មនុស្ស​ស្លាប់ អាច​ក្លាយជា​ខ្មោច​មែនឬ​? និពន្ធដោយ : ថ្មីៗ       29-05-2016, 8:59 pm         263

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377មនុស្ស​ស្លាប់ អាច​ក្លាយជា​ខ្មោច​មែនឬ​?​សំណួរ​មួយ​នេះ យើង​មិនអាច​ឆ្លើយ​មួយ​ម៉ាត់​ថា មាន ឬ​គ្មាន​បាន​នោះទេ​។​ប្រសិនបើ​ឆ្លើយថា មាន អ្នក​ដែល​មិន​ធ្លាប់​ជួប ប្រាកដជា​មិន​ជឿ​ហើយ​ច្បាស់​ជា​សួររក​អំណះអំណាង និង​ហេតុផល ឬក៏​ភស្តុតាង​ជាមិនខាន​។ តែ​ប្រសិនបើ​ឆ្លើយថា មិនមាន អ្នក​ដែល​អះអាងថា​ខ្លួន​ធ្លាប់​ជួប​ក៏​មិនអាច​ទទួលយកបាន​។​

​មុននឹង​ស្វែងរក​ចម្លើយ​ពិត​ថា មាន​ខ្មោច ឬ​គ្មាន​ខ្មោច​នោះ អ្នក​ត្រូវ​យល់​ពី​ការគិត​របស់​អ្នក​ផ្ទាល់​ជាមុនសិន ថា​អ្វី​ជា​ខ្មោច​? ខ្មោច​កើត​មកពីណា ហើយ​មាន​រូប​ឬ​អត់​?

​អ្នកណា​ក៏ដោយ ឱ្យតែ​គិតថា​មាន​ខ្មោច នោះ​ពួកគេ​ច្បាស់​ជា​យល់ថា ខ្មោច​គឺ​កើត​ពី​មនុស្ស​ក្រោយ​ពេលដែល​ស្លាប់​។ ពួកគេ​គិតថា មនុស្ស​ស្លាប់​ទៅហើយ តែដោយសារ​មានកម្ម​ពៀរ ឬ​អំពើ​បាប​ដែល​ខ្លួន​បាន​សាង​កាល​នៅរស់ ក៏​មិនអាច​ទៅ​ចាប់កំណើត​បាន បែរជា​ក្លាយជា​ខ្មោច​។ លើសពីនេះទៅទៀត អ្នក​ដែល​យល់​បែបនេះ ក៏​គិត​ដែរ​ថា ខ្មោច​នោះ​គឺជា​ព្រលឹង ឬ​វិញ្ញាណ ដែល​ចេញពី​ក្នុង​ខ្លួន​ក្រោយ​ពេលដែល​ស្លាប់ ហើយ​នៅ​វិលវល់​ក្នុង​ស្ថាន​មនុស្សលោក ដែល​អាច​ប្រែ​ក្រឡា​ជា​អ្វី​ក៏បាន ដើម្បី​លងបន្លាច​គេឯង​។ តើ​អ្នក​ខ្លួនឯង​កំពុងតែ​យល់​យ៉ាងនេះ​មែនឬ​មិនមែន​?

​ប្រសិនបើ​អ្នក​យល់​ដូច្នេះ ហើយ​គិតថា ក្នុង​លោក​ពិត​ជាមាន​ខ្មោច​មែន ដោយ​យល់​ស្របតាម​អ្នកផ្សេង​ដែល​អះអាងថា​ធ្លាប់​ជួប​ខ្មោច ឬក៏​ថា​អ្នក​ធ្លាប់​ឃើញ​ខ្លួនឯង​ផ្ទាល់ អ៊ីចឹង​មានន័យថា​ខ្មោច​ជា បុគ្គល ឬក៏​ជាស​ត្វ​មាន​រូប​ដែរ​?

​តើ​ភ្នែក​អ្នក​អាច​មើលឃើញ​វត្ថុ​អ្វី​? ការពិត​ភ្នែក​មនុស្ស​យើង​អាច​មើល​ឃើញតែ​វត្ថុ​រូបី​(​វត្ថុ​ដែលមាន​រូបរាង​) ប៉ុណ្ណោះ​។​ប្រសិនបើ​អ្នក​អាច​មើលឃើញ​ខ្មោច​មែន​នោះ អ៊ីចឹង​ខ្មោច​នោះឯង​ជា បុគ្គល​មាន​រូប​ហើយ​។ តែបើ​ខ្មោច មាន​រូប​មែន ដូច្នេះ​មនុស្ស​ក្នុង​លោក​ទាំងអស់ ក៏​អាច​មើលឃើញ​ខ្មោច​នោះ ដូច​អ្នក​ដែរ​។ ប៉ុន្តែ ចុះ​ហេតុអ្វី អ្នក​មើលឃើញ ហើយ​គេ​មើលមិនឃើញ​នោះ​?

