ពេជ្រ សោភា ឡើងកូដខ្លាំងស្រឺតៗ ក្រោយងើបពីឈឺ!

ភ្នំពេញ៖ ក្រោយពីមានព័ត៌មានជាហូរហែរ អំពីស្ថានភាពជម្ងឺរបស់តារាចម្រៀងស្រី ពេជ្រ សោភា កន្លងមក បានធ្វើឲ្យមហាជន ព្រួយបារម្ភលើរូបនាង មិនតិចនាក់នោះទេ។ 

កាលពីប៉ុន្មានថ្ងៃមុននេះដែរ នាងបានបង្ហោះវីដេអូ ដែលចង់បង្ហាញពីសុខភាពរបស់នាង ព្រោះថាពេលនេះ នាងបានធូរស្បើយច្រើនហើយ។

ក្នុងមួយរយៈពេលចុងក្រោយ អ្នកនាង ពេជ្រ សោភា បានធ្លាក់ខ្លួនឈឺ ដោយសារជម្ងឺចាស់បានរើឡើង ហើយត្រូវទៅប្រទេសថៃភ្លាមៗ ដើម្បីព្យាបាល។ គេបានសង្កេតឃើញថា អ្នកគាំទ្រជាច្រើន និងមិត្តរួមសិល្បៈមួយចំនួន បានបង្ហាញពីការព្រួយបារម្ភពីសុខទុក្ខរបស់នាង ជាពន់ពេក។ ហើយជាពិសេស អត្រានៃការចុចLike នៅលើទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានកើនឡើងគួរឲ្យកត់សម្្គាល់ផងដែរ ព្រោះថាអ្នកលេងបណ្តាញសង្គម ចង់តាមដានស្ថានភាពសុខភាពរបស់នាង ថាយ៉ាងណាទៅហើយ។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះដែរ អ្នកនាង ពេជ្រ សោភា បានបង្ហោះវីដេអូ ជាមួយលោក ដេវីត ដើម្បីជូនជាដំណឹងថា ពួកគេនឹងមានវត្តមាន ក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រ នៅថ្ងៃទី២៩ ខែឧសភា ដែលរូបនាង និងលោក ដេវីត នឹងត្រូវឡើងច្រៀងបទ "រាំញីកែងជើង" នៅលើទីលានពហុកីឡដ្ឋានជាតិ។ ហើយអ្វីដែលមិននឹកស្មាននោះគឺ មិនដល់មួយថ្ងៃផង ចំនួនអ្នកចុចចូលវីដេអូរបស់តារាស្រីរូបនេះ ជិត១លានដងទៅហើយ ដែលវាជាចំនួនមួយ ដ៏ច្រើន លើសលប់ មិននឹកស្មានដល់។

ចំនុចនេះអាចបញ្ជាក់បានថា ប្រជាប្រិយភាពរបស់ អ្នកនាង ពេជ្រ សោភា បានល្បីល្បាញមួយកម្រិតទៀតក្នុងវិស័យសិល្បៈ ដែលមានគេស្រឡាញ់ និងចូលចិត្តច្រើន។ ប៉ុន្តែយ៉ាងណាមិញ អ្នកនាងមិនមោទនភាពលើខ្លួនឯងពេកនោះដែរ ទៅលើសន្ទុះការគាំទ្រពីមហាជន គឺអ្នកនាង នៅតែឈរលើជំហរបស់ខ្លួនដដែល ដោយព្យាយាមនិពន្ធបទចម្រៀងថ្មីៗ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ និងចំណាយពេល ធ្វើបុណ្យដាក់ទាន ដល់ចាស់ជរា និងកុមារកំព្រាផងដែរ ដូចអ្វីដែលរូបនាងធ្លាប់ធ្វើពីមុនមក៕ 

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានចេញវីដេអូមួយ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់នាង។

បន្ទាប់ពីមានព័ត៌មានដ៏រសើបទាក់ទងទៅនឹងសុខភាពរបស់តារាចម្រៀង និងជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោក «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ពេញបណ្ដាញសង្គម Facebook ហើយបានធ្វើឲ្យអ្នកគាំទ្រមានការបារម្ភ កាន់តែខ្លាំងចំពោះស្ថានភាពជំងឺរបស់នាងរួចមក នៅម៉ោងជាង២៣យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ពេជ្រ សោភា បានសម្រេចចិត្តចេញវីដេអូឃ្លីបមួយ ដើម្បីស្រាយចម្ងល់របស់មហាជន និងបានប្រាប់ថា កុំបារម្ភពីនាងខ្លាំងពេក ពោលសុខភាពរបស់នាង មិនឈានដល់ថ្នាក់ធ្ងន់ធ្ងរ ដូចការភ្ញាក់ផ្អើលនោះឡើយ។

ពេជ្រ សោភា និយាយថា «ខ្ញុំទទួលស្គាល់ថា នាងខ្ញុំពិតជាឈឺមែន តែមិនដល់ថ្នាក់ធ្ងន់ធ្ងរដូចដែល page ដទៃយករូបភាពខ្ញុំមក post ទាំងដែល page ផ្លូវការរបស់នាងខ្ញុំមិនបាន post ទាក់ទងទៅនឹងជំងឺនេះផង។ សូមអរគុណចំពោះការព្រួយបារម្ភ យកចិត្តទុកដាក់ និងពាក្យជូនពរពីបងប្អូនក៏ដូចជា Fan ទាំងអស់ ពេលនេះខ្ញុំធូរស្រាលហើយ..!»។

ក្នុងវីដេអូឃ្លីបរយៈពេលប្រមាណជាង៤នាទី ពេជ្រ សោភា បាននិយាយទទួលស្គាល់ថា នាងពិតជាឈឺមែន ប៉ុន្តែការឈឺនេះ ដោយសារតែនាងមិនបានទៅជួបគ្រូពេទ្យតាមការណាត់ជួប ព្រោះតែរវល់នឹងការងារខ្លាំងពេក។ ម្យ៉ាងទៀត រូបភាពដែលគេបង្ហាញតាមបណ្ដាញ សង្គម Facebook កន្លងមក គឺជារូបភាពថតក្នុងបទចម្រៀង និងជារូបភាពចាស់តាំងពីឆ្នាំ២០១៤ ហើយបើនិយាយពីស្ថានភាព របស់នាងនៅពេលនេះ គឺមិនដល់ថ្នាក់ដេកជាប់ នៅកន្ទេលនោះទេ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload