លោក អេង ឆៃអ៊ាង៖ រដ្ឋសភា​រំលោភ​រដ្ឋធម្មនុញ្ញ​ និពន្ធដោយ : ថ្មីៗ       30-05-2016, 8:57 am         1592

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក អេង ឆៃអ៊ាង៖ រដ្ឋសភា​រំលោភ​រដ្ឋធម្មនុញ្ញ​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​រិះគន់​រដ្ឋសភា​ភ្លាម​ បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា៦៨រូប​អនុម័ត​អនុញ្ញាត​ឲ្យតុលាការ​បន្ត​និតិវិធី​ចាត់ការ​លើ​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​តុលាការ​ចោទ​ក្នុងបទល្មើសជាក់ស្តែង ពី​បទ បដិសេធ​ចូល​ខ្លួ​នធ្វើសាក្សី។

«គឺជាការ​រំលោភ​រដ្ឋធម្មនុញ្ញតែម្តង ដោយរដ្ឋសភា​ខ្លួនឯង។ ក្រៅពី​មាត្រា​៨០ គ្មាន​មាត្រា​ណាមួយ​ដែលចែង​អនុញ្ញាត​ឲ្យរដ្ឋសភា​អនុម័ត​យល់ព្រម​ឲ្យមានការចាប់ចង ចាប់ខ្លួន​អ្នកតំណាងរាស្ត្រ​នោះឡើយ។ អ្វីដែល​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​បាន​ធ្វើ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ»។ នេះគឺជាប្រតិកម្ម​របស់​លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅព្រឹកថ្ងៃ​ទី​៣០​ឧសភា​។

ដោយសារតែ​ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ មិនបាន​ចូលខ្លួន​ធ្វើសាក្សី​២ដង​តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់ឯកឧត្តម កឹម សុខា ពីបទ​ បដិសេធ​ចូលខ្លួន​ធ្វើសាក្សី ក្នុងបទល្មើសជាក់ស្តែង កាលពី​ថ្ងៃទី​២៦​ឧសភា។ បន្ទាប់មក​​អយ្យការ​អម​សាលាដំបូ​ងរាជធានី បាន​ធ្វើ​របាយការណ៍ទៅ​រដ្ឋសភាអំពីករណីនេះ។ ជាការ​ឆ្លើយតប រដ្ឋសភា​ដែល​មានតែវត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​កាន់អំណាច ទើបបាន​សម្រេច​អនុម័ត​ជាឯកច្ឆ័ន្ទ​ក្នុង​សំឡេង​៦៨​លើ​៦៨ អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​ឯកឧត្តម កឹម សុខា។

ទាក់ទងនឹង​គម្រោង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះជាតិនៅថ្ងៃចន្ទនេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ រួម​ទាំង​អ្នកតំណាងរាស្ត្រ​ កំពុង​រង់ចាំ​ទទួលញតិ្ត​ពីតំណាង​ពលរដ្ឋ​នៅទូទាំងប្រទេស ដើម្បី​ត្រៀម​ដង្ហែ​ញត្តិនោះទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅរសៀល​ម៉ោង​២​នេះ។ គឺជាញត្តិ​ដែល​ស្នើព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ ក្នុង​សំណុំរឿង​នយោបាយ​តានតឹង​បច្ចុប្បន្ន​នេះ៕