រន្ទះបាញ់​រថភ្លើង​មួយ​នៅ​អា​ល្លឺ​ម៉​ង់​របួសធ្ងន់​3​នាក់

​អ្នកនាំពាក្យ​ប៉ូលិស​មូលដ្ឋាន​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ប្រាប់ AFP ថា រន្ទះ​បាន​បាញ់​លើ​រថភ្លើង​ដឹក​កីឡាករ​បាល់ទាត់​ក្រុម​កុមារ​នៅ​ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់ ក្រោយ​ការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​កុមារ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ជិះ​ក្នុង​រថភ្លើង​នេះ​ដែរ ។

ទីភ្នាក់ងារ​ព័ត៌មាន​អា​ល្លឺ​ម៉​ង់ DPA អះអាង​ថា គ្រោះថ្នាក់​នេះ​កើត​មាននៅ HOPPTADTEN រដ្ឋ​សហព័ន្ធ RHENANIE-PALATINAT ។ រន្ទះ​បាន​បាញ់​ត្រូវ​ចំ​អាជ្ញាកណ្តាល​នៃ​ការ​ប្រកួត​អាយុ​៤៥​ឆ្នាំ ដែល​ត្រូវ​ដឹក​ជា​បន្ទាន់​តាម​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​មន្ទីរពេទ្យ ។ អ្នក​របួសធ្ងន់​២​នាក់​ទៀត​ជា​អ្នក​អមដំណើរ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែរ ។

យោង​តាម​អ្នកនាំពាក្យ​ប៉ូលិស​ថា កុមារ​២៩​នាក់ មាន​អាយុ​ចាប់ពី​៩​ទៅ​១១​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ត្រួតពិនិត្យ​សុខភាព ទោះបី​ពួក​គេ​ពុំ​មាន​របួស​ក្តី ។ DPA គូស​បញ្ជាក់​នា​ពេល​មុន​នេះ​ថា មនុស្ស​ដល់​៣២​នាក់ ក្នុង​នោះ​មាន​កុមារ​៣០​នាក់ និង​មនុស្ស​ពេញវ័យ​២​នាក់​រង​របួសស្រាល​ដោយសារ​រន្ទះបាញ់​រថភ្លើង​នេះ ។ សាក្សី​ទាំងឡាយ​រៀបរាប់​ថា ពេល​រន្ទះបាញ់​ពុំ​មាន​ភ្លៀង​ធ្លាក់ ឬ​ក៏​មេឃងងឹត​រក​ភ្លៀង​ឡើ​យ ។

កាលពី​ថ្ងៃ​ទី​២៧ ឧសភា ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់​រង​ការ​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​មួយ​មានឈ្មោះ​ថា ELVIRA បណ្តាល​ឱ្យ​ដង​វិ​ថី​ទាំងឡាយ​នៃ​ទីក្រុង WIESBADEN ត្រូវ​ទឹក​ជន់​លិច ។ នៅ RHENANIE-PALATINAT រថភ្លើង​មួយ​ក៏​ធ្លាក់​ពី​ផ្លូវដែក​ដែរ តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ឯណោះ​វិញ មនុស្ស​១១​នាក់ ក្នុង​នោះ​មាន​កុមារ​៨​នាក់ ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​មួយ​ឯ​ឧទ្យាន MONCEAU រង​របួស​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ដោយសារ​រន្ទះបាញ់ ក្នុង​នោះ​ច្រើន​នាក់​របួសធ្ងន់ ។

នៅ​ប្រទេស​ប៉ូ​ឡូញ ព្យុះ​ភ្លៀង​អម​ដោយ​រន្ទះបាញ់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៣​នាក់ ក្នុង​តំបន់​ភ្នំ​នា​ភាគ​ខាងត្បូង​ប្រទេស ៕