របាយការណ៍​នគរបាល​ថា «CELICA»​ខុស ខណៈ​អាជ្ញាធរ​កំពុង​រក​ម្ចាស់​«RANGE ROVER»

នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលគេជឿថា បានកើតឡើងទៅលើតារាចម្រៀង ឈ្មោះ «ខេម» របស់​ផលិតកម្ម​ថោន និង​បង្ក​ឲ្យ​ភាគី​ម្ខាង​ទៀតស្លាប់បាត់បង់ជីវិតនោះ នគរបាលបានយោងសាក្សី នៅនឹងកន្លែងកើតហេតុ ដោយ​សរសេរ​នៅ​ក្នុង​របាយការណ៍​ថា រថយន្ដ​«CELICA»​បាន​បើក​ក្នុង​ល្បឿន​លឿន និងមិនគោរពចំណែក​ផ្លូវរបស់ខ្លួន។
របាយការណ៍​នគរបាល​ថា «CELICA»​ខុស ខណៈ​អាជ្ញាធរ​កំពុង​រក​ម្ចាស់​«RANGE ROVER»

រថយន្ដ«RANGE ROVER» ដែលកំពិតមុខ បន្ទាប់បានជល់ជាមួយ​រថយន្ដ​«CELICA» ពេញមួយទំហឹង និងលោក ខេម តារាចម្រៀង។ (រូបថតហ្វេសប៊ុក)

រថយន្ដ«RANGE ROVER» និងរថយន្ដ«CELICA» ដែលសុទ្ធតែទំនើប បានជល់គ្នាមួយទំហឹង រហូត​រួញ​មុខ​ទាំង​សង​ខាង កាលពីវេលាម៉ោងប្រមាណជា ០០ និង៤០នាទី យប់រំលងអាធ្រាតថ្ងៃទី១៧ ចូលមកថ្ងៃ១៨ ខែ​ឧសភា​នេះ។ ហេតុការណ៍​ដ៏​រន្ធត់ បានបណ្ដាលឲ្យអ្នកបើកបររថយន្ដ«CELICA» ស្លាប់កៀបខ្លួន នៅ​ក្នុង​រថយន្ដ ខណៈ​អ្នក​បើកបរ​រថយន្ដ​«RANGE ROVER» ដែលត្រូវបានសាក្សី នៅនឹងកន្លែង ស្គាល់​ថា​ជា​លោក​ «ខេម» តារា​ចម្រៀង​ល្បី​របស់​ផលិតកម្ម​ថោន​នោះ បានចុះពីលើរថយន្ដ ជាមួយនឹងមិត្តស្រីខ្លួន​ម្នាក់ ហើយ​ឡើង​ជិះ​ម៉ូតូ​ឌុប ​ចេញ​ទៅ​បាត់។

បើតាមរបាយការណ៍នគរបាល ដែលស្រង់បានពីប្រជាពលរដ្ឋ នៅក្បែរនោះ បានឲ្យ​ដឹង​ពី​មូលហេតុ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ថា​បណ្ដាល​មក​ពី​រថយន្ដ​«CELICA» បើកបរលឿន និងមិនប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន។ ប្រជា​ពលរដ្ឋ​ទាំង​នោះ ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេឃើញ​រថយន្តតូច ដែលពាក់​​ស្លាក​​លេខ​ «ភ្នំពេញ 2M-5575»​ខាង​លើ បាន​បើកបរពីត្បូងទៅជើង ​ក្នុង​លក្ខណៈ​ស្រវឹង ​រ៉េ​ចុះ​​រ៉េ​ឡើង​​ពេញ​​ផ្លូវ និង​​បាន​​បើក​​ចូល​​ចំណែក​​ផ្លូវ​របស់​​គេ រហូតលុះត្រាទៅ​បុក​រថយន្ត «RANGE ROVER» ដែល​ពាក់​​ស្លាក​​លេខ «ភ្នំពេញ 2X-9987» នៅ​ត្រង់​ចំណុច​កើត​ហេតុ មុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ៥ ស្ថិត​ក្នុង​សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ។

​របាយការណ៍របស់នគរបាល បានឲ្យដឹងទៀតថា អ្នកបើកបរ​រថយន្ត«CELICA» ដែលស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ មាន​ឈ្មោះ លី កា​រិន អាយុ​៣១​ឆ្នាំ ជាមន្ត្រីធនាគារអម្រិត និងជាអ្នករស់នៅ​គីឡូ​ម៉ែត​​លេខ​៨ សង្កាត់​ច្រាំង​​ចំ​រះ​ ខណ្ឌ​​ឬ​ស្សី​កែវ។

របាយការណ៍​នគរបាល​ថា «CELICA»​ខុស ខណៈ​អាជ្ញាធរ​កំពុង​រក​ម្ចាស់​«RANGE ROVER»

ដោយឡែក ចំពោះរថយន្ដ«RANGE ROVER» ដែលពាក់​ស្លាក​លេខ «ភ្នំពេញ 2X-9987» ត្រូវបាន​មន្ត្រី​ក្រសួង​មហាផ្ទៃ​អះអាង​ថា ជាកម្មសិទ្ធិរបស់លោក ឌៀប វណ្ណារ័ត្ន ផ្ទះលេខ៦៦អាអឺO ផ្លូវលេខ២០០ សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មាន «Fresh News»។ បើ​តាម​ប្រភព​ក្រសួង​មហាផ្ទៃ​ដដែល​នោះ បានអះអាងថា បច្ចុប្បន្នអាជ្ញាធរ​កំពុង​ស្រាវជ្រាវ រក​មើល​ថា តើ​អ្នក​បើកបរ​រថយន្ដ​«RANGE ROVER»​ខាង​លើ ជានរណាឲ្យប្រាកដ ដោយសារតែរថយន្ដនេះ អាចត្រូវ​បាន​លក់​បន្ត ឬ​ខ្ចីគ្នា​ជិះ។ តើ​អាច​ជា​លោក ឌៀប វណ្ណារ័ត្ន ដែលជាម្ចាស់រថយន្ដ ឬជាលោក «ខេម» តារា​ចម្រៀង ដែល​ជា​ការ​លើក​ឡើង ​របស់​សាក្សី​នៅ​ផ្ទាល់​កន្លែង?

រីឯលោក មាស សុខរតនៈ អ្នកទទួលខុសត្រូវមួយរូប របស់ផលិតកម្មថោនវិញ គ្រាន់តែបាន​សម្ដែង​ក្ដី​បារម្ភ នៅ​ចំពោះ​ដំណឹង​នេះ​ប៉ុណ្ណោះ ដោយសារអ្នកទទួលខុសត្រូវរូបនោះ មិនដឹងថា តើ​តារា​ល្បី​របស់​ផលិតកម្ម​ខ្លួន​ ​ពិត​ជា​នៅ​ក្នុង​ហេតុការណ៍​នេះ​មែន ឬយ៉ាងណា។ លោក សុខរតនៈ បានថ្លែងប្រាប់វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​ថា លោក​បាន​ព្យាយម​ហៅ​ទូរស័ព្ទ ទៅលោក ខេម តែមិនមាន​ការ​ឆ្លើយ​តប៕