សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​និង​ការ​រំលោភ​បំពាន​ស្ត្រី​នៅ​ទី​សាធារណៈ

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនធ្វើការលើកស្ទួយសិទ្ធិស្ត្រី ទាមទារឲ្យមានការបញ្ឈប់ការប្រើអំពើហិង្សា និងការបៀតបៀនលើស្ត្រីភេទនៅតាមទីសាធារណៈ ដើម្បីអាចឲ្យពួកគេរស់នៅស្មើភាពគ្នានឹងបុរស ដោយមិនមានភាពភ័យខ្លាច ពិសេសក្នុងការដើរហើរនៅពេលយប់។

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​និង​ការ​រំលោភ​បំពាន​ស្ត្រី​នៅ​ទី​សាធារណៈ

ក្រុមយុវជនចូលរួមយុទ្ធនាការ «ទីក្រុងមានសុវត្ថិភាពសម្រាប់ស្ត្រី» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។ RFA/Cheng Mengchou

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកចូលរួមជាង ៣០០នាក់ ភាគច្រើនជាស្ត្រី ជួបជុំគ្នានៅថ្ងៃទី២៩ ឧសភា ធ្វើយុទ្ធនាការ «ទីក្រុងមានសុវត្ថិភាពសម្រាប់ស្ត្រី»។ យុទ្ធនាការនេះ ជាផ្នែកមួយនៃចលនាសកល ទាមទារឲ្យមានការគិតគូរពីសុវត្ថិភាពស្ត្រីរស់នៅក្នុងទីក្រុង ដើម្បីចៀសផុតពីការបំបិទសិទ្ធិសេរីភាព និងការបៀតបៀនផ្លូវភេទ។

ប្រធានស្ដីទីនៃអង្គការអាក់សិនអេត (Action Aid) អ្នកស្រី អ៊ូ សុភារី លើកឡើងថា ស្ត្រីរស់នៅ និងប្រកបរបរក្នុងទីក្រុង មិនថាមកពីវិស័យណាក៏ដោយ នៅតែរស់នៅដោយភាពភ័យខ្លាច ដោយបារម្ភពីការបៀតបៀនផ្លូវភេទតាមទីសាធារណៈ៖ «ម្នាក់ៗរស់នៅក្នុងភាពភ័យខ្លាច។ ឧទាហរណ៍ជាក់ស្ដែងសម្រាប់យុទ្ធនាការយើង គឺថាការដើរហើរនៅក្នុងសង្គម នៅតែមានការរឹតត្បិតសម្រាប់ស្ត្រី។ ពេលស្ត្រីដើរយប់ ឬដើរម្នាក់ឯងអ៊ីចឹង តែងតែមានគេហួច គេលែបខាយ ឬមួយក៏គេគិតថា ស្ត្រីដូចជាក្ដាន់អ៊ីចឹង គឺថាដើរតាមផ្លូវម្នាក់ឯង គឺជាឱកាសសម្រាប់គេអាចធ្វើបាបបាន ហើយទៅគេមានហេតុផលថា អាហ្នឹងគេធ្វើបាបយើងបាន ដោយសារអី? ដោយសារតែយើងដើរម្នាក់ឯង គឺខុសមកពីយើង»

អ្នកស្រី អ៊ូ សុភារី លើកឡើងថា ការសិក្សាកន្លងទៅរកឃើញថា ក្នុងករណីមានអំពើហិង្សាណាមួយកើតឡើងនៅទីសាធារណៈ អាជ្ញាធរតាមមូលដ្ឋាននៅមានការយល់ដឹងតិចតួចអំពីសិទ្ធិស្ត្រី ដោយតែងដាក់បន្ទុកលើស្ត្រី ជាជាងផ្ដល់ការការពារសុខសុវត្ថិភាពជូនពួកគេ៖ «ស្ត្រីជាមនុស្សម្នាក់ដែរ ដូចគេដូចឯងអ៊ីចឹង ដូចបុរសអ៊ីចឹង ព្រោះអីពេលបុរសគេមិនដែលនិយាយថា ហេតុអីបានគេដើរម្នាក់ឯង? ហេតុអីបានគាត់ដើរយប់? អំពើហិង្សាដែលកើតមកហ្នឹងមិនមែនជាកំហុសរបស់ស្ត្រីទេ។ យើងត្រូវតែក្រឡេកមើលបញ្ហាជុំវិញហ្នឹង ថាតើស្អីដែលជាបញ្ហាដែលជាការខ្វះចន្លោះ ដែលធ្វើឲ្យអំពើហិង្សាហ្នឹងកើតឡើង»

ស្ត្រីបម្រើការក្នុងសេវាកម្សាន្តមួយរូប និងជាសមាជិកនៃបណ្ដាញស្ត្រីរួបរួម អ្នកស្រី សុខ លីនដា ថ្លែងថា ក្រៅពីរងការមើលងាយ អ្នកស្រីក៏ត្រូវប្រឈមនឹងភាពភ័យខ្លាចចំពោះការរំលោភបំពានផ្លូវភេទ នៅពេលធ្វើដំណើរទៅមកក្នុងការប្រកបរបរចិញ្ចឹមជីវិត៖ «យប់ឡើង គឺពួកខ្ញុំអត់មានសុវត្ថិភាពទេ ចេញពីធ្វើការត្រូវទៅផ្ទះជួល ទៅផ្ទះជួលហ្នឹង គឺវាឆ្ងាយមែនទែន។ ខ្ញុំជិះម៉ូតូទាំងយប់មកផ្ទះ ហើយជួនកាលខ្ញុំអត់មានម៉ូតូជិះ ខ្ញុំត្រូវដើររកម៉ូតូឌុប ហើយងងឹត។ ខ្ញុំធ្លាប់ស្នើរឿងហ្នឹង។ ខ្ញុំធ្លាប់និយាយឡើងច្រើនដងហើយ។ ខ្ញុំថា គួរតែដាក់ភ្លើងបំភ្លឺផ្លូវ តាមផ្លូវហ្នឹងទៅ ព្រោះផ្លូវហ្នឹងងងឹត ហើយភាគច្រើននៅម្ដុំហ្នឹងសុទ្ធតែគេអ្នកប្រើគ្រឿងញៀន»

របាយការណ៍ស្ទង់មតិរបស់អង្គការអាក់សិនអេត (Action Aid) កាលពីឆ្នាំ២០១៤ កន្លងទៅ បានរកឃើញថា ក្នុងចំណោមស្ត្រីវ័យក្មេងជិត ៤០០នាក់ (៣៨៥នាក់) ដែលបានសាកសួរ ស្ទើរតែទាំងអស់ហើយដែលអះអាងថា ពួកគេភ័យខ្លាចក្នុងការធ្វើដំណើរនៅពេលយប់។

ក្រុមសង្គមស៊ីវិលដែលធ្វើយុទ្ធនាការនេះលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវបញ្ឈប់ការដាក់បន្ទុកលើស្ត្រីដែលដើរហើរនៅពេលយប់ ហើយត្រូវធ្វើឲ្យទីក្រុងមានសុវត្ថិភាពសម្រាប់ស្ត្រីទូទៅ ដើម្បីឲ្យពួកគេអាចប្រើប្រាស់សិទ្ធិដើរហើររបស់ពួកគេបានពេញលេញដោយមិនមានភាពភ័យខ្លាច៕

ប្រភពៈ RFA