​ប្រសិនបើ​ខ្មោច​នោះ​ជា​បុគ្គល​អរូបី (​ជា​សត្វ​ដែល​គ្មាន​រូបរាង​) អ៊ីចឹង​ហេតុផល​អ្វី ដែលថា​អ្នក​ធ្លាប់​ឃើញ​នោះ ព្រោះ​ភ្នែក​មនុស្ស​យើង​មើលឃើញ​អ្វី​ដែលជា​វត្ថុ​មាន​រូប​ប៉ុណ្ណោះ អ្វីដែល​គ្មាន​រូប គឺ​ភ្នែក​យើង​មិនអាច​មើលឃើញ​ទេ​។​

​តាម​ការពិត​! អ្វីៗ​ក្នុង​លោក​កើតឡើង​ពីស​ភាវ​ធម្មជាតិ​ពីរ​យ៉ាង គឺ រូបធម៌ និង នាម​ធម៌​។ រូបធម៌ គឺ  អ្វីៗ​គ្រប់យ៉ាង​ដែលមាន​រូប ដែល​យើង​អាច​មើលឃើញ និង​ចាប់បាន​។ នាម​ធម៌ គឺ​អ្វីៗ​ដែល​មិនមែនជា​រូប តែ​គ្រាន់តែ​ជា​នាម ដែល​អាស្រ័យ​ជាមួយ​រូបធម៌​។ ដូច្នេះ​រូបធម៌​កើតឡើង នាម​ធម៌​ក៏​កើតឡើង រូបធម៌​រលត់ នាម​ធម៌​ក៏​នឹង​រលត់​ដែរ​។​

​រឿងនេះ ប្រៀបដូចជា អណ្តាតភ្លើង (​នាម​ធម៌​) ដែល​កើតឡើង​ពី អូស (​រូបធម៌​) ដូច្នេះ​ដែរ​។ ពេលដែល​អូស​ឆេះ ពេលនោះ​អណ្តាតភ្លើង​ក៏​កើតឡើង តែ​ពេលដែល​អូស​ឆេះ​អស់ ពេលនោះ​អណ្តាតភ្លើង​ក៏​រលត់​ដែរ ដោយ​មិនអាច​នៅមាន​អណ្តាតភ្លើង​តែ​ឯកឯង បាន​នោះទេ ពេល​គ្មាន​អូស​។

​បញ្ហា​កម្មនេះ ក៏​អាច​ឧបមា​ដូចជា​បញ្ឆេះ​ចង្កៀង (​រូបធម៌​) និង​ភ្លើងចង្កៀង (​នាម​ធម៌​) ក៏បាន​ដែរ​។ ពេលដែល​ចង្កៀង អស់​ប្រេង ភ្លើង​ដែល​ឆេះ​ចេញពី​បញ្ឆេះ​ច្បាស់​ជា​រលត់​ជាមិនខាន​។ ភ្លើងចង្កៀង​នោះ មិនអាច​ហោះហើរ​ដោយ​ឯកឯង ចេញពី​បញ្ឆេះ​ចង្កៀង​បានទេ ព្រោះ​ភ្លើង​គ្រាន់តែ​ជានា​ម​ធម៌​ដែល​អាស្រ័យ​ជាមួយនឹង​ចង្កៀង ដែលជា​រូបធម៌ ប៉ុណ្ណោះ​។​

​ឬក៏ រូបធម៌ ប្រៀបដូចជា​អំពូល​នៃ​សត្វ​អំពិលអំពែក និង​នាម​ធម៌ ប្រៀបដូចជា ពន្លឺ​ដែល​កើតចេញពី​សត្វ​អំពិលអំពែក​នោះ​។ ពេលដែល​អំពូល​ភ្លើង​នៃ​សត្វ​អំពិល​ពែ​ក​នោះ​បែក អ៊ីចឹង​ពន្លឺ​ដែល​ចេញពី​សត្វ​អំពិលអំពែក​នោះ ក៏​រលត់​ដែរ ដោយ​មិនអាច​នៅមាន​ពន្លឺ​ដោយ​ឥតមាន​អំពូល​នៃ​សត្វ​អំពិលអំពែក​នោះបានទេ​។​

​ការប្រៀបធៀប​យ៉ាងណា រឿង​ពិត​នៃ​ធម្មជាតិ​របស់​មនុស្ស​យើង​ក៏​ដូច្នោះ​ដែរ​។ ដោយសារ​រូបយើង​ទាំងមូល​មានការ​ផ្គុំ​គ្នា​ដោយ​ធាតុ​ផ្សំ​គ្រប់គ្រាន់​របស់​ធម្មជាតិ វា​ជាហេតុ​នាំ​ឲ្យ​យើង​អាច​មើលឃើញ​រូប​ដោយ​ភ្នែក ស្តាប់ឮ​សំឡេង​ដោយ​ត្រចៀក ដឹង​ក្លិន​ដោយ​ច្រមុះ ស្គាល់​រសជាតិ​ដោយ​អណ្តាត ដឹង​ការប៉ះទង្គិច​ពី​វត្ថុ​ខាងក្រៅ​ដោយ​កាយ​។​

