ធី សុវណ្ណ​ថា និង ស្រី ចំរើន បើក​កិច្ចប្រជុំ​រៀប​ផែនការ​ធ្វើ​បាតុកម្ម

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា និង លោកស្រី ចំរើន ដែល​អះអាង​ថា​ជា​តំណាង​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​និស្សិត បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៦ ដើម្បី​រៀប​គម្រោង​ធ្វើ​បាតុកម្ម ប្រឆាំង​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ធី សុវណ្ណ​ថា បាន​សរសេរ​ថា​«​ល្ងាច​នេះ នាង​ខ្ញុំ និង​លោកស្រី ចំរើន កំពុង​ប្រជុំ​ជាមួយ​ក្លឹ​ប​និស្សិត​ពី​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ​នានា​ចំនួន​១០ ស្តី​ពី "​គម្រោង​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​»។​

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ធី សុវណ្ណ​ថា បាន​ប្រកាស​ថា​នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់ ដើម្បី​ធ្វើ​បាតុកម្ម​គាំទ្រ​ចំណាត់ការ​របស់​តុលាការ​ក្នុង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​ប្រកាស​តាម Facebook របស់ ធី សុវណ្ណ​ថា ក៍​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ប្រើ​សិ​ទ្ឋិ​ធ្វើ​មហា​បាតុកម្មអហិង្សា ក្នុង​ករណី​ដែល​មានការ​ចាប់ខ្លួន លោក កឹ​ម សុខា​នោះ ។

មក​ដល់​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា នៅឡើយ​ទេ ខណៈ​ក្រុម​សកម្មជន​និង​អ្នកគាំទ្រ​លោក កឹ​ម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ត្រៀម​ប្រឆាំង​ប្រសិនបើ​មានការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ ដែល​គេ​ដឹង​ថា លោក កឹ​ម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​នោះ ។

លោក កឹ​ម សុខា បាន​ត្រូវ​តំណាង​អយ្យការ​និង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ចំនួន​២​ដង​មក​ហើយ ដើម្បី​ឲ្យ​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់​ព័​ន្ឋ​នឹង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា និង​ស្រី​មុំ រឿង​បរិហា​កេរ្តិ៍​និង​សញ្ចារ​កម្ម ប៉ុន្តែ​ត្រូវ​បាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា មិន​ព្រម​ចូលខ្លួន ដោយ​សំអាង​ថា តុលាការ​បំពាន​អភ័យ​ឯក​សិ​ទ្ឋិ​សភា​របស់​លោក ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ ៕