គួរ​ឲ្យ​រន្ធត់​ លិច​ទូក​ផ្ទួនៗ​គ្នា​បី​ថ្ងៃ​ ជន​ភៀសខ្លួន​ជាង​៧០០​នាក់​បាត់​ខ្លួន​ និង​អាច​​​ប្រឈម​នឹង​ការ​បាត់​បង់​​ជីវិត​

បើតាមមន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍កន្លងទៅ មានជនភៀសខ្លួនយ៉ាងហោចណាស់៦៥នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់លិចទូកដឹកជនភៀសខ្លួនចំនួន៣ ក្នុងពេល៣ថ្ងៃ ផ្ទួនៗគ្នា ហើយមន្ត្រីមានការព្រួយបារម្ភថា ចំនួននេះអាចនឹងកើនឡើងដល់ជាង៧០០នាក់ ព្រោះថានៅមានមនុស្សជាង៧០០នាក់ទៀតបន្តបាត់ខ្លួន។

ក្នុងនោះ បើតាមអ្នកនាំពាក្យរបស់ភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ គ្រោះថ្នាក់ក្រឡាប់ទូកទី១ កើតឡើងកាលពីថ្ងៃពុធ ដែលបណ្ដាលឲ្យមនុស្សស្លាប់៥នាក់ ហើយមនុស្សប្រហែល១០០នាក់បានបន្តបាត់ខ្លួនមកដល់ថ្ងៃអាទិត្យ ចំណែកមនុស្សនៅលើទូកជាង៥៦០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះឲ្យរស់រានមានជីវិត។
នៅថ្ងៃព្រហស្បតិ៍វិញ ទូកដឹកជនភៀសខ្លួនមួយគ្រឿងទៀត បានក្រឡាប់ និងលិច ដែលបណ្ដាលឲ្យមានអ្នកស្លាប់១៥នាក់ និងមនុស្សប្រហែល៥៥០នាក់ទៀតនៅបន្តបាត់ខ្លួន ចំណែកជនភៀសខ្លួនប្រហែល១០៤នាក់ផ្សេងទៀតបានរស់រានមានជីវិត។

ក្រោយមកនៅថ្ងៃសុក្រ មានទូកមួយទៀតបានលិចក្នុងសមុទ្រ ប៉ុន្តែគេមិនបានដឹងថា មានមនុស្សប៉ុន្មាននាក់នៅលើទូកនោះទេ។ យ៉ាងណាក៏ដោយមានមនុស្សយ៉ាងហោចណាស់ចំនួន៤៥នាក់ស្លាប់ ហើយមនុស្សជាង១៣៥នាក់ត្រូវបានជួយសង្គ្រោះឲ្យបានរស់ជីវិត។

គួរបញ្ជាក់ថា ក្រុមជនភៀសខ្លួនទាំងនោះ ភាគច្រើនមកពីប្រទេស សូម៉ាលី ប្រទេសអេរីទ្រី និងប្រទេសស៊ូដង់ ដោយធ្វើដំណើរតាមទូកចាស់ៗទាំង៣ដែលបានលិចខាងលើ ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេមកកាន់ទ្វីបអឺរ៉ុប។
គួររំលឹកថា បើតាមអង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន មានជនភៀសខ្លួនយ៉ាងហោចណាស់ចំនួន ១,៤៧៥នាក់បានស្លាប់សម្រាប់រយៈកាលកន្លងមកក្នុងឆ្នាំនេះ ប៉ុន្តែចំនួននេះនឹងកើនឡើង ប្រសិនបើជនភៀសខ្លួនដែលបានបាត់ប្រហែល៦៥០នាក់នេះ ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិត។ ប៉ុន្តែស្ថានភាពអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ព្រោះថានៅក្នុងសប្ដាហ៍កន្លងទៅមានជនភៀសខ្លួនជាង១២,០០០ នាក់ត្រូវបានជួយសង្គ្រោះពីសមុទ្រមេឌីទែរ៉ាណេ ដោយកងនាវាអ៊ីតាលី។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • គួរ​ឲ្យ​រន្ធត់​ លិច​ទូក​ផ្ទួនៗ​គ្នា​បី​ថ្ងៃ​ ជន​ភៀសខ្លួន​ជាង​៧០០​នាក់​បាត់​ខ្លួន​ និង​អាច​​​ប្រឈម​នឹង​ការ​បាត់​បង់​​ជីវិត​已关闭评论
  • 50 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:ជីវិតនិងសង្គម
Tags: