យី​ឌុ​ប​ដឹកឈើ​របស់​ក្រុមហ៊ុន​លី​សុគន្ធ​កំពុង​បំផ្លាញ​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ

ខេត្តសៀមរាប ៖ សកម្មភាព​រថយន្ត​យី​ឌុ​ប​ភ្លៅ​៥ ផ្ទុក​ឈើ​របស់​ក្រុមហ៊ុន​លី សុគន្ធ បាន​និង​កំពុង​បំផ្លាញ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប​យ៉ាងធ្ងន់ធ្ងរ ខណៈ​អ្នក​ឃើញ​ហេតុការណ៍​ថា មន្ត្រី​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​ឃុបឃិត​ឲ្យ​មានការ​ដឹក​លើស​ទម្ងន់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ​សុំ​លាក់​ឈ្មោះ បាន​អះអាង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ទេ ដោយ​មាន​អ្នក​រត់ការ​ឈ្មោះ​ហេង បាន​ចេញ​មុខ​បង់លុយ​ឱ្យ​បិទ​មាត់​ទាំងអស់​គ្នា​នៅ​តាម​ដងផ្លូវ​អស់ហើយ ជា​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។

បើ​តាម​សេចក្ដីរាយការណ៍​ជាក់លាក់​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ សកម្មភាព​រថយន្ត​យ៉ី​ឌុ​ប​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​លី សុគន្ធ បាន​ដឹក​ចេញពី​ទឹកដី​ខេត្តព្រះវិហារ យក​ទៅ​ចែកចាយ​នៅ​តាម​ដេប៉ូ ខេត្តសៀមរាប ដោយ​ឆ្លងកាត់​ស្នាក់​ការ​សមត្ថកិច្ច​ជំនាញ​ជា​ច្រើន​កន្លែង​ដោយ​រលូន​។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ចូល​មក​ចែកចាយ​តាម​ដេប៉ូ​នៃ​ខេត្តសៀមរាប បាន​កើត​មាន​ជា​យូរណាស់​មក​ហើយ ក្នុង​នោះ​ដែរ ឈ្មួញ​ឈើ​បាន​ប្រើប្រាស់​នូវ​រថយន្ត​ខ្នាត​ធំ​ៗ​ដោយ​ផ្ទុក​ឈើ​ជាង​៥០​ម៉ែត្រគូប ដែល​អាច​ប្រឈម​នឹង​ការ​បំផ្លាញ​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឱ្យ​ផ្លូវថ្នល់​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ជំនាញ​ណាមួយ​ចេញ​មុខ​ទប់ស្កាត់​សោះឡើយ​។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ​ដែរ លោក យឹ​ម ស៊ី​វ៉​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ បាគង និង​សៀមរាប​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៨ នេះ​ថា រថយន្ត​នោះ​គេ​ដឹកឈើ​មានច្បាប់​ត្រឹមត្រូវ គឺជា​របស់​ក្រុមហ៊ុន​លី សុគន្ធ ដឹក​ចេញពី​ខេត្តព្រះវិហារ​មក​លក់​នៅ​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​។ លោក​បន្ត​ថា ក្នុង​ច្បាប់​នោះ លោក​បាន​ពិនិត្យ​ទៅ​ឃើញ​ថា គេ​ឱ្យ​ដឹក​ត្រឹម​១៨​ម៉ែត្រគូប ដើម្បី​ឱ្យ​ស៊ី​ជាមួយនឹង​ជញ្ជីង​មន្ទីរ​សាធារណការ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក គឹ​ម ប៊ុ​ន​ណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ នេះ​។

យ៉ាងនេះ​ក្តី ក្រុម​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​បានឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ខាងលើ​ជា​ប្រភេទ​យី​ឌុ​ប​ភ្លៅ​៥ មាន​.​ត​ទ្រុង​វែង​ៗ​អាច​ផ្ទុក​ឈើ​មិន​ក្រោម​៦០​ម៉ែត្រគូប​នោះ​ទេ​។