ក្រសួង​កសិកម្ម​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ពង្រឹង​តាម​ដាន​បណ្ដឹង​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ណែនាំ​ឲ្យ​ប្រធាន​គ្រប់​អង្គភាព​ក្រោម​ឱវាទ ឲ្យ​ពង្រឹង​តាម​ដាន​បណ្ដឹង សំណូមពរ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម។

សេចក្ដី​ជូន​ដំណឹង​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម អះអាង​ថា ការ​ណែនាំ​ឲ្យ​ប្រធាន​គ្រប់​អង្គភាព​នៅ​ពេល​នេះ ក្នុង​បំណង​ឲ្យ​ថ្នាក់​ដឹក​នាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ យក​ចិត្ត​ទុក​ដាក់​ឆ្លើយ​តប និង​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សេចក្ដី​ជូន​ដំណឹង​ដដែល បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​បញ្ជាក់​បន្ត​ថា កន្លង​មក ក្រសួង​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​សមាសភាព​ថ្នាក់​ដឹក​នាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ ដើម្បី​ផ្សព្វផ្សាយ និង​ផ្តល់​ព័ត៌មាន​អំពី​គោល​នយោបាយ​សំខាន់ៗ​របស់​ក្រសួង និង​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន​ទូទៅ ពាក់ព័ន្ធ​សភាពការណ៍​វិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ការងារ​ជំនាញ​របស់​អង្គភាព ព្រម​ទាំង​បាន​បន្ថែម​ភារកិច្ច​ឲ្យ​តាម​ដាន និង​ស្រង់​ព័ត៌មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន យល់​ថា រហូត​មក​ដល់​បច្ចុប្បន្ន ក្រសួង​សង្កេត​ឃើញ​ថា អង្គភាព​ភាគ​ច្រើន​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​របស់​ក្រសួង​ផ្ទាល់ ដើម្បី​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន​ឲ្យ​បាន​ទាន់​ពេលវេលា​នៅ​ឡើយ។ ហេតុ​នេះ លោក​ស្នើ​ឲ្យ​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​របស់​ខ្លួន ត្រូវ​តែ​ពង្រឹង​ការងារ​នេះ​ឡើង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ទៅ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា​នានា ដែល​សព្វថ្ងៃ​លោក​ទទួល​បាន​ព័ត៌មាន​ចម្រុះ រួម​ទាំង​ពាក្យ​បណ្ដឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ជាង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចាត់​តាំង​ឲ្យ​មាន​ក្រុម​តាម​ដាន​ស្រង់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ពី​ពលរដ្ឋ​ដែល​បាន​ប្ដឹង និង​សំណូមពរ​បញ្ហា​ផ្សេងៗ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក ដើម្បី​យក​មក​ត្រួត​ពិនិត្យ និង​ដោះស្រាយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​កសិកម្ម មើល​ឃើញ​ថា ការ​ណែនាំ​របស់​លោក ហ៊ុន សែន ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​តាម​ដាន​សំណូមពរ​របស់​ពលរដ្ឋ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ពេល​នេះ ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​ចំណេញ​នយោបាយ។ ពួក​គេ​ថា វិធានការ​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។

ជាង​នេះ​ទៀត សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម យល់​ថា ការ​យក​ព័ត៌មាន​តែ​មួយ​មធ្យោបាយ​នោះ មិន​គ្រប់ និង​មិន​បាន​ជោគជ័យ​នោះ​ឡើយ គឺ​រដ្ឋាភិបាល​ត្រូវ​វិភាគ និង​សិក្សា​ស្រាវជ្រាវ​បន្ថែម និង​កំណត់​អាទិភាព​នៃ​បញ្ហា ហើយ​ត្រូវ​ឆ្លើយ​តប​ជា​ប្រព័ន្ធ ទើប​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។