Real Madrid លើក​ពាន UCL លើក​ទី​11​ទាំង​បុក​ពោះ

ការ​ប្រកួត UEFA Champions League (UCL)​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល ២០១៥-២០១៦​រវាង​ក្លិប​Real Madrid និង Atletico ត្រូវ​បាន​បញ្ចប់​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដោយ Real Madrid យកឈ្នះ​លើ​គូប្រកួត​របស់​ខ្លួន​ទាំង​បុក​ពោះ​តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល​៥-៣ ដែល​Ronaldo​ជា​អ្នក​ទាត់​បាល់​សម្រេច​ចុង​ក្រោយ​បន្ទាប់​ពី​កីឡាករ​Juanfran​របស់ Atletico​ទាត់​បាល់​មិន​ចូល​ទី ។

គេ​សង្កេត​ឃើញ​ថា ក្តី​សង្ឃឹម​របស់ Real Madrid គ្រង​ជើងឯក UCL លើក​ទី​១១​របស់​ខ្លួន​បាន​ខិត​កាន់តែ​ជិត បន្ទាប់​ពី​ខ្សែការពារ Sergio Ramos​ស៊ុត​បញ្ចូល​ទី​ក្លិប​Atletico ក្នុង​តង់​ទី​១​នៅ​នាទី​ទី​១៥ ធ្វើ​ឱ្យ​អ្នកគាំទ្រ ស្រែក​អបអរសាទរ​បាល់​១​គ្រាប់​នេះ​ស្ទើរតែ​បែក​ពហុ​កីឡដ្ឋាន San Siro ។ ទោះបី​យ៉ាងណា​នៅ​តង់​ទី​២ ខ្សែបម្រើ Carrasco បាន​ជួយ​ឱ្យ​ក្លិប Atletico មាន​សង្ឃឹម​ឡើង​វិញ​នៅ​នាទី​ទី​៧៩​ដោយ​រក​គ្រាប់​បាល់​តាម​ស្មើ​១-១ ទើប​ការ​ប្រកួត​នេះ​ត្រូវ​បន្ថែម​ម៉ោង​រហូត​ដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​កាត់ក្តី​រក​ក្រុម​ណា​ឈ្នះ ដើម្បី​លើក​ពាន បន្ទាប់​ពី​ការ​ប្រកួត​រយៈពេល​១២០​នាទី​គិត​ទាំង​ម៉ោង​បន្ថែម​៣០​នាទី​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​ស្មើគ្នា​១-១ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១១​របស់​ក្លិប​ស្តេច​ស Real Madrid គ្រង​តំណែង​ម្ចាស់​ពាន ជើងឯក​UCL​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក ទើបនឹង​ចូល​ថ្មី​លោក Zinedine Zidane បន្ទាប់​ពី​ជ័យជម្នះ​រដូវ​កាល​២០១៣-២០១៤ ។ នេះ​ជា​លើក​ទី​២​ផង​ដែរ​របស់​ក្លិប Atletico ប៉ះ​ជាមួយ​ក្លិប​Real Madrid​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​UCL  ប៉ុន្តែ​ក្លិប​នេះ​មិន​បាន​ទទួលលទ្ធផល​ល្អ​ឡើយ ទោះបីជា​មាន​ខ្សែប្រយុទ្ធ​ដ៏​រឹង​មាំ Fernado Torres ក្តី ៕