អង្គការ​សិទ្ធិ​មនុស្ស ថា​កម្ពុជា​មាន​អ្នក​ទោស​នយោបាយ​២៩នាក់ ក្នុង​១២ខែ​ចុង​ក្រោយ

ការចាប់ចងទៅលើអ្នកទោសនយោបាយ បានកើនឡើងជាបន្តបន្ទាប់ រហូតដល់ទៅ២៩នាក់ តែក្នុង​រយៈ​ពេល​១ឆ្នាំ ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ នេះបើគេបានឃើញការអះអាង របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែលទើបនឹងបង្ហោះ​ជា​ផ្លូវការ នូវ​ទំព័រ​មួយ​របស់​ខ្លួន ដែលឧទ្ទិសតែពីអ្នកទោសនយោបាយ។ សម្រាប់មន្ត្រីរដ្ឋាភិបាល ការ​បង្ហោះ​នេះ​មាន​គំនិត​«អាក្រក់»។
អង្គការ​សិទ្ធិ​មនុស្ស ថា​កម្ពុជា​មាន​អ្នក​ទោស​នយោបាយ​២៩នាក់ ក្នុង​១២ខែ​ចុង​ក្រោយ

ជនជាប់ចោទ និងជាប់ទោស ដែលអង្គការការពារសិទ្ធិមនុស្សចាត់ ចូលក្នុងបញ្ជីជាអ្នកទោសនយោបាយ។ (រូបផ្តិតពីអេក្រង់)

នៅក្នុងរយៈពេល១២ខែចុងក្រោយនេះ កម្ពុជាមានអ្នកទោសនយោបាយ២៩នាក់។ តួលេខបាន​កើន​ឡើង យ៉ាង​ឆាប់​រហ័ស និងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ដោយអាជ្ញាធររដ្ឋាភិបាល បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស ១១នាក់ និងឡើងមកដល់២១នាក់ នៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ តួលេខបានបន្ត​ឡើង​ឥត​ឈប់ រហូត​មក​ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នេះ ដែលតួលេខចុងក្រោយ នៃមនុស្សឃាត់ខ្លួន បាន​ឡើង​ដល់​២៩នាក់។ នេះបើតាមទំព័រថ្មីមួយ ដែលអង្គការការពារសិទ្ធិមនុស្ស ទើបនឹងបង្កើត និងបង្ហោះក្នុង​ថ្ងៃ​ទី១៧ ខែ​ឧសភា​នេះ។

ទំព័រមានទម្រង់ «Background» ជាពណ៌ខ្មៅសឹងតែទាំងស្រុងនោះ បានសរសេរបញ្ជាក់ថា ចំណាត់ថ្នាក់​ដែល​ដាក់​មនុស្ស​ទាំងនេះ ទៅក្នុងបញ្ជីអ្នកទោសនយោបាយ ដោយយោងតាម ការស៊ើបអង្កេតផ្ទាល់ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ខ្លួនឯង។ ទំព័រនោះ បានសរសរថា៖ «ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ការ​បំភិត​បំភ័យ​​របស់​​រាជរដ្ឋាភិបាល ​មកលើ​អ្នករិះគន់ គឺមាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​ចំនួន​​អ្នក​ទោស​​នយោបាយ​ ដែល​បាន​​ជាប់​​ពន្ធនាគារ​ នៅក្នុង​ប្រទេស​កម្ពុជា កាន់​តែ​មានការ​កើនឡើង​យ៉ាងខ្លាំង នៅ​ពេល​​ដែល​អាជ្ញាធរ ​កាន់​តែ​​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បីបំបិទ​សំលេង​មតិរិះគន់»។

គេអាចចូលទៅមើលភាពលំអិត នៃករណីនីមួយៗ របស់មនុស្សទាំង២៩នាក់ ដែលអង្គការនេះ ចាត់​ជា​អ្នក​ទោស​នយោបាយ​។ ក្នុងចំណោម​អ្នកទាំង​អស់​នោះ មនុស្ស​មួយចំនួន​ គឺជាអ្នកធ្វើ​​យុទ្ធនាការ​​ផ្នែក​​បរិស្ថាន ព្រះ​សង្ឃ ​សិស្ស​​និស្សិត សកម្មជន​ សមាជិករដ្ឋសភា និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ជំទាស់ និង​​អ្នក​ធ្វើការងារ​​ផ្នែក​​សិទិ្ធ​​មនុស្ស។ ទំព័របានបន្តបញ្ជាក់ទៀតថា៖ «អ្នកទាំងអស់​នោះ ត្រូវបាន​គេឃុំ​ ដោយផ្អែក​លើបទ​ល្មើស​​ព្រហ្មទណ្ឌ​ ជា​ច្រើន​​ខុសៗ​គ្នា ប៉ុន្តែជារួម ការជាប់ឃុំ​របស់អ្នក​ទាំងនោះ បង្ហាញ​ពីការរឹត​បន្តឹង​ លើ​ផ្នែក​​នយោបាយ​​កាន់​តែ​ខ្លាំង​​ឡើងៗ ​ក្នុង​ប្រទេស​​កម្ពុជា»។

តែសម្រាប់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ការបង្ហោះ​ទំព័រ​របស់​អង្គការ​​លីកាដូ ដែល​ចាត់​មនុស្សទាំងនេះ ចូលទៅក្នុងបញ្ជីអ្នកទោសនយោបាយ ជាផែនការ​អាក្រក់​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួល​យក​បាន និងជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានគ្រឹះ។ ស្រង់​សំដី​ដោយ​សារព័ត៌មាន​ដើម​អំពិល មន្ត្រី​រដ្ឋាភិបាល​រូបនេះ បានឲ្យដឹងថា៖ «យើងឃើញអ្នក ដែលពាក់មួក​ជា​អ្នកនយោបាយ​នោះ ទទួល​បាន​វិធានការ​តាម​ផ្លូវច្បាប់ អាស្រ័យគេរំលោភលើច្បាប់នេះឯង»។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់ថ្លែង​ជារឿយៗដែរថា នៅកម្ពុជា គ្មានអ្នកជាប់គុក​នយោបាយ​​ទេ តែ​មាន​​«​អ្នក​​នយោបាយ​​ជាប់​​គុក»៕

» ខាងក្រោមនេះ ជាការបង្ហាញជូន នូវទំព័រ«អ្នកទោសនយោបាយ» របស់អង្គការលីកាដូ៖