​ការមើលឃើញ គឺជា​នាម​ធម៌ តែ​រូបធម៌​ដែល​ញ៉ាំង​ឲ្យ​មានការ​មើលឃើញ គឹ​ភ្នែក​។ ការ​ស្តាប់ឮ គឺជា​នាម​ធម៌ តែ​រូបធម៌​ដែល​ញ៉ាំង​ឲ្យ​មានការ​ស្តាប់ឮ គឺ​ត្រចៀក​។ ការដឹង​ក្លិន​គឺជា​នាម​ធម៌ តែ​រូបធម៌​ដែល​ញ៉ាំង​ឲ្យ​មាន​ការដឹង​ក្លិន គឺ​ច្រមុះ​។ ការ​ស្គ​ល់​រសជាតិ គឺជា​នាម​ធម៌ តែ​រូបធម៌​ដែល​ញ៉ាំង​ឲ្យ​ស្គ​ល់​រស់ជាតិ គឺ​អណ្តាត​។ ការដឹង​នូវ​ការប៉ះទង្គិច​ពី​វត្ថុ​ខាងក្រៅ គឺជា​នាម​ធម៌ តែ​រូបធម៌​ដែល​ញ៉ាំង​ឲ្យ​មាន​ការដឹង​នូវ​ការប៉ះទង្គិច គឺ​កាយ​។​

​ដូច្នេះ កាលបើ​មនុស្ស​យើង​ស្លាប់ (​រូប​ទាំងមូល​រលត់​) ដូច្នេះ អ្វីៗ​ដែល​អាស្រ័យ​ជាមួយនឹង​រូប​កាយ ដូចជា​ការមើលឃើញ ការ​ស្តាប់ឮ ការដឹង​ក្លិន ការ​ស្គាល់​រសជាតិ ការដឹង​នូវ​អារម្មណ៍​នៃ​ការប៉ះទង្គិច​ពី​វត្ថុ​ខាងក្រៅ និង​វិញ្ញាណ ឬ ព្រលឹង ដែល​ដឹង​នូវ​អារម្មណ៍​សុខទុក្ខ ក៏​រលត់​ដែរ​។ ជា​ច្បាប់ធម្មជាតិ​! វា​មិនអាច​នៅមាន ការមើលឃើញ ការ​ស្តាប់ឮ ការដឹង​ក្លិន កា​រស​ស្គាល់​រសជាតិ ការដឹង​នូវ​អារម្មណ៍​នៃ​ការប៉ះទង្គិច​ពី​វត្ថុ​ខាងក្រៅ និង​នៅមាន​វិញ្ញាណ ឬ​ព្រលឹង នោះទេ ពេលដែល​រូបរាងកាយ (​រូបធម៌​) របស់​យើង​រលត់ (​ស្លាប់​) បាត់ទៅ​។​

​ត្រង់នេះ​! តើ​អ្នក​នៅ​យល់ថា មានព្រលឹង ឬ​វិញ្ញាណ​ចេញពី​ក្នុង​ខ្លួន​ទៀត​ទេ ពេលដែល​នរ​ណ​ណា​ម្នាក់​ស្លាប់​? ការពិត​នោះ ត្រង់នេះ​គឺ​ដូចជា អូស និង​ភ្លើង ដូចជា​បញ្ឆេះ​ចង្កៀង និង​ភ្លើងចង្កៀង ដូចជា​អំពូល​នៃ​សត្វ​អំពិលអំពែក និង​ពន្លឺ​ដែល​កើតចេញពី​សត្វ​អំពិលអំពែក អ៊ីចឹង​ដែរ​។ បើកាលណា អូស​ឆេះ​អស់ ភ្លើង​ក៏​រលត់ ចង្កៀង​អស់​ប្រេង ភ្លើង​ក៏​រលត់ អំពូល​នៃ​សត្វ​អំពិលអំពែក​បែក ពន្លឺ​ក៏​រលត់​។​

​ភ្លើង​ដែល​កើត​ពី​អូស តើ​ឱ្យ​នៅមាន​ភ្លើង​យ៉ាងម៉េច បើ​អូស​ឆេះ​អស់​? ភ្លើង​ដែល​កើត​ពី​បញ្ឆេះ​ចង្កៀង តើ​ឱ្យ​នៅមាន​ភ្លើង​យ៉ាងម៉េច បើ​ចង្កៀង​អស់​ប្រេង​? វិញ្ញាណ ឬ​ព្រលឹង ដែល​ញ៉ាំងឱ្យ​យើង​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង គឺ​ដោយសារតែ​មានការ​ផ្គុំ​ធាតុ​គ្រប់គ្រាន់​នៃ​រូបរាងកាយ​យើង​ពេល​នៅរស់ តើ​ឱ្យនៅ​មានព្រលឹង ឬ​វិញ្ញាណ​នោះ​ក្លាយជា​ខ្មោច យ៉ាងម៉េច​កើត បើ​កាយ​យើង​រលត់​បាត់​?