មនុស្សជាង​៥ម៉ឺន​នាក់ កំពុង​រង់​ចាំ​មើល​​ការ​ប្រកួត​របស់​កម្ពុជា និង​ទីម័រ នៅ​ល្ងាច​នេះ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ការ​​ប្រកួតមិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាងកើត នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៧ ថ្ងៃ​អាទិត្យនេះ ខណៈ​អ្នក​ទស្សនាយ៉ាង​​ច្រើន​បំផុត កំពុង​រង់​ចាំ​ទស្សនា​ការប្រកួត​មួយ​នេះ ហើយ​ទូរទស្សន៍ BTV ក៏​នឹង​ផ្សាយ​ផ្ទាល់ពី​ការ​ប្រកួត​នេះផង​ដែរ។
news7
គិត​មក​ដល់​ពេល​នេះ​ពហុកីឡដ្ឋាន​ជាតិ បាន​បើក​ទ្វារ​ឲ្យ​អ្នក​ទស្សនា​ចូល​ទៅ​កាន់​កន្លែង​អង្គុយ​ជា​បណ្តើរ​ៗ​ហើយ បើ​ទោះ​បីជា​ការ​ប្រកួត​ជាក់​ស្តែង​ត្រូវ​ដំណើរ​ការ​​ចាប់​ពី​ម៉ោង​៧​យប់​ក៏​ដោយ ព្រោះ​ការ​ប្រកួត​មិត្ត​ភាព​នេះ មាន​អ្នក​ទស្សនា​​លើស​ពី​៥ម៉ឺន​នាក់ បាន​ចូល​រួម​ទស្សនា ហើយមាន​អ្នក​ខ្លះ​ក៏​មិន​បាន​ចូល​រួម​មើល​ដោយ​ផ្ទាល់​នៅ​លើ​ទី​លាន​ផង​ដែរ ខណៈ​សំបុត្រ​ចំនួន​៥​ម៉ឺន​សន្លឹក បាន​លក់​អស់​តាំង​ពី​ថ្ងៃសៅរ៍​នោះ។​

ការ​ទទួល​បាន​ចំនួន​អ្នក​សទ្សនា​យ៉ាង​ច្រើន​បែប​នេះ ​ត្រូវ​បាន​គេ​គិត​ថា ដោយ​សារ​ការ​ប្រកួត​លើក​នេះ​វា​មាន​លក្ខណៈ​ប្លែកជាង​ពីលើក​មុន ព្រោះ​លើក​នេះ ​ក្រៅ​ពី​បាន​មើល​បាល់​ទាត់ គឺ​អ្នក​ទស្សនា​ក៏​មាន​​មានឱកាស​រាំបទ​«រាំញីកែង​ជើង» ដើម្បី​បំបែក​កំណត់​ត្រា​ថ្មី រួម​ជាមួយ​អ្នក​ចម្រៀង​វ័យ​ក្មេង ងួន ចាន់ដាវីត និង ពេជ្រ សោភា មក​ពី​ផលិត​កម្ម​ហង្ស​មាស ផង​ដែរ ខណៈ​អ្នក​ទាំង២​នេះ​បាន​ធ្វើដំណើរ​ទៅ​លើ​ទី​លាន​ហើយ។

​ងាយ​មក​ចាប់​អារម្មណ៍​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ គឺ​បាន​ដាក់​គោល​ដៅ​យ៉ាង​ច្បាស់​ថា ត្រូវ​យក​ឈ្នះ​ក្រុម​ទី​ម័រ​ខាង​កើត​ឲ្យ​បាន បើ​ទោះ​បីជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ ទើប​តែ​ធ្វើ​ការ​ហ្វឹក​ហាត់​ជុំ​គ្នា​បាន​ត្រឹម​៥​ថ្ងៃ​ក៏​ដោយ។

លោក អ៊ុង កនយ៉ានិត គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​ថា៖​«​យើងមាន​ពេលខ្លី​ក្នុង​ការ​ត្រៀម​ខ្លួន ហើយ​កីឡាករ​របស់​យើង​នៅ​មាន​បញ្ហាផ្នែក​កម្លាំង និង​សុខ​ភាព និង​ខ្លះ​ទៀត​មាន​របួស ដោយ​យើង​មិន​អាច​ឲ្យ​ពួក​គេ​ហ្វឹក​ហាត់​ខ្លាំង​បាន​នោះ​ទេ ប៉ុន្តែ​យើងបាន​បញ្ចូល​នូវកលល្បិចក្នុង​ក្រុម ហើយ​ឃើញ​ថា​​ចង្វាក់លេង​របស់​ពួក​គេ​បាន​​​ល្អ​ប្រសើរជាង​មុន។ ហេតុ​នេះ​យើងត្រូវ​ទាម​ទារ​​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នេះ ដើម្បីយើង​កាន់តែ​មាន​កម្លាំង​ចិត្ត ក្នុងការ​ទៅ​ជួប​ក្រុម​ឆាយនីសតៃប៉ិ។

ការ​ប្រមូល​ផ្តុំ​លើក​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ត្រៀម​​​ប្រកួត​ជម្រុះ​ជា​បឋម​​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ជាមួយ​ក្រុម​ឆាយនីសតៃប៉ិ ដោយ​​ការ​ប្រកួត​ជើង​ទី១ ធ្វើ​នៅ​កោះ​ឆាយ​នីសតៃប៉ិ ​ថ្ងៃ​ទី២ ខែ​មិថុនា ហើយ​ជើង​ទី២ ធ្វើ​ពហុកីឡដ្ឋាន​ជាតិ ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។

ចំណែក​ប្រវត្តិ​ជួប​គ្នា ផ្លូវ​ការចំនួនន​​៦​ដងកន្លង​មក​នេះ ​ក្រុម​កម្ពុជា បាន​ឈ្នះ​ទីម័រ ៤-១ ក្នុងការ​ប្រកួត​ជម្រុះ AFF Championship 2006 រីឯ​ការ​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup ចំនួន៤​លើក គឺ​​ក្រុមទាំង​២បាន​​ស្មើ​គ្នា ២-២ ក្នុង​ឆ្នាំ​២០០៨ បន្ទាប់​មក​កម្ពុជាឈ្នះ ៤-២ ឆ្នាំ​២០១០ តែ​ចាញ់ ៥-១ វិញ​ក្នុង​ឆ្នាំ​២០១២ និង​​ឈ្នះ ៣-២ ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ការ​ជួប​គ្នា​​ក្នុងការ​ប្រកួត​ស៊ីហ្គេម នៅមីយ៉ាន់ម៉ា ឆ្នាំ​២០១៣ កម្ពុជា​បាន​ចាញ់​ទីម័រ ៣-២៕