រថយន្ត​សាំ​យ៉ុ​ង​បុក​ជនជាតិ​គ្រឹ​ង​ស្លាប់

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​បុក​ម៉ូតូ បណ្តាល​ឱ្យ​យុវជន​ជនជាតិ​គ្រឹ​ង​ម្នាក់​ខ្ទាត​ចេញពី​ផ្លូវជាតិ​ចម្ងាយ​៥០​ម៉ែត្រ បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​មក​ចុះ​ធ្វើការ​វាស់វែង ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ចង់​ពូ កា​ញួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាវ​ហ្វា ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ ជិះ​ម្នាក់ឯង​ពី​ត្បូង​ទៅ​ជើង ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង បើក​ស្រប​ទិស​គ្នា​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញ​ទំហឹង។ សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា រថយន្ត​បង្កហេតុ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-0149 ។

ទាក់ទិន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ត្រូវ​បាន​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ចាក់​សាំង​នៅ​ក្បែរ​កន្លែង​កើត​ហេតុ រួច​ក៏​បើក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ចៃដន្យ​រថយន្ត​បង្កហេតុ​ខាងលើ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​លាន់ឮ​ដូច​រន្ទះ​ពីក្រោយ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

នៅ​ពេល​នេះ សមត្ថកិច្ច​ប៉ូលិស​មិន​ទាន់​ចាប់​បាន​អ្នកបើកបរ​នោះ​ទេ គ្រាន់តែ​ដឹង​ថា រថយន្ត​បង្កហេតុ​ជា​រថយន្ត​ដឹក​ផ្លែ​ឈើ​ចេញពី​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដាក់​បោះ​ឱ្យ​ម៉ូយ​នៅ​ខេត្តរតនគិរី ។ នៅ​ពេល​នេះ រថយន្ត​ខាងលើ​ត្រូវ​បាន​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​ឃុំ​តា​អង ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​គ្រឹះ​នៅ​លំនៅ​ឋាន​របស់​ជន​រង​គ្រោះ ។