អភិបាលក្រុង​ប៉ោយប៉ែតអំពាវនាវឲ្យ​កម្មករប្រឆាំង លោក ជា មុនី

រាជធានីភ្នំពេញ ៖ ​អភិបាលនៃ​គណៈអភិបាលក្រុងប៉ោយប៉ែត​​លោក ង៉ោ ម៉េងជ្រួន​ ​បានធ្វើការអំពាវនាវ​តាម​បណ្តាញទំនាក់ទំនង​សង្គម​ (Facebook) ឲ្យកម្មករទំាងអស់​នាំគ្នាប្រឆំាងនឹងប្រធាន​សហជីពសេរីកម្មករនៃ​ព្រះរាជាណាចក្រកម្ពុជា ​លោកជា មុនី ។​

ការអំពាវនាវ​របស់លោកអភិបាល​ក្រុងប៉ោយប៉ែតខាងលើនេះ ​បានធ្វើឡើងបន្ទាប់ពី​លោក ​ជា មុនី ​កាលពីចុងសប្តាហ៍កន្លងមកនេះ បានប្រកាស​ឲ្យកម្មករធ្វើបាតុកម្ម ​ប្រសិនបើមានការចាប់ខ្លួន​លោក កឹម សុខា ​ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ​ ។

ការប្រកាស​របស់លោក ជា មុនីនេះដែរ ​ក៍ត្រូវបានលោក ​ង៉ោ ម៉េងជ្រួន​​ចាត់ទុកជា​ការញុះញង់​បង្កចលាចល​ដល់សង្គមជាតិនិង​បំបែកឆ្នាំងបាយកម្មករ ។

មកដល់ព្រឹកថ្ងៃទី២៩ ​ឧសភា ២០១៦នេះ ​មិនទាន់មានប្រតិកម្មតប​ពីលោកប្រធាន​សហជីព​សេរីកម្មករនៃ​​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយទេ ៕