«ស្រះទឹក​ដែល​យួន​ជីក​ចូល​ក្នុង​ដី​ខ្មែរ នៅ​តែ​ដដែល!»

តើកំណត់ទូតទាំងពីរលើក របស់ក្រសួងការបរទេសកម្ពុជា ផ្ញើរទៅប្រទេសវៀតណាម ទទួលបានការឆ្លើយតបបែបណាហើយ ពីប្រទេសវៀតណាម ជុំវិញករណីស្រះទឹក ដែលវៀតណាមបានជីកចូល មកក្នុងដីកម្ពុជា ក្នុងខេត្តរតនគិរីនោះ? បើតាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ កិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ករណីជីកស្រះចូលដីកម្ពុជានេះ នៅតែដដែលនៅឡើយ។
«ស្រះទឹក​ដែល​យួន​ជីក​ចូល​ក្នុង​ដី​ខ្មែរ នៅ​តែ​ដដែល!»

ពលរដ្ឋកម្ពុជា នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។ (រូបថតសហគមន៍)

ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន បានផ្ញើរកំណត់ទូត«តវ៉ា» ដល់ទៅពីរដង ទាក់ទងនឹងករណីស្រះទឹក ដែលវៀតណាមបានជីកចូលមកក្នុងដីកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥កន្លងមកនោះ។ ស្រះ​ទឹក​ទាំងនោះ មានទីតាំងស្ថិត​​នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ​ស្ថិត​ក្នុង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ​។

ប៉ុន្តែជាលទ្ធផល គឺស្រះទឹកទាំងនេះ នៅតែមានវត្តមាននៅឡើយ ហើយការរំលោភចូលដីកម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅត្រង់ចំណុចនោះ ក៏នៅតែជាបញ្ហាដដែលដែរ។ នេះបើតាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ កិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបនឹងបញ្ចប់ការងារពិនិត្យ និងវាស់វែងបង្គោលព្រំដែន រវាងប្រទេសទាំងពីរ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក។

លោក សុខ ទូច បានអះអាងពីភាពប្រក្រតី នៃការបោះបង្គោលព្រំដែន នៅក្នុងខេត្តរតនគិរី ថាមិនជួបនឹងបញ្ហាអ្វីឡើយ។ តែផ្ទុយទៅវិញ លោកបានលើកមកនិយាយថា មានបញ្ហានៅត្រង់ការជីកស្រះទឹក របស់វៀតណាម ដែលបានធ្វើឡើង នៅក្នុងទឹកដីកម្ពុជា។ ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនរូបនេះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ស្រះទឹកនោះ ស្ថិតនៅចន្លោះបង្គោល៣០ និងបង្គោល៤០ ហើយត្រូវបានវៀតណាមជីក ដោយមិនគោរពតាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលទាំងពីរ ដែលថា «មុន​នឹង​ធ្វើ​អី​ ត្រូវ​តែ​ពិគ្រោះ​ផ្ដល់​ដំណឹង ​ទៅ​ដល់​ប្រទេស​នៅ​ជិត​ខាង គឺ​ប្រទេស​កម្ពុជា និង​វៀតណាម»។

លោក សុខ ទូច បានពន្យល់ថា ស្រះ​ទឹក​នេះ ត្រូវបាន​វៀតណាម​ជីក ​នៅ​ក្នុងទឹក​ដី​របស់​កម្ពុជា ជម្រៅ៩០​ម៉ែត្រ ​ពី​ព្រំដែន នៅ​ចន្លោះ​បង្គោល​លេខ​៣០ ទៅ ៤០ ដែល​ជា​តំបន់ ​ពុំ​ទាន់​បាន​បោះ​បង្គោល​រវាង​ប្រទេស​ទាំង​ពីរ។ ចន្លោះ​ពី​បង្គោល​លេខ​៣០ ទៅ​បង្គោល​៤០ នោះ មាន​ចម្ងាយ​ជិត ១០​គីឡូម៉ែត្រ (៩,៧០​គីឡូម៉ែត្រ)។ លោកបានបញ្ជាក់ទៀតថា៖ «​តំបន់​នោះ​ ខ្ញុំ​មិន​បន្ត​ទៀត​ទេ ព្រោះ​មាន​បញ្ហា​ ដែល​ត្រូវ​ដោះស្រាយ​ទៀត។ ចំនួន​ស្រះ​ឥឡូវ​នៅ​សល់​៨។ អា​មួយ​ទៀត​លុប​បាត់​ហើយ។ តំបន់​ហ្នឹង​ជា​តំបន់​ទឹក។»

