុ សាកសព​ ត្រូវ​បាន​សាច់ញាតិ ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