ផ្អើល​អស់ក្រុម​ជួង ព្រោះក្រុម Hacker ចូល​ប្លន់​គណនី​ហ្វេសប៊ុក

គណនីហ្វេសប៊ុកមួយចំនួន របស់អ្នកគាំទ្រគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ត្រូវបានក្រុម​វាយ​ប្រហារ​ តាម​បណ្ដាញ​អ៊ិនធើណែត ចូលមក​បំបែក​«លេខ​សំងាត់​» និងធ្វើការផ្លាស់ប្ដូរ​ទិន្និន័យ កាលពី​យប់​ម្សិលម៉ិញ។ នៅមិន​ទាន់​មាន​ការ​ប្រកាសទទួលស្គាល់ ថាការវាយ​លុក​នេះ ជាទង្វើរបស់​ក្រុមណាមួយ​នៅ​ឡើយ តែ​បើ​តាមរូបថត​ដែល​បង្ហោះ ចូលមក​ជំនួស​ទិន្នន័យ​ចាស់ នៅ​តាម​គណនី​ហ្វេសប៊ុក​ទាំង​នោះ បានធ្វើឲ្យគេ​សង្ស័យ​ការ​វាយ​ប្រហារ​នេះ ថាជាស្នាដៃរ​បស់​ក្រុម អនាមិកកម្ពុជា។
ផ្អើល​អស់ក្រុម​ជួង ព្រោះក្រុម Hacker ចូល​ប្លន់​គណនី​ហ្វេសប៊ុក

រូបថតមួយ ដែលក្រុមវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា បានបង្ហោះប្ដូររូបភាពដើម របស់ម្ចាស់គណនីហ្វេសប៊ុកស្និតនឹងគណបក្ស«ជួង»។

គណនីហ្វេសប៊ុកមួយចំនួន របស់អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាជាគណបក្ស​«ជួង») បានរងការវាយប្រហារ នៅយប់ថ្ងៃទី១៦ ខែឧសភា ចូលមកថ្ងៃទី១៧ ខែឧសភានេះ។ គណនី​ទាំង​នោះ មាន​ដូចជា «សុជាតិ សម្ព័ន្ធ» «Ah Neang LDP» «Sophat Ldp Grop» «Rosa Ldp» «អំណាច​ប្រមូល​ផ្តុំ រាស្ត្រ​អត់​អំណាច» «Savorn Chhoeurn» និងគណនី​«Sophat​ Ldp​ Grop»​ជាដើម។

គណនី​រងគ្រោះខាងលើ ត្រូវបានក្រុមវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ធ្វើការផ្លាស់ប្ដូរទិន្នន័យ ដូចជារូបថត​«Profil» និងរូប«Cover» ក៏ដូចជាសារសរសេរជាច្រើន ដែលត្រូវបានបង្ហោះ នៅលើ​ជញ្ជាំង​នៃ​គណនី​ទាំង​នោះ ក្នុង​​ន័យ​​បន្តុះបង្អាប់​​ម្ចាស់​​គណនី និង​គណបក្ស«ជួង»។ មិនគ្រាន់តែប៉ុណ្ណឹង​ទេ តែក្រុម​វាយ​ប្រហារ​​តាម​​អ៊ិនធើណែត​​នេះ បាន​​​​ទម្លាយ​​ចេញ​​នូវ​​ការ​ជជែក​គ្នា ជាលក្ខណៈឯកជន របស់ក្រុមអ្នកគាំទ្រគណបក្ស«ជួង» ដែល​​ដឹកនាំ​​ដោយ​​​លោក ខឹម វាសនា នោះ​ផង​ទៀត។

នៅលើគណនី «Sophat Ldp Grop» មានសរសេរឃ្លាមួយថា៖ «នេះគ្រាន់តែជាការព្រមាន ទៅ LDP កុំ​ព្រហើន និងធ្វើឲ្យប៉ះពាល់ដល់ CPP។ បើនៅតែហ៊ានទៀត Page របស់មេបក្សអស់លោក ក៏នឹង​ត្រូវ​បំផ្លាញ​ដែរ»។

ចំពោះគណនី «សុជាតិ សម្ព័ន្ធ»វិញ មានឃើញសរសេរ បែបព្រមានដូច្នេះ​ថា៖ «យើង​ត្រៀម បញ្ចេញ​ពត៌មានសំងាត់ LDP បើសិនក្រុម LDP មិនកែខ្លួនក្នុងអំពើជេរប្រមាថ និង​សាងភាពថោកទាប ទម្លាក់លើ​ក្រុម​ដទៃ»។ បន្ទាប់មក នៅលើគណនីនេះដដែល ដែលរងការវាយប្រហាររួចហើយនោះ បានបញ្ចេញសារ​មួយ ដែលក្រុម​«ជួង»​បាន​ជជែកគ្នាជាឯកជន នៅលើហ្វេសប៊ុក (រូបភាពខាងក្រោម)​ អមដោយឃ្លាមួយថា៖ «នេះ​ជា​អ្វី​ដែល​បញ្ជាក់​ថា LDP ចង់ធ្វើអ្វី គិតអ្វី»។

