កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​រក​ឃើញ​ម្តាយមីង លោក​គី​ម ជុង​អ៊ុ​ន រស់នៅ​ក្រុង​ញូ​វ​យ៉​ក

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​អះអាង​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ថា ម្តាយមីង​ម្នាក់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន កំពុង​រស់នៅ​ដោយ​លាក់​ឈ្មោះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ដែល​នៅ​ទីនោះ​លោកស្រី​គ្រប់គ្រង​សហគ្រាស​បោសសម្អាត​មួយ បន្ទាប់​ពី​រត់គេច​ខ្លួន​កាលពី​ឆ្នាំ​១៩៩៨​មក ។

លោកស្រី KO YONG SUK ដែល​រស់នៅ​ជាមួយ​ស្វាមី លោក RI GANG និង​កូន​៣​នាក់​ដែល​ក្លែង​ឈ្មោះ​គឺជា​ប្អូនស្រី​របស់​លោកស្រី KO YONG-HUI ជា​ភរិយា​ម្នាក់ ក្នុង​ចំណោម​ភរិយា​របស់​លោក​គី​ម ជុង​អីុ​ល ហើយ​ត្រូវជា​ម្តាយ​របស់​លោក​គី​ម ជុង​អ៊ុ​ន ។ ប្តី​ប្រពន្ធ​នេះ ដែល​ស្និទ្ធ​នឹង​រដ្ឋអំណាច​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង ធ្លាប់​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​ស្វ៊ី​ស​គ្រប់គ្រង​លើ​បណ្តា​សមាជិកគ្រួសារ ពេល​មក​បំពេញ​ការ​សិក្សា​ក្នុង​ប្រទេស​នេះ ។

យោង​តាម​លោកស្រី KO YONG-SUK ថា លោក​គី​ម ជុង​អ៊ុ​ន កើត​ក្នុង​ឆ្នាំ​១៩៨៤ ពុំ​មែន​ក្នុង​ឆ្នាំ​១៩៨២ ឬ​១៩៨៣ ដូច​គេ​និយាយ​ឡើយ បាន​ន័យ​ថា លោក​គី​ម ជុង​អ៊ុ​ន ពេល​ឡើង​ស្នង​តំណែង​ពី​ឪពុក​លោក​គី​ម ជុង​អីុល ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​មាន​អាយុ​ត្រឹមតែ​២៧​ឆ្នាំ​ប៉ុណ្ណោះ ។

លោកស្រី​រៀបរាប់​ទៀត​ថា កូនប្រុស​លោកស្រី​កើត​ឆ្នាំ​ជាមួយ​គ្នា​នឹង​លោក​គី​ម ជុង​អ៊ុ​ន ហើយ​កាល​នៅ​ពី​តូច អ្នក​ទាំង​២​រត់​លេង​ជាមួយ​គ្នា ។ លោក​គី​ម ជុង​អ៊ុ​ន និង​កូនប្រុស​គាត់​លេង​តែ​ជាមួយ​គ្នា​ចាប់តាំងពី​ក្រោយ ពួក​គេ​កើតមក រួច​គឺ​រូប​លោកស្រី​ជា​អ្នក​លួង​ពួក​គេ​ឱ្យ​ដេក ។

លោកស្រី KO YONG SUK រៀបរាប់​ប្រាប់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ទៀត​ថា តាំងពី​តូច​មក​លោក​គី​ម ជុង​អ៊ុ​ន ចូល​ចិត្ត​លេង​បាល់បោះ​បំផុត ទោះបីជា​ពេលដេក​ក៏​ឱប​បាល់បោះ​ដែរ ។

លោក​គី​ម ជុង​អ៊ុ​ន ល្បី​ជា​អ្នក​គាំ​ទ្រី​កីឡាករ​បាល់បោះ​អា​េ​ម​រិ​ក លោក MICHAEL JORDAN ដែល​លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​ទទួល​រូបគេ​ជា​ច្រើន​លើក​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ៕