ក្រុមកម្ពុជា លត់ទីម័រ ២-០ ដើម្បីយក៣,៤ម៉ឺនដុល្លារពីសម្តេច

ក្រុមជម្រើសជាតិកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាជាង៥ម៉ឺននាក់ ដែលខំទិញសំបុត្រទៅមើលផ្ទាល់នៅទីលាន មានការខកចិត្តនោះទេ ព្រោះក្រុមតំណាងឲ្យជាតិមួយនេះ បានលត់ក្រុមជម្រើសជាតិទីម័រខាងកើត ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។
khsocc
khsocc1
តាមរយៈការប្រកួត ក្រោមក្រសែភ្នែកអ្នកទស្សនាជាជនរួមជាតិជាង៥ម៉ឺននាក់នោះ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងមានទំនុកចិត្ត ហើយភ្ញាក់ផ្អើលបានកាត់មានឡើងមួយរំពេច នៅពេលខ្សែប្រយុទ្ធមកពីក្លិបក្រសួងការពារជាតិ ភួង សុខសាណា បានអូសបាល់រំលងខ្សែការពារក្រុមទីម័រ ហើយបានស៊ុតបាល់នោះបញ្ចូលទីបានយ៉ាងល្អបំផុត នៅនាទីទី១១ នោះ។

គ្រាប់បាល់នាំមុខ ១-០ របស់ ភួង សុខសាណា បានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺនមានក្តីរំភើបយ៉ាងខ្លាំង និងបាននាំគ្នារាំបទ«រាំញីកែងជើង» ដែលច្រៀងដោយអ្នកចម្រៀងវ័យក្មេង ងួន ចាន់ដាវីត មកពីផលិតកម្មហង្សមាស យ៉ាងសប្បាយរីករាយបំផុត នៅក្នុងម៉ោងសម្រាក់តង់ទី១។
khsocc6
khsocc5
បន្ថែមលើនេះការទាត់បាល់ហ្រ្វីឃីតចេញពីជ្រុងខាងស្តាំយ៉ាងខ្លាំង របស់ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ដែលដាក់ឲ្យលេងនៅតង់ទី២ជំនួស កែវ សុខផេង នោះបានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធជើងចាស់ជាមិត្តរួមក្រុម ឃួន ឡាបូរ៉ាវី តែតបាល់នោះបញ្ចូលទីយ៉ាងល្អ នៅនាទីទី៤៧ ដើម្បីឈ្នះ ២-០ លើកនេះ ខណៈការព្យាយាមវាយបកយ៉ាងខ្លាំងរបស់ទីម័រ រកមិនឃើញគ្រាប់បាល់នោះ។

ការឈ្នះ ២-០ នេះវាមិនត្រឹមតែធ្វើឲ្យអ្នកគាំត្រសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែសម្តេច ហ៊ុន សែន ដែលបានទស្សនានៅឯគេហដ្ឋានក៏រីករាយនឹងជ័យជម្នះនេះដែរ ដោយសម្តេច បានផ្តល់ទឹកប្រាក់លើកទឹកចិត្តដល់គ្រូបង្វឹក មន្រ្តីដឹកនាំ និងកីឡាករសរុប៣៤នាក់នៃក្រុមជម្រើសជាតិកម្ពុជា ក្នុងម្នាក់ៗ១ពានដុល្លារដូចគ្នា ហើយប្រាក់រង្វាន់សរុប៣,៤ម៉ឺនដុល្លារនេះត្រូវបានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននាំយកមកឲ្យក្រុមកម្ពុជាផ្ទាល់ ក្រោយការប្រកួតតែម្តង៕
khsocc4
khsocc3