ផ្អើល​អស់ក្រុម​ជួង ព្រោះក្រុម Hacker ចូល​ប្លន់​គណនី​ហ្វេសប៊ុក

រីឯនៅលើគណនី «Ah Neang LDP» វិញ ដែលបានរងគ្រោះដូចគ្នានោះ គេឃើញមានឃ្លាសរសេរនៅ​លើ​«ជញ្ជាំង»​ដែរថា៖ «ប្អូនស្រីសំណព្វចិត្ត! ក្រុមបងសុំមិនយក "Account" ប្អូនស្រីទេ តែគ្រាន់តែចង់​ប្រាប់​ថា សម្រស់​ប្អូន​ធ្វើ​ឲ្យក្រុម "Hacker" យើងលង់ស្នេហ៍ ហើយសម្រេចចិត្តមិនស៊ើបអង្កេត (ជា)ទ្រង់ទ្រាយ​ធំ​(ឡើយ)។  បងៗ​ប្ដូររូបភាព គ្រាន់តែចង់ប្រាប់ប្អូនថា សូមនៅឲ្យឆ្ងាយពីការជេរប្រមាថ និងការមើល​ងាយ (...)។»

គេនៅមិនទាន់ដឹងថា តើក្រុមណាមួយ ជាអ្នកទទួលខុសត្រូវ និងនៅពីក្រោយការវាយប្រហារ ទៅ​លើ​គណនី​ហ្វេសប៊ុក​​​ទាំង​នេះ​ទេ។ រហូតមកដល់ម៉ោងនេះ គណនីទាំងនោះ នៅមានដំណើរការ ដោយស្ថិត​ក្រោម​​ការ​វាយ​ប្រហារ​​នៅ​ឡើយ និង​មាន​តែ​​គណនី «Ah Neang LDP» មួយប៉ុណ្ណោះ ដែលបានបាត់រូបបើកលែងចេញ។ ដោយ​ឡែក គណនី​«អំណាចប្រមូលផ្តុំ រាស្រអត់អំណាច» ត្រូវបានអ្នកវាយ​ប្រហារសន្យាថា នឹង​ប្រគល់​គណនី​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ បន្ទាប់ពី​ខ្លួន​បាន​ស្ដាប់​នូវសារជាសម្លេងជាច្រើន ដែលទំនងជាម្ចាស់​គណនី ទុកនៅ​ក្នុង​ប្រអប់​សំបុត្រ​ឯកជន។

បើមើលតាមរូបភាព ដែលក្រុមវាយប្រហារខាង​ព័ត៌មានវិទ្យា​ខាង​លើ បានបង្ហោះប្ដូររូបភាព​ដើម​​​របស់​ម្ចាស់​គណនីនោះ ធ្វើឲ្យគេសង្ស័យថា នេះអាចជាស្នាដៃ​របស់​ក្រុម អនាមិក (Anonymous) ដោយ​បានដាក់​ឈ្មោះ​ខ្លួន​ នៅ​ក្នុង​យុទ្ធនាការ​នេះ​ថា ថាជាក្រុម​អនាមិក របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលតាមកំចាត់ LDP និង CNRP។

សម្រាប់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវិញ​ បានគិតថា នេះជាស្នាដៃរបស់​ជន​«ថោកទាប» មកពីគណបក្សសង្គ្រោះជាតិ។ លោកបានសរសរ​បញ្ជោះ​​ ឲ្យ​អ្នក​នៅពី​ក្រោយ​​ការ​វាយ​ប្រហារនេះ​ថា៖​ «សូមអ្នក​បញ្ចេញ​មក​ចុះ នូវពត៌មានសំងាត់ ដែលអ្នកមានអំពី LDP។ បើអ្នក​និយាយ​ហើយ មិន​ហ៊ាន​ធ្វើ សម​នឹង​គេ​ហៅ "អាថោក"​ហ្នឹងហើយ។ (...) អាថោកឯង នឹងមានអីជាសំងាត់ ដែលជាភាព​អាក្រក់​ត្រូវ​បញ្ចេញ ​ដូចក្រុម CNRP របស់អាថោក​ឯង​ទៅ?»៕