គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​អ្នក​គាំទ្រ​ទាំង​២៥​រាជធានី-ខេត្ត​នឹង​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​៣០ ឧសភា ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ២៥​រាជធានី-ខេត្ត នឹង​ដង្ហែ​ញត្តិ​ប្រគល់​ជូន​តំណាងរាស្ត្រ​នៅ​វិមាន​រដ្ឋសភា និង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោល​បំណង​ឲ្យ​អ្នក​តំណាងរាស្ត្រ​យក​ញត្តិ​នេះ​ថ្វាយ​ជូន​ព្រះមហាក្សត្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា នេះ បញ្ជាក់​ថា ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាមទារ​ចំនួន ៤​ចំណុច គឺ​ទី​១ ឲ្យ​មាន​ការ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល។ ទី​២ ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ ដើម្បី​គំរាម​កំហែង និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។ ទី​៣ ឲ្យ​ឈប់​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ និង​ទី​៤ ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​តុលាការ​រំលោភ​បំពាន​លើ​អំណាច​នីតិប្បញ្ញត្តិ ជាពិសេស​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។