ធនាគារ​ពិភពលោក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ជា​ថ្មី ចំនួន​១៣០លាន​ដុល្លារ

ធនាគារពិភពលោក (The World Bank) បានយល់ព្រមបន្តឲ្យកម្ពុជាខ្ចីប្រាក់ជាថ្មីទៀត នូវទឹកប្រាក់ ១៣០លាន​ដុល្លារ បន្ទាប់​ពី​បាន​ផ្អាក​រាល់​កម្ចីទាំងឡាយ ដែលមានរយៈពេល៥ឆ្នាំ ដោយសារស្ថាប័នពិភពលោក​មួយ​នេះ ​បាន​រក​ឃើញ​នៅ​ពេល​នោះ​ថា អាជ្ញាធរកម្ពុជា​​បាន​បណ្ដេញ​ពលរដ្ឋ​ជាច្រើនពាន់គ្រួសារ ចេញពីទីលំនៅ ដីធ្លីរបស់ពួកគេ។
ធនាគារ​ពិភពលោក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ជា​ថ្មី ចំនួន​១៣០លាន​ដុល្លារ

អ្នកស្រី សុង ស្រីលាភ ស្រែកតវ៉ានៅមុខការិយាល័យ ធនាគារពិភពលោក ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១២។ (រូបថត Horma Havana)

ទឹកប្រាក់ចំនួន ១៣០លានដុល្លារ សម្រាប់គម្រោងចំនួនបួន ត្រូវបានធនាគារពិភពលោក  (The World Bank) យល់​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ជា​ថ្មី កាលពីយប់ថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីស្ថាប័នពិភពលោកមួយនេះ បានបង្កក​រាល​កម្ចី​ទាំង​ឡាយ សម្រាប់​ប្រទេស​កម្ពុជា រាប់​តាំង​ពី​ឆ្នាំ​២០១១មក ដោយហេតុការបណ្ដេញពលរដ្ឋច្រើន​ពាន់​គ្រួសារ​ ឲ្យ​ចេញ​​ពី​ទីលំនៅ​​​ដីធ្លី​របស់​ពួកគេ ពីសំណាក់អាជ្ញាធរកម្ពុជា។

នៅឆ្នាំ២០១១ ស្ថាប័នពិភពលោកមួយនេះ បានបែរខ្នងដាក់រដ្ឋាភិបាលលោក ហ៊ុន សែន និង​បាន​បង្កក​រាល់​កម្ចី​ទាំង​អស់ ដើម្បីជំទាស់ទៅនឹងវិធានការទាំងឡាយ​របស់រដ្ឋាភិបាល ដែលបានបណ្ដេញ​ពលរដ្ឋ​ប្រមាណ​ជា ​៣០០០​គ្រួសារ ចេញ​ពី​តំបន់​បឹងកក់ កណ្ដាលរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានមួយ ពីធនាគារពិភពលោក ដែលមានមូលដ្ឋានកណ្ដាល នៅរដ្ឋធានី​វ៉ាស៊ីនតោន បាន​សរសេរ​ថា ទឹក​ប្រាក់ទាំង១៣០លានដុល្លារនោះ មាននៅក្នុងបួនគម្រោង ដែលជាគម្រោង ដែល​នឹង​ផ្ដល់​ទៅ​ឲ្យ​«សហគមន៍​ជា​ច្រើន នៅក្នុងប្រទេសកម្ពុជា នូវផ្លូវថ្នល់ដ៏ល្អប្រសើរ ការផ្គត់ផ្គង់ទឹកដែលមាន​រយៈពេល​យូរ ការ​បង្កើន​ជីវភាព​ក្នុង​វិស័យ​កសិកម្ម និងសេវា​ថែរក្សាសុខភាព ។

លោក អ៊ូលរីឆ៍ ហ្សាឆូរ (Ulrich Zachau) នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ធនាគារ​ពិភពលោក បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​​ប្រកាស​​ព័ត៌មាន​នោះ​ថា៖ «ការផ្ដល់កម្ចីជាថ្មី សម្រាប់ប្រទេសកម្ពុជា នឹងចាប់ផ្ដើម​ជា​មួយ​គម្រោង​ជា​ច្រើន ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍលើច្រើនផ្នែក ទៅដល់ប្រជាជនកម្ពុជា»៕