ប៉ាគីស្ថាន​​ចាប់​​ខ្លួន​មន្រ្តី​ពីរ​នាក់​​ពី​ការ​ជួយ​អតីត​មេបញ្ជាការ​ពួកតាលីបង់​

អ្នកនាំពាក្យប៉ាគីស្ថានម្នាក់បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបានចាប់ខ្លួនមន្ត្រីពីរនាក់ទាក់ទងនឹងការចេញឯកសារប៉ាគីស្ថានឲ្យមេពួកតាលីបង់ឈ្មោះ Mullah Akhtar Mansour ដែលត្រូវបានសម្លាប់និងគ្រួសាររបស់ជននោះ។

Mansour ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយយន្តហោះគ្មានមនុស្សបើករបស់ស.រ.អា នៅក្នុងខេត្ត Baluchistan នាប៉ែកនិរតីប្រទេសប៉ាគីស្ថាន។លិខិតឆ្លងដែន Pakistan មួយដែលត្រូវបានរកឃើញនៅជិតឡានដែលត្រូវបានបំផ្លាញ បង្ហាញអត្តសញ្ញាណរបស់ជននោះជា ឈ្មោះ Wali Mohammad។

ប៉ាគីស្ថាន​​ចាប់​​ខ្លួន​មន្រ្តី​ពីរ​នាក់​​ពី​ការ​ជួយ​អតីត​មេបញ្ជាការ​ពួកតាលីបង់​

មេបញ្ជាការពួកតាលីបង់ឈ្មោះ Mullah Akhtar Mansour ដែលត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើក។

លោក Sarfaraz Hussain អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយថាលោក Aziz Ahmed ដែលជាមន្ត្រីម្នាក់នៅក្នុងក្រុង Quetta ដែលជាទីរួមខេត្តនៃខេត្ត Baluchistan បានត្រូវចាប់ខ្លួនកាលពីថ្ងៃសៅរ៍។ លោក Hussain បានថ្លែងថា លោក Ahmed បានយល់ព្រមផ្តល់អត្តសញ្ញាណបណ្ណជាតិមួយឲ្យ Mansour កាលពីឆ្នាំ២០០១។

មន្ត្រីទីពីរ ដែលត្រូវបានចាប់ខ្លួនគឺលោក Riffat Iqbal ដែលធ្វើការជាមួយអាជ្ញាធរខាងការចុះបញ្ជីនៅក្នុងក្រុងកំពង់ផែ Karachi។ លោក Hussain និយាយថា លោក Iqbal ត្រូវបានចាប់ខ្លួន ពីព្រោះលោកបានសម្រួលការបំពេញសំណុំឯកសារសម្រាប់ការទទួលសញ្ជាតិប៉ាគីស្ថានសម្រាប់ប្រពន្ធទីពីររបស់ Mansour និងកូនរបស់ជននោះ៕

ប្រភពៈ VOA