ប្រទេស​រុ​ស្ស៊ី​ចាប់​ផ្តើមកសាង​រថភ្លើង​នុយក្លេអ៊ែរ​ថ្មី​ដែល​អាច​ដឹក​មី​ស៊ី​ល​នុយក្លេអ៊ែរ​6

ការ​កសាង​រថភ្លើង​នុយក្លេអ៊ែរ​ថ្មី​ចាប់ផ្តើម​ហើយ​នៅ​ប្រទេស​រុ​ស្ស៊ី ដែល​រថភ្លើង​នេះ​អាច​ផ្ទុក​មី​ស៊ី​ល​នុយក្លេអ៊ែរ​អន្តរទ្វីប​៦ ។ ទោះបី​យ៉ាងណា ពួក​អ្នក​ជំនាញការ​បញ្ជាក់​ថា ពុំ​ទាន់​មាន​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រថភ្លើង​យុទ្ធសាស្ត្រ​ថ្មី​នេះ​នៅឡើយ ដោយ​គេ​យល់​ថា អាច​រង់ចាំ​រហូត​ដល់​មុន​ឆ្នាំ​២០២០ ។

កាលពី​ឆ្នាំ​២០១៤ ឧត្តមសេនីយ៍​ស័​រ​ហ្គេ​យ​កា​រ៉ា កា​អេ​វ ប្រមុខ​កងកម្លាំង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​រុ​ស្ស៊ី RVSN បាន​ទទួលស្គាល់​ពី​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កសាង​រថភ្លើង​នុយក្លេអ៊ែរ​ថ្មី​នេះ ។

ព័ត៌មាន​ទាក់ទិន​នឹង​ការ​កសាង​រថភ្លើង​នុយក្លេអ៊ែរ​ថ្មី​នេះ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់ ក៏​ប៉ុន្តែ​គេ​ដឹង​ជា​ពិសេស​តាម​រយៈ​សារព័ត៌មាន​ថា រថភ្លើង BARGOUZINE នោះ អាច​ផ្ទុក​មី​ស៊ី​ល​អន្តរទ្វីប​នុយក្លេអ៊ែរ​ដែល​ផលិត​ឡើង​ពី​មី​ស៊ី​ល LARS រហូត​ដល់​ទៅ​៦ ។ មី​ស៊ី​ល​សម្រាប់​រថភ្លើង​នុយក្លេអ៊ែរ BARGOUZINE ជា​មី​ស៊ី​ល​កែ​ច្នៃ​បន្ថែម​ពី​មី​ស៊ី​ល BOULAVA ។ ប្រព័ន្ធ​បាញ់​នីមួយ​ៗ នឹង​គ្រប់គ្រង​ដោយ​ទាហាន​មួយ​កងវរសេនាធំ ដូច្នេះ​កងពលធំ BARGOUZINE នឹង​រួម​មាន​កងវរសេនាធំ​ដល់​ទៅ​៥​កង ។ ទីបញ្ជាការដ្ឋាន​របស់ RVSN សង្ឃឹមថា រថភ្លើង​នុយក្លេអ៊ែរ​ថ្មី​ៗ​នឹង​ប្រើប្រាស់​យ៉ាងតិច​រហូត​ដល់​ឆ្នាំ​២០៤០ ។

យោង​តាម​ពួក​អ្នក​ជំនាញការ​យោធា​ថា រថភ្លើង​នុយក្លេអ៊ែរ​ថ្មី​នេះ​របស់​រុ​ស្ស៊ី​ប្រៀប​ដូច​ជា​នាវាមុជទឹក​យុទ្ធសាស្ត្រ​មួយ​គឺ​រាល់​ទូ​ទាំងអស់​របស់​រថភ្លើង​ត្រូវ​បិទ​ជិតស្លុង និង​រឹង​មាំ​បំផុត ដើម្បី​ការពារ​ដល់​ការ​ខូចខាត ទោះជា​ក្នុង​ករណី​នៃ​ការ​ផ្ទុះ​ក្បាល​គ្រាប់​មួយ​ក្លេ​អ៊ែ​រ​មួយ​នៅ​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ​ពី​រថភ្លើង​ក៏​ដោយ ។ បើ​និយាយ​ពី​ល្បឿន​រត់​វិញ​រថភ្លើង BARGOUZINE គេច​រត់​បាន​ចម្ងាយ​ដល់​ទៅ​១.០០០​គីឡូម៉ែត្រ រយៈពេល​មួយ​ខែ និង​មួយ​ថ្ងៃ ។

រួច​បើ​និយាយ​ពី​មី​ស៊ី​ល​ប្រភេទ LARS ដែល​បំពាក់​ឱ្យ​រថភ្លើង​នេះ​វិញ​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អាច​រៀបចំ​ស្រេច​សម្រាប់​បាញ់​បង្ហោះ ។ វា​អាច​បាញ់​បាន​ចម្ងាយ​ដល់​១០.០០០​គីឡូម៉ែត្រ និង​អាច​បាញ់​បាន​ត្រង់​ចំ​គោលដៅ​បើ​អាច​ខុស​ត្រឹម​១០០​ម៉ែត្រ​ប៉ុណ្ណោះ​។ រាល់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បាញ់​ចេញ​អាច​ឆ្លងកាត់​រាល់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​បច្ចុប្បន្ន​៕