ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​ចោទ​មេ​ភូមិ​ថា​ឃុបឃិត​រំលោភ​យក​ដី​ពួក​គាត់

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ចោទ​មេ​ភូមិ​គ្រង ថា​ឃុបឃិត​ជាមួយ​មេ​ភូមិ​ក្បាលស្នួល រំលោភ​យក​ដី​គាត់។ ពលរដ្ឋ​ថា មេ​ភូមិ​រូប​នោះ​បាន​យក​ដី​គាត់​ប្រគល់​ឲ្យ​អាជ្ញាធរ​ភូមិ​ផ្សេង​ទៀត​កាន់​កាប់​កាល​ពី​ចុង​ឆ្នាំ​២០១៥ និង​ហាម​ឃាត់​ពួក​គាត់​មិន​ឲ្យ​បង្កបង្កើនផល។ ចំណែក​មេ​ភូមិ​គ្រង បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល នៅ​ថ្ងៃ​ទី​២៨ ឧសភា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ករណី​មេ​ភូមិ​គ្រង លោក យឹង គឹមស្រីន និង​មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន បំពាន​ដីធ្លី​ពួក​គាត់​ជិត ៨​ហិកតារ​កាន់​កាប់​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន។

ពលរដ្ឋ​រស់នៅ​ភូមិ​គ្រង លោកស្រី រស់ សុខុម រៀបរាប់​ថា លោកស្រី​មាន​ដី​ជិត ៨​ហិកតារ​ឋិត​នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល កាន់​កាប់​នៅ​ឆ្នាំ​២០០៥ ដាំ​ដំណាំ​ដំឡូង សណ្ដែក​រៀង​រាល់​ឆ្នាំ។ រហូត​ដល់​ចុង​ឆ្នាំ​២០១៥ មេ​ភូមិ​គ្រង លោក យឹង គឹមស្រីន ហាម​លោកស្រី​មិន​ឲ្យ​ដាំ​ដំណាំ​លើ​ដី​នោះ ដោយ​សំអាង​ថា ជា​ដី​របស់​មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន។

លោកស្រី​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១២ លោក យឹង គឹមស្រីន បាន​ហាម​មិន​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ដី​របស់​លោកស្រី សំអាង​ថា ដី​នេះ​កំពុង​មាន​វិវាទ។ ចំណែក​ក្រុម​និស្សិត​បាន​ដក​ទិន្នន័យ​ចេញ​ពី​នៅ​តំបន់​នោះ ស្រាប់​តែ​ចុង​ឆ្នាំ​២០១៥ មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន អះអាង​ថា គេ​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​នេះ​ស្រប​ច្បាប់៖ «លោក ឡុង នឿន គាត់​រំលោភ​ខ្ញុំ អយុត្តិធម៌​ខ្លាំង​ណាស់។ ខ្ញុំ​ម្ចាស់​ដី ហើយ​គេ​ធ្វើ​ប្លង់​លើ​ដី​យើង។ យើង​អ្នក​ម្ចាស់​កម្មសិទ្ធិ​គ្មាន​សិទ្ធិ​ធ្វើ។ គេ​ហាម​ឃាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ ហើយ​គេ​គំរាម​ខ្ញុំ​ទៀត យក​ខ្នោះ​កាំភ្លើង​គំរាម​ខ្ញុំ​រក​ចាប់​ខ្ញុំ​ដាក់​គុក»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​គ្រង លោក យឹង គឹមស្រីន អះអាង​ថា ពលរដ្ឋ​ដែល​ចោទ​លោក គឺ​ជា​កម្មករ​ចំណាក​ស្រុក​មក​រស់នៅ​តាំង​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​កូរ៉េ មក​វិនិយោគ​ដី​នៅ​តំបន់​នោះ​មុន​ឆ្នាំ​២០០៨។ លោក​កត់​សម្គាល់​ថា ដី​នោះ​ក្រុម​និស្សិត​បាន​វាស់វែង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ឈ្មោះ ឡុង នឿន តាំង​ពី​ឆ្នាំ​២០១៣។ លោក​ថា ដី​នោះ​ជា​ដី​របស់​លោក ឡុង នឿន គ្រប់គ្រង​មុន​ពេល​រដ្ឋាភិបាល​មិន​ទាន់​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​កូរ៉េ មុន​ឆ្នាំ​២០០៧៖ «ខ្ញុំ​សូម​បញ្ជាក់​ថា គាត់​មក​តាម​រយៈ​ក្រុមហ៊ុន ហើយ​សួរ​ថា គាត់​មាន​ដី​ដែរ? គាត់​ស្រុក​កំណើត​នៅ​ហ្នឹង​ដែរ? ហើយ ឡុង នឿន កាល​ពី​មុន​ក៏​ធ្វើ​មេ​ភូមិ បច្ចុប្បន្ន​ក៏​ធ្វើ​មេ​ភូមិ​ដែរ។ ធម្មតា​រដ្ឋ​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ហើយ អ្នក​ធ្វើ​ការ​ដើរ​ចេញ​ដោយសារ​តែ​ពេល​នោះ​ក្រុមហ៊ុន​ឈូស​ឆាយ​អ៊ីចឹង​ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​មេ​ភូមិ​ក្បាលស្នួល លោក ឡុង នឿន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ឧសភា។

