ក្រុម​ជញ្ជីង​ពិបាក​និយាយ​គ្នា​តែ​​ថ្ងៃទេ ពេល​យប់ជ្រៅ​​ស្រួល​និយាយ​គ្នា​ណាស់ !

ក្រុម​ជញ្ជីង​ពិបាក​និយាយ​គ្នា​តែ​​ថ្ងៃទេ ពេល​យប់ជ្រៅ​​ស្រួល​និយាយ​គ្នា​ណាស់ !



ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​ក្រៅពី​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ គេ​ឃើញ​នៅ​មាន​រថយន្ត​យី​ឌុ​ប​ផ្សេង​ៗ​រាប់​សិប​គ្រឿង​ទៀត ខ្លះ​ដឹកឈើ ខ្លះ​ដឹក​ដែក​អេ​ត​ចាយ និង​ខ្លះ​ទៀត​ដឹក​ទំនិញ​ផ្សេង​ៗ កំពុង​ធ្វើ​ចរាចរណ៍​បាន​យ៉ាង​ងាយស្រួល ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ពី​បា​វិត​ទៅ​ភ្នំពេញ និង​ពី​ភ្នំពេញ​ឆ្ពោះទៅ​ច្រកព្រំដែន​នានា​ក្នុង​ខេត្តព្រៃវែង និង​ស្វាយ​រៀង ជា​ពិសេស​នោះ គឺ​នៅ​ពេល​យប់ ។

ក្នុង​ចំណោម​រថយន្ត​ទាំងនោះ ជា​ទូទៅ​រថយន្ត​ដែល​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ព្រំដែន​ក្នុង​ខេត្តព្រៃវែង និង​ស្វាយ​រៀង ពេល​ឆ្លងកាត់​ស្ពាន​អ្នក​លឿង គឺ​មិន​ដែល​មានការ​សាង​ទំនិញ​ចុះ​ទេ បើ​ទោះបីជា​រថយន្ត​យី​ឌុ​ប​ធំ​ៗ ​ទាំងនោះ ដឹក​ទំនិញ​ច្រើន​យ៉ាងណា​ក៏​ដោយ ជាក់ស្តែង​ដូច​ជា​រថយន្ត​យី​ឌុ​ប​ដឹក​អេ​ត​ចាយ​ជាដើម ។ រីឯ​រថយន្ត​ដែល​ដឹក​ទំនិញ​ផ្សេង​ៗ​ចេញពី​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង និង​ព្រៃវែង​តាម​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​ភ្នំពេញ​វិញ រថយន្ត​មួយ​ចំនួន​មិន​បាន​សាង​ទំនិញ​ចុះ​ទេ តែ​រថយន្ត​មួយ​ចំនួន​ទៀត​បាន​ទៅ​ចត​សាង​ទំនិញ​នៅ​ចំណុច​អតីត​ក្បាល​សាឡា​ង​ អ្នក​លឿង​ត្រើយ​ខាងកើត រួច​ទើប​បើក​ឆ្លងស្ពាន​អ្នក​លឿង​ឆ្ពោះទៅ​ភ្នំពេញ ។

ទាំងនេះ ​គឺ​សបញ្ជាក់​អោយ​ឃើញ​ថា បើ​ទោះបីជា​នៅ​ក្នុង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ក្រុម​រថយន្ត​ដឹក​លើស​ទម្ងន់​ ទាំងនោះ​ដដែល ព្រោះ​ពួក​គេ​នៅ​តែ​អាច​ចរាចរណ៍​ទៅ​វិញ​ទៅ​មក​នៅ​លើ​ដងផ្លូវ​ដោយ​គ្មាន​ការ​ រំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ ។

ជាក់ស្តែងកាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា កន្លង​មក រថយន្ត​យី​ឌុ​ប​ខ្នាត​យក្ស​១​គ្រឿង​ដែល​ផ្ទុក​ឈើ​ពេញ​ហៀរ​រថយន្ត និង​មាន​ទម្ងន់​សរុប​រហូត​ដល់​ជាង​៦១​តោន បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ស្ថានីយ​ថ្លឹង​ទម្ងន់​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដែលបោះទីតាំង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ចាប់​ឱ្យ​សាង​ឈើ​ទម្លាក់​ចុះ និង​ធ្វើការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ ។

ប្រធាន​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​នៅ​ឃុំ​ព្រៃ​ព្នៅ​ លោក អ៊ុ​ន សុធា ​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ចាប់​ផាកពិន័យ​នេះ​គឺជា​ប្រភេទ​រថយន្ត​យី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A ៣១៧០ មាន​ម្ចាស់​ឈ្មោះ ចិន មេ​សា​បុត្រ ។ នៅ​លើ​រថយន្ត​មាន​ដឹកឈើ​ក្តារ​សម្រាប់​ធ្វើ​ផ្ទះ​ពេញ​១​រថយន្ត​តែ​ម្តង ប៉ុន្តែ​មិនដឹង​ថា​ឈើ​ទាំងនោះ​មានច្បាប់​ឬ​អត់​នោះ​ទេ ទាល់តែ​មេព្រៃ​ទើប​ដឹង ។

លោក អ៊ុ​ន សុធា បញ្ជាក់​ថា រថយន្ត​យី​ឌុ​ប​នេះ​ជា​រថយន្ត​ប្រភេទ​ភ្លៅ​៥ ដែល​តាម​ផ្លូវច្បាប់​ទម្ងន់​សរុប​ដែល​អាច​ផ្ទុក​គឺ​បាន​ត្រឹមតែ​៣៥​តោន​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ថ្លឹង​ជាក់ស្តែង គឺ​ឃើញ​ថា រថយន្ត​នេះ​មាន​ទម្ងន់​សរុប​រហូត​ដល់​ទៅ​៦១​តោន​និង​៤៧០​គីឡូក្រាម​ឯណោះ គឺ​ដឹក​លើស​ចំណុះ​រហូត​ដល់​ទៅ​២៦​តោន​និង​៤៧០​គីឡូក្រាម​។ ដូច្នេះ​ហើយ ទើប​ស្ថានីយ​ថ្លឹង​ចាប់​ឲ្យ​ម្ចាស់​រថយន្ត​សាង​ឈើ​ទម្លាក់​ចុះ និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ គឺ​ពិន័យ​ជា​ទឹកប្រាក់​សរុប​ចំនួន​៧​លាន​៨​សែន​រៀល ។ ក្រោយ​ពី​ម្ចាស់​រថយន្ត​ព្រម​បង់​តាម​ការ​ផាកពិន័យ​ហើយ​នោះ រថយន្ត​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​តែ​ម្តង​។

ប្រភពពីក្រុម​អ្នកបើកបរ​រថយន្ត​ធំ​ៗ​ទាំងនោះ បាន​និយាយ​ទាំង​បែប​ឡកឡឺយ​ថា សមត្ថកិច្ច​ទាំងនោះ​រួម​ទាំង​ក្រុម​ជញ្ជីង​ផង ពិបាក​និយាយ​គ្នា​តែ​ពេល​ថ្ងៃ​ទេ តែ​ដល់​ពេល​យប់​ជ្រៅ​ទៅ​ស្រួល​និយាយ​គ្នា​ណាស់ !