ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​

រមណីយដ្ឋានដែលមានអាងហែលទឹកពណ៌ខៀវស្រងាត់ស្ថិតនៅលើទីទួលខ្ពស់ដើម្បីគយគន់ជួរភ្នំកូនសត្វទាំងឡាយដែលស្ថិតនៅខាងឆ្វេងនិងខាងស្ដាំនៃភ្នំកូនសត្វព្រមទាំងមើលឃើញជួរភ្នំវល្លិដ៏វែងអន្លាយដែលមានមន្ដស្នេហ៍ទាក់ ទាញភ្ញៀវទេសចរដែលប្រាថ្នាការស្នាក់អាស្រ័យលម្ហែកាយនៅទីដ៏ស្ងប់ស្ងាត់និងស្រស់ស្រាយនេះ ។

ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​

នៅក្រោមសម្រស់ធម្មជាតិព្រៃភ្នំចម្ការដំណាំហូបផ្លែ ជាពិសេសចម្ការម្រេចដ៏ល្បីល្បាញរបស់អ្នកស្រុកកំពតនិងឧទ្យានជាតិកែប ព្រមទាំងជំនោរបោកបក់ដ៏ត្រជាក់ពីឈូងសមុទ្រលោកអ្នកអាចសម្រាកសម្រាន្ដក្នុងបរិស្ថានស្ងប់ស្ងាត់ប្រកបដោយផាសុកភាពបាត់អស់នូវទុក្ខកង្វល់បានតាមក្តីប្រាថ្នា ។

ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​

គយគន់ទេសភាពព្រៃភ្នំដើរលុកលុយចម្ការដំណាំ និងហែលទឹកអាងដ៏ថ្លាដូចកញ្ចក់នៅមិនទាន់គ្រប់គ្រាន់នោះទេ លោកអ្នកអាចប្រើថាមពលរាងកាយបញ្ចេញញើសដើម្បីសុខុមាលភាពរឹងមាំដោយការជិះកង់តាមជម្រាលភ្នំឬដើរឡើងភ្នំ រួចស្រស់ស្រូបអាហារដ៏ឈ្ងុយឆ្ងាញ់ដែលប្រើផលិតផលម្រេចទាំងមុខម្ហូបអាស៊ីនិងអឺរ៉ុប ។ ភ្នំកូនសត្វស្ថិតនៅចំកណ្ដាលបេះដូងនៃតំបន់ដំណាំម្រេចដ៏ល្បីល្បាញទូទាំងពិភពលោក មានទីតាំងនៅក្នុងឃុំកូនសត្វស្រុកទឹកឈូខេត្ដកំពត ចម្ងាយ ៥ គីឡូម៉ែត្រពីទំនប់ប្រឡាក់ក្រឡាគឺជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ ។

ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​

លោក ណម ចាន់ណារិទ្ធ នាយកគ្រប់គ្រងទូទៅរមណីយដ្ឋាន Starling Ridge Planation Resort ភ្នំកូនសត្វនេះបានឲ្យដឹងថា«យើងមានបន្ទប់ស្នាក់នៅចំនួន ១២ បន្ទប់ ដែលមានតម្លៃចាប់ពី ៤៥ ទៅជាង ១០០ ដុល្លារក្នុងមួយយប់ ។ បន្ទប់ស្នាក់នៅមានចាប់ពីចង្កេះភ្នំរហូតដល់កំពូលភ្នំសម្រាប់គយគន់ទេសភាពនៅតំបន់ជុំវិញភ្នំកូនសត្វមានដូចជា Pepper Room ជាប្រភេទផ្ទះបុរាណខ្មែរ បន្ទប់កម្ពុជាបឹងកាឡូរចនាបថផ្ទះខ្មែរ បន្ទប់កម្ពុជាស្វីត បន្ទប់មែងហ្គោហោស និងវីឡាបែបខ្មែរ ។ មានជាភោជនីយដ្ឋានបម្រើមុខម្ហូបខ្មែរ និងបស្ចិមប្រទេសដែលផ្ដោតសំខាន់លើផលិតផលម្រេចដ៏ល្បីល្បាញ ដូចជា មុខម្ហូបក្ដាមឆាម្រេចខ្មៅ ឡុកឡាក់សាច់គោម្រេចខ្ចី ឆាបង្គាម្រេចក្រហម មឹកឆាម្រេចខ្ចី (តម្លៃប្រមាណពី ៥ ទៅ ៨ ដុល្លារ) និងមុខម្ហូបបរទេសតម្លៃជាង ១០ ដុល្លារ ព្រមទាំងអាហារសម្រន់តម្លៃចាប់ពី ៣ ដុល្លារ រួមជាមួយភេសជ្ជៈគ្រប់ប្រភេទ ។

ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​

នៅផ្នែកខាងឆ្វេងអាងហែលទឹក មានក្យូសធំ សម្រាប់ឱកាសជួបជុំគ្រួសារទទួលទានអាហារគយគន់ទេសភាពព្រៃនៃជួរភ្នំកូនសត្វនិងភ្នំវល្លិ។ អាងហែលទឹកបន្តុបលើកំពូលភ្នំសម្រាប់ភ្ញៀវងូតទឹកហែលកម្សាន្ដឬភ្ញៀវមកពីក្រៅចំណាយប្រាក់ ៣ ដុល្លារ (ភ្ញៀវខ្មែរ) ៥ ដុល្លារ សម្រាប់ភ្ញៀវបរទេសតែបើភ្ញៀវមកសម្រាក់នៅទីនេះមិនយកលុយឡើយ ។

ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​

ភ្ញៀវដែលមកស្នាក់និងកម្សាន្ដនៅរមណីយដ្ឋានដែលលាក់បាំងសម្រស់នៅលើភ្នំកូនសត្វនេះជាពិសេសប្រាថ្នាចង់ទៅដើរលេងក្នុងចម្ការម្រេចដ៏ល្បីខ្ទរខ្ទារនេះ ពួកគាត់ក៏មិនភ្លេចការថតរូបទុកអនុស្សាវរីយ៍និងប្រឡេះគ្រាប់ម្រេចខ្ចីដាក់ទំពាក្នុងមាត់ដើម្បីស្រង់យកភាពឈ្ងុយឈ្ងប់ពិតៗរបស់វាឡើយ ៕ សុថាត់

ភ្នំ​កូន​សត្វ​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសភាព​ស្ងប់ស្ងាត់​បែប​ជនបទ​