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​ហើយ។ លោក​ថា អាជ្ញាធរ​មិន​អាច​សម្រប​សម្រួល​វិវាទ​ដីធ្លី​នេះ​បាន​ទេ ព្រោះ​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង៖ «គេ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ គឺ​គេ​បាន​បំពេញ​នីតិវិធី។ ខាង​សុរិយោដី​គេ​បាន​បិទ​ផ្សាយ​បិទ​អី​សព្វ​បែប​យ៉ាង​ចឹង។ ផុត​ពី​ដៃ​អាជ្ញាធរ​ហើយ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​រក​ឃើញ​ថា ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​ដី​កំពុង​មាន​វិវាទ ស្រាប់​តែ​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​នោះ។ លោក​ទាមទារ​ឲ្យ​មន្ត្រី​សុរិយោដី ពិនិត្យ​លិខិត​បទដ្ឋាន​នានា​ស្ដីពី​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​នោះ ថា​អនុលោម​តាម​ច្បាប់ ឬ​យ៉ាង​ណា? លោក​ថា ដី​កំពុង​មាន​វិវាទ អាជ្ញាធរ​ជំនាញ​ពុំ​អាច​មាន​សិទ្ធិ​ផ្តល់​ប្លង់​កម្មសិទ្ធិ​បាន​ទេ ដរាប​ណា​មិន​ទាន់​ដោះស្រាយ​ចប់​ជា​ស្ថាពរ៖ «មិន​ដឹង​ថា​ចេញ​ប្លង់​យ៉ាង​ម៉េច បើ​ដី​កំពុង​មាន​វិវាទ។ មន្ត្រី​សុរិយោដី​គួរ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទាក់ទង​ប្លង់​ហ្នឹង។ ថា​តើ​ប្លង់​ហ្នឹង​ចេញ​ត្រឹមត្រូវ​តាម​ច្បាប់​អត់? ចេញ​ដោយ​លក្ខណៈ​ឃុបឃិត ឬ​ចេញ​ដោយ​មន្ទីរ​សុរិយោដី​អ្នក​ចេញ។ ចឹង​យើង​គួរ​តែ​ស្រាវជ្រាវ​ឡើង​វិញ»

លោកស្រី រស់ សុខុម ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ក្រុម​គ្រួសារ​លោក ឡុង នឿន ធ្លាប់​គំរាម​លោកស្រី​ចាប់​ដាក់​គុក បើ​លោកស្រី​នៅ​មានះ​ទាមទារ​ដី​នោះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។