ដោយសារ​តែ​កូន ឈួ​ន សុវណ្ណ​ឆៃ មិន​អាច​ចេញ​ទៅ​បរទេស

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​ឈួ​ន សុវណ្ណ​ឆៃ មានឱកាស​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ដូច​បណ្តា​ឆ្នាំ​មុន​ៗ តែ​នាង​ប្រកាន់​ជំហរ​មិន​ទៅ ព្រោះតែ​រឿង​កូនប្រុស​ស្រី​របស់​នាង ។

ចាប់តាំងពី​បែកខ្ញែក​ជីវិត​ប្តី​ប្រពន្ធ​អស់់​ពេល​ជា​ច្រើន​ឆ្នាំ​មក នាង​ឈួ​ន សុវណ្ណ​ឆៃ មិន​ស្រវា​លុយកាក់​ខ្លាំង​ពេក ជា​ជាង​មើលថែ​រក្សា​កូន​ទាំង​២​នាក់​របស់​នាង​ទេ ។

សុវណ្ណ ឆៃ ផ្តល់​ភាព​កក់ក្តៅ​ដល់​កូន​ទាំង​ពីរ​ដោយ​ធ្វើ​ជា​ម្តាយ​ផង ឪពុក​ផង ទៅ​ណា​មក​ណា​គិត​ពី​តំណក់ឈាម​នេះ​ជា​សំខាន់ ។ សុវណ្ណ​ឆៃ មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​មួ​​យ​រយៈ​តាម​សំណូមពរ​ពី​ជនរួមជាតិ​ខ្មែរ​រស់នៅ​ឯនាយ​សមុទ្រ​ដែល​ពេញចិត្ត​ទឹកដម​សំឡេង​របស់​នាង ។ ទោះជា​យ៉ាងណា​ក្តី តារាចម្រៀង​រូប​នេះ​សុំ​ការ​យោគ​យល់​មិន​ទៅ​សម្តែង​វិញ ពីព្រោះ​កូន​នៅ​ក្មេង​សេចក្តី​មិន​អាច​ទៅ​ចោល​យូរ​ខែ​បាន​។ «​ខ្ញុំ​ខ្លាច  កូន​ៗ​អន់ចិត្ត​ខ្វះ​ភាព​កក់ក្តៅ និង​មិន​ចង់ឱ្យ​កូន​កត់​សម្គាល់ថា​ម្តាយ​មិន​គិតគូរ​ថ្នម​កាយ​ទៅ​ថ្ងៃក្រោយ ។ ម្ល៉ោះហើយ​ទើប​នាង​ខ្ញុំ​សុំ​ផ្អាក​សិន ចាំ​ទាល់តែ កូន​ៗ​របស់​នាង​ខ្ញុំ​អាច​រឹង​មាំ​ជាង​នេះ​សិន » ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារាចម្រៀង​មនោសញ្ចេតនា​ឈួ​ន សុវណ្ណ​ឆៃ ឱ្យ​ដឹង​ថា នាង​មាន​អ្នក​ស្នើ​សុំ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ដែល​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​អាជីព​សិល្បៈ​របស់​នាង ដែល​មាន​អ្នកគាំទ្រ ។ ទោះជា​យ៉ាងណា​ក្តី សុវណ្ណ​ឆៃ​មិន​ទទួលយក​បាន​ទេ ដោយ​សុខចិត្ត​សម្តែង​ក្នុង​កម្មវិធី ផ្សេង​ៗ មាន​មង្គលការ ជប់លៀង ឬ​កម្មវិធី​ប្រគំ​តន្ត្រី​ទូរទស្សន៍​នៅ​ក្នុងស្រុក​វិញ ។ ដូច្នេះ​ហើយ​សុវណ្ណ​ឆៃ សុំ​ការ​អធ្យាស្រ័យ​ពី​បណ្តា​អ្នក​ស្នើ​សុំ ព្រមទាំង​ជនរួមជាតិ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​និយម​ពេញចិត្ត​ទឹកដម​សំឡេង​របស់​នាង​។  មូលហេតុ​សំខាន់​ភារកិច្ច​នៅ​ក្នុង​គ្រួសារ​មើលថែ​កូន​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ​នាក់ ។ សុវណ្ណ​ឆៃ ត្រូវ​ជូន​កូន​ៗ​ទៅ​​សាលា​រាល់​ថ្ងៃមុន​នឹង​ទៅ​ធ្វើ​ការងារ​សិល្បៈ ។ «​គ្មាន​អ្នក​ណា​ចិញ្ចឹម​កូន​ក្រៅពី​នាង​ខ្ញុំ​ទេ ដូច្នេះ​សុខចិត្ត​លំបាក​មួយ​រយៈ​សិន​ក៏​ព្រោះតែ​យល់​ថា​កូន​នៅ​ក្មេង​តែងតែ​ចង់​នៅ​ជិត​ម្តាយ ហើយ​បើ​យើង​ចេះ​តែ​បាត់​មុខ​ញឹក​ពេក​ខ្លាច​គ្នា​មិន​សប្បាយចិត្ត ឬ​យល់​ថា​មាន​ម្តាយ​នឹង​គេ​ដែរ​បែរជា​មិន​ផ្តល់​ភាព​កក់ក្តៅ​។ អ្វី​ដែល​សំខាន់​កាលពី​នាង​ខ្ញុំ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​មួយ​គ្រា​មុន កូន​ៗ​នាង​ខ្ញុំ​នៅ​តូច ហើយ​ពិតជា​ពិបាកធ្វើ​អារម្មណ៍​ណាស់ ។ ណាមួយ​នៅ​ផ្សេង​គ្នា  ណាមួយ​គិត​ទៀត​ថា​ក្មេង​នៅ​ឆ្ងាយ​មិនដឹង​ជា​សុខទុក្ខ​បែប​ណា ទើប​គិត​ថា​មិន​ចង់​ឃ្លាត ។ អីុ​ចឹ​ង​ហើយ​ទើប​ផ្អាក​ទៅ​ក្រៅប្រទេស​សិន ព្រោះ ក្មេង​ៗ​នៅ​តូច​មិន​ទាន់​ចេះ​មើលថែ​ទាំ​ខ្លួន​ល្អ​នៅឡើយ ។ ណាមួយ​ក៏​ចង់​នៅ​តាមដាន​ការ​សិក្សា កូន​ៗ​ឱ្យ​បាន​លម្អិត​សិន ព្រោះ​ពួក​គេ​សុទ្ធតែ​ពេញបន្ទុក​រៀន​ទាំង​ពីរ​នាក់ នៅ​វ័យក្មេង​យើង​ពត់​ឱ្យ​ហើយ ពិសេស​រឿង​រៀន ដើម្បី​ចង់ឱ្យ​ចេះ​ដឹង​មាន​អនាគត​ល្អ ពេល​ធំ​ឡើង​ដែល​ជា​ក្តី​ស្រមៃ​និង​ការ​ចង់បាន​របស់​នាង​ខ្ញុំ​ផង​ដែរ​» ។ 

ការ​ផ្អាក​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​របស់​ឈួ​ន សុវណ្ណ​ឆៃ គឺ​ប្រហែល​ពីរ ឬ​បី​ឆ្នាំ​រង់ចាំ​ដល់​កូន​អាយុ​ច្រើន​ជាង​នេះ ។ សុវណ្ណ​ឆៃ រំពឹង​ថា អ្នកគាំទ្រ​នៅ​តែ​គាំទ្រ​នាង ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ នៅ​តែ​ម្នាក់ឯង​ហើយ​គិត​ល្អិតល្អន់​រឿង​បើក​បេះដូង​ទទួលយក​គូស្នេហ៍​ថ្មី ព្រោះ​ខ្លាច​ប៉ះ​បុរស​មិនល្អ ។ កន្លង​មក​តារាចម្រៀង​រូប​នេះ​មិន​អើពើ​នឹង​អ្នក​តាម​សុំ​ស្នេហ៍​ព្រោះ​មិន​ជឿជាក់​លើ​គេ ៕