សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​និង​ការ​រំលោភ​បំពាន​ស្ត្រី​នៅ​ទី​សាធារណៈ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​បៀតបៀន​លើ​ស្ត្រី​ភេទ​នៅ​តាម​ទី​សាធារណៈ ដើម្បី​អាច​ឲ្យ​ពួក​គេ​រស់នៅ​ស្មើ​ភាព​គ្នា​នឹង​បុរស ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច ពិសេស​ក្នុង​ការ​ដើរ​ហើរ​នៅ​ពេល​យប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ចូលរួម​ជាង ៣០០​នាក់ ភាគ​ច្រើន​ជា​ស្ត្រី ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៩ ឧសភា ធ្វើ​យុទ្ធនាការ «ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី»។ យុទ្ធនាការ​នេះ ជា​ផ្នែក​មួយ​នៃ​ចលនា​សកល ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ពី​សុវត្ថិភាព​ស្ត្រី​រស់នៅ​ក្នុង​ទីក្រុង ដើម្បី​ចៀស​ផុត​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ការ​បៀតបៀន​ផ្លូវ​ភេទ។

ប្រធាន​ស្ដីទី​នៃ​អង្គការ​អាក់សិន​អេត (Action Aid) អ្នកស្រី អ៊ូ សុភារី លើក​ឡើង​ថា ស្ត្រី​រស់នៅ និង​ប្រកប​របរ​ក្នុង​ទីក្រុង មិន​ថា​មក​ពី​វិស័យ​ណា​ក៏ដោយ នៅ​តែ​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច ដោយ​បារម្ភ​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​តាម​ទី​សាធារណៈ៖ «ម្នាក់ៗ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច។ ឧទាហរណ៍​ជាក់ស្ដែង​សម្រាប់​យុទ្ធនាការ​យើង គឺ​ថា​ការ​ដើរ​ហើរ​នៅ​ក្នុង​សង្គម នៅ​តែ​មាន​ការ​រឹតត្បិត​សម្រាប់​ស្ត្រី។ ពេល​ស្ត្រី​ដើរ​យប់ ឬ​ដើរ​ម្នាក់​ឯង​អ៊ីចឹង តែង​តែ​មាន​គេ​ហួច គេ​លែបខាយ ឬ​មួយ​ក៏​គេ​គិត​ថា ស្ត្រី​ដូចជា​ក្ដាន់​អ៊ីចឹង គឺ​ថា​ដើរ​តាម​ផ្លូវ​ម្នាក់​ឯង គឺ​ជា​ឱកាស​សម្រាប់​គេ​អាច​ធ្វើ​បាប​បាន ហើយ​ទៅ​គេ​មាន​ហេតុផល​ថា អា​ហ្នឹង​គេ​ធ្វើ​បាប​យើង​បាន ដោយសារ​អី? ដោយសារ​តែ​យើង​ដើរ​ម្នាក់​ឯង គឺ​ខុស​មក​ពី​យើង»

អ្នកស្រី អ៊ូ សុភារី លើក​ឡើង​ថា ការ​សិក្សា​កន្លង​ទៅ​រក​ឃើញ​ថា ក្នុង​ករណី​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នៅ​ទី​សាធារណៈ អាជ្ញាធរ​តាម​មូលដ្ឋាន​នៅ​មាន​ការ​យល់​ដឹង​តិចតួច​អំពី​សិទ្ធិ​ស្ត្រី ដោយ​តែង​ដាក់​បន្ទុក​លើ​ស្ត្រី ជា​ជាង​ផ្ដល់​ការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ពួក​គេ៖ «ស្ត្រី​ជា​មនុស្ស​ម្នាក់​ដែរ ដូច​គេ​ដូច​ឯង​អ៊ីចឹង ដូច​បុរស​អ៊ីចឹង ព្រោះ​អី​ពេល​បុរស​គេ​មិន​ដែល​និយាយ​ថា ហេតុ​អី​បាន​គេ​ដើរ​ម្នាក់​ឯង? ហេតុ​អី​បាន​គាត់​ដើរ​យប់? អំពើ​ហិង្សា​ដែល​កើត​មក​ហ្នឹង​មិន​មែន​ជា​កំហុស​របស់​ស្ត្រី​ទេ។ យើង​ត្រូវ​តែ​ក្រឡេក​មើល​បញ្ហា​ជុំវិញ​ហ្នឹង ថា​តើ​ស្អី​ដែល​ជា​បញ្ហា​ដែល​ជា​ការ​ខ្វះ​ចន្លោះ ដែល​ធ្វើ​ឲ្យ​អំពើ​ហិង្សា​ហ្នឹង​កើត​ឡើង»

ស្ត្រី​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត​មួយ​រូប និង​ជា​សមាជិក​នៃ​បណ្ដាញ​ស្ត្រី​រួប​រួម អ្នកស្រី សុខ លីនដា ថ្លែង​ថា ក្រៅ​ពី​រង​ការ​មើលងាយ អ្នកស្រី​ក៏​ត្រូវ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត៖ «យប់​ឡើង គឺ​ពួក​ខ្ញុំ​អត់​មាន​សុវត្ថិភាព​ទេ ចេញ​ពី​ធ្វើ​ការ​ត្រូវ​ទៅ​ផ្ទះ​ជួល ទៅ​ផ្ទះ​ជួល​ហ្នឹង គឺ​វា​ឆ្ងាយ​មែន​ទែន។ ខ្ញុំ​ជិះ​ម៉ូតូ​ទាំង​យប់​មក​ផ្ទះ ហើយ​ជួនកាល​ខ្ញុំ​អត់​មាន​ម៉ូតូ​ជិះ ខ្ញុំ​ត្រូវ​ដើរ​រក​ម៉ូតូ​ឌុប ហើយ​ងងឹត។ ខ្ញុំ​ធ្លាប់​ស្នើ​រឿង​ហ្នឹង។ ខ្ញុំ​ធ្លាប់​និយាយ​ឡើង​ច្រើន​ដង​ហើយ។ ខ្ញុំ​ថា គួរ​តែ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ តាម​ផ្លូវ​ហ្នឹង​ទៅ ព្រោះ​ផ្លូវ​ហ្នឹង​ងងឹត ហើយ​ភាគ​ច្រើន​នៅ​ម្ដុំ​ហ្នឹង​សុទ្ធតែ​គេ​អ្នក​ប្រើ​គ្រឿង​ញៀន»

របាយការណ៍​ស្ទង់​មតិ​របស់​អង្គការ​អាក់សិន​អេត (Action Aid) កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​វ័យ​ក្មេង​ជិត ៤០០​នាក់ (៣៨៥​នាក់) ដែល​បាន​សាកសួរ ស្ទើរ​តែ​ទាំងអស់​ហើយ​ដែល​អះអាង​ថា ពួក​គេ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់។

ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​នេះ​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បញ្ឈប់​ការ​ដាក់​បន្ទុក​លើ​ស្ត្រី​ដែល​ដើរ​ហើរ​នៅ​ពេល​យប់ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ទូទៅ ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រើប្រាស់​សិទ្ធិ​ដើរ​ហើរ​របស់​ពួក​គេ​បាន​ពេញលេញ​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។