លោក សៅ សុខា បញ្ជា​ឲ្យ​សាកសួរ​មន្ត្រី​ម្នាក់​ដែល​ទារ​ប្រាក់​ពី​អ្នក​ដឹក​ជន្លង់​ម្រេច​នៅ​ខេត្ត​ក្រចេះ

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​ថា អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បញ្ជា​ឲ្យ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ លោក សាន្ត ប៊ុនថាន ហៅ​មន្ត្រី​អាវុធហត្ថ​ដែល​ពាក់​ឯកសណ្ឋាន​កង​អាវុធហត្ថ​បើក​រថយន្ត​ទំនើប ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​តាម​ផ្លូវ មក​សួរនាំ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា ក្រុម​អធិការកិច្ច​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​នេះ។ លោក​ថា បន្ទាប់​ពី​អធិការកិច្ច​ស៊ើប​អង្កេត​រួច​រាល់ ក្រុមប្រឹក្សា​វិន័យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ចាត់​វិធានការ​តាម​កំហុស​ឆ្គង​របស់​មន្ត្រី​អាវុធហត្ថ​រូប​នោះ​ដែល​បាន​ប្រព្រឹត្ត។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ មន្ត្រី​អាវុធហត្ថ​រូប​នោះ​ត្រូវ​បាន​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ធ្វើ​ការ​សាកសួរ៖ «នៅ​ពេល​ដែល​អធិការកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ឯកសារ​មក គឺ​ក្រុមប្រឹក្សា​វិន័យ​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ចាត់​ចំណាត់​ការ​ទៅ​តាម​កំហុស​ឆ្គង​របស់​គាត់ចាំ​យើង​ស៊ើប​អង្កេត​ហើយ ចាំ​យើង​បង្ហាញ​អត្តសញ្ញាណ»

លោក អេង ហ៊ី បន្ត​ថា លោក​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​មន្ត្រី​អាវុធហត្ថ​ដែល​កោះ​ហៅ​នោះ​ទេ រង់ចាំ​ដំណើរ​ការ​ស៊ើបសួរ​ចប់​ជា​ស្ថាពរ​សិន។ ចំណាត់​ការ​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហោះ​ពី​សកម្មភាព​ទារ​ប្រាក់​ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​តាម​ផ្លូវ ត្រូវ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ពាក់​ឯកសណ្ឋាន​អាវុធហត្ថ បើក​រថយន្ត​ទំនើប​គំរាម​ទារ​ប្រាក់​ពី​ពួក​គាត់ ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ដឹក​ជន្លង់​ម្រេច។

នៅ​ក្នុង​ឃ្លីប​វីដេអូ​ខ្លី​មួយ ដែល​គេ​បាន​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​នោះ ឃើញ​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​អ្នក​ដឹក​ជន្លង់​ម្រេច​ត​ថ្លៃ​គ្នា​ពី​តម្លៃ ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​បាន​ទារ​លុយ​ពី​ប្រជាពលរដ្ឋ និង​មាន​ការ​ប្រកែក​គ្នា​អំពី​ការ​ចរចា​ពី​តម្លៃ​នេះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។