ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត ក្រោយ​វាយ​បុរស​ម្នាក់​ឲ្យ​របួស

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ សហ​ការណ៍​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បងប្អូន​បង្កើត​នឹង​គ្នា ដែល​ម្នាក់​ជា​ជាង​ជួសជុល​ទូរស័ព្ទ និង​ម្នាក់​គឺជា​អ្នក​រត់​ម៉ូត​ឌុ​ប ដែល​បាន​ធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​ម៉ូយ យក​ស្ពី​ក​ឃ័​រ​ទៅ​ជួសជុល ហើយ​មាន​ទំនាស់​គ្នា កើតឡើង​កាលពី​១​ស​ប្ដា​ហ៍​មុន បណ្ដាល​ឲ្យ​ជន​រង​គ្រោះ រង​របួស​យ៉ាងធ្ងន់ធ្ងរ រហូត​ដល់​ដេកពេទ្យ ។

ក្រោយ​ពី​ការ​ចាប់ខ្លួន នគរបាល​រក​ឃើញ​ថា ជនសង្ស័យ​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ម្នាក់​ឈ្មោះ ស៊ឹ​ម ស៊ី​ថា អាយុ​២៦​ឆ្នាំ ត្រូវជា​ប្អូន​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ឹ​ម សេង​លី អាយុ​៣២​ឆ្នាំ ត្រូវជា​បង មុខរប​រត់​ម៉ូតូឌុប មាន​ប្រពន្ធ​កូន​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ ជាមួយ​គ្នា​នោះ​ដែរ​។

ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ អ៊ុយ សា​រុំ អាយុ​៤២​ឆ្នាំ មុខរប​ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ រង​របួស​បែកក្បាល និង​ខ្លួនប្រាណ​យ៉ាងធ្ងន់ធ្ងរ ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​។ មន្ត្រី​ប៉ូ​នគរបាល​ម្នាក់​បាន​និយាយ​ថា អំពើ​ហិង្សា​រហូត​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ខាងលើ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​នោះ ដែល​នៅ​មុន​ពេល​កើតហេតុ​មួយ​សប្ដ​ហ៍​មុន​ពេល​មាន​ទំនាស់​នោះ ជន​រង​គ្រោះ​បាន​បាន​យក​ទូរស័ព្ទ និង​ស្ពី​ក​ឃ័​រ​ទៅ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម ស៊ី​ថា ធ្វើការ​ជួសជុល​ឲ្យ ប៉ុន្តែ​ប្រើ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​បាន​ខូច​ទៅ​វិញ​។ រហូត​ដល់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​សួរនាំ​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​កើតឡើង និង​ឈាន​ដល់​ការ​វាយតប់​គ្នា ដោយ​ជនសង្ស័យ​រួម​នឹង​បងប្រុស​របស់​ខ្លួន​ឈ្មោះ ស៊ឹ​ម សេង​លី បាន​ប្រើ​ដំបង​ដែក​បំពង់​ទីប វាយ​សំពង​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

បន្ទាប់​មក​បាន​រត់គេច​ខ្លួន ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ រហូត​ដល់​ពេល​នេះ​ទើប​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​បាន​។ ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំងនោះ​រួម​ទាំង​វត្ថុ​តាង ដែល​ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ដែល​ដកហូត​បាន​ត្រូវ ត្រូវ​សមត្ថកិច្ច នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ហើយ​ជន​នោះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​ប្រាកដ​មែន ។ ដោយនៅ​ក្នុង​ពេល​នោះ ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​រករឿង​គេ​ខ្លួន​ដល់​ផ្ទះ និង​បាន​យក​ពូថៅ​ទៅ​កាប់​ទ្វារផ្ទះ​ពួក​គេ​ទៀត ទើប​អត់ទ្រាំ​មិន​បាន​ក៏​បាន​នាំ​គ្នា​តដៃ​វិញ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ចាត់ការ តាម​ផ្លូវច្បាប់ ហើយ​ជនសង្ស័យ​ទាំងនោះ ក្រៅពី​ទោស​បង្ក​របួស​ស្នាម ក៏​នៅ​មានទោស​មួយទៀត​គឺ​ប្រើប្រាស់​គ្រឿងញៀន​៕