នៅក្នុងកំណត់ទូតមួយ ពីក្នុងចំណោមកំណត់ទូតទាំងពីរ ដែលគេដឹងច្បាស់ និងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២៩១៥ តវ៉ាទៅប្រទេសវៀតណាម លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា បានសរសេរថា តំបន់នេះ ពុំទាន់បានកំណត់​ខណ្ឌ​សីមា នៅឡើយ។ កំណត់ទូត បានបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋ​សង្គម​និយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត ១/១០០.០០០ និងចំណុចទី៨ នៃសេចក្តី​ប្រកាស​ព័ត៌មានរួម ដែលចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​សង្គម​និយម​វៀតណាម។»

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ «កំណត់​ទូត»​ទាំង៨ រឿង​ព្រំដែន​«ខ្មែរ-យួន» មាន​ពិត​ឬ​ទេ?

រីឯចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម រវាងរដ្ឋាភិបាល​នៃប្រទេសទាំងពីរ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ បានលើកឡើងថា ភាគីទាំងពីរ​ឯកភាព រក្សាស្ថានភាពបច្ចុប្បន្នដដែល មិនឲ្យមានការផ្លាស់ប្ដូរ ឬដកទីតាំងកំណត់សម្គាល់ព្រំដែន និងអប់រំ​ទប់​ស្កាត់ ពលរដ្ឋទាំងសងខាង មិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងដែន និងសហការរក្សាសណ្ដាប់ធ្នាប់ និង​សន្តិសុខព្រំដែន រហូតដល់មានដំណោះស្រាយ បញ្ហាព្រំដែននេះ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាម​ទាក់ទងក្រសួងការបរទេសកម្ពុជា ដើម្បីសុំការបំភ្លឺជុំវិញករណីនេះ តែមិនមានអ្នកទទួលទូរស័ព្ទ។

បន្ទាប់ពីការផ្ញើរកំណត់ទូត ទៅកាន់ប្រទេសវៀតណាមនោះ ការប្រជុំរវាងអាជ្ញាធរខេត្ត ដែលជាប់នឹងព្រំដែន ខេត្តរតនគិរី (កម្ពុជា) និងខេត្តយ៉ាឡាយ (វៀតណាម) ត្រូវបានធ្វើជាច្រើនដង តែមិនមានលទ្ធផលអ្វីឡើយ។ លោក ញ៉ែម សំអឿន អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី ធ្លាប់បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីការអះអាង របស់អាជ្ញាធរវៀតណាម ថាតំបន់នោះជាទឹកដីរបស់គេ។ មិនត្រឹមតែប៉ុណ្ណឹង ភាគី​វៀតណាម ​បាន​ចោទពលរដ្ឋកម្ពុជា ថា​បាន​ចូល​ធ្វើ​ស្រែ​ចម្ការ ​នៅក្នុង​តំបន់​ហាម​ឃាត់​នោះថែមទៀត។ លោក ញ៉ែម សំអឿន បានឲ្យដឹងបន្តថា៖ «មាន​តែ​ថ្នាក់​ជាតិ​ទៅ​ដោះស្រាយ​ទេ មិន​អាច​ដោះស្រាយ​ត្រឹម​ថ្នាក់​ខេត្ត និង​ខេត្ត​បាន​ទេ។ អ្វីៗ​ យើង​ចង់​រក្សា​នៅ​ដដែល​សិន យើង​ចង់​ឲ្យ​លុប​រក្សា​ភាព​ដើម វា​នៅ​តែ​ពិបាក។»៕