​គ្រាន់តែជិះកាត់​មុខ​​សោះ​​​ ជេរម៉ែ ផ្ទុះ​ប្រាវ​

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​ដឹក​ប្រពន្ធ​ និង​ប្អូនស្រី​ទៅ​លេង​ផ្ទះ​បងប្រុស​​​ដោយ​ជិះ​ម៉ូតូមួយគ្រឿង​ ក៏​បាន​​វ៉ា​​ពីមុខ​រថយន្តបា​ឡែ​ន​មួយ​គ្រឿង ស្រាប់​តែ​ធ្វើ​​ឱ្យ​អ្នក​បើក​រថយន្ត​ខឹង​​​ជេរ​​ប្រមាថ ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូខឹង​​ចុះ​​ទៅ​វាយ​មួយដៃ ​ហើយ​ត្រូវបើក​រថយន្ត​​​យក​​កូន​សោ​​​ចាក់​​​​ចំ​ក្បាល​​វិញ​ ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ ។  ​

ហេតុ​ការណ៍​នេះ​ ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​០៨​ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ​ឧសភា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​នៅ​ចំណុច​ផ្លូវ​បំបែក​ដី​​ថ្មី ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

អ្នក​​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​​ឈ្មោះ​ថឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​​ជាង​ដេរ ស្នាក់​នៅផ្ទះ​ជួល បន្ទប់​លេខ​១៧ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។ ចំណែក​អ្នក​បើករថយន្ត​កាម​រី​បា​ឡែ​ន​ឈ្មោះ​ឯម ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់​តាក់​​ស៊ី មានស្រុក​កំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ​ ។

​មុន​​ពេល​​កើត​ហេតុ​ គេឃើញអ្នក​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU-6864 ជិះ​គ្នា​៣​នាក់ ​​​(ប្រពន្ធ​ និង​ប្អូនស្រី​) ​គោលបំណង​ទៅ​លេង​ផ្ទះ​បងប្រុស​នៅ​ម្តុំ​ដី​ថ្មី ។ លុះជិះ​​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ
​​កើត ។ រីឯ​រថយន្ត​ម៉ាកកាម​រី​បា​ឡែ​ន ពណ៌​.ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-7648 បើកបរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​ក្នុង​ទិស​ដៅ​ស្របគ្នា ​​ម៉ូតូ​នោះបាន​វ៉ា​រថយន្ត​​ ស្រាប់តែ​អ្នក​បើក​​ខឹង​បាន​ជេរ​ទៅ​លើ​អ្នកជិះមូតូថា​ «អា​ចុយ​ម៉ា​យ​ ប្រញាប់​ទៅ​ស្លាប់​មែន​» ។ស្រាប់​តែ​​ធ្វើ​ឱ្យ​​អ្នកជិះម៉ូតូ​​ខឹង ​ក៏​​ឈប់​​ហើយ​បាន​វាយ​មួយ​ដៃ​ចំ​ក្បាល ​ធ្វើឱ្យ​​ភាគី​ខាង​រថយន្ត​ខឹង​បាន​យក​សោ​​ថយន្តទៅ​ចាក់​​ចំ​ក្បាល​ បណ្តាលឱ្យ​​រង​របួសធ្ងន់​ហូរ​ឈាម​ក​ក្បាល​តែម្តង ។

ចំណែក​ភាគី​អ្នក​បើករថយន្ត​កាម​រី​បា​ឡែ​ន​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះត្រូវអាវុធហត្ថ​ខណ្ឌមានជ័យ​​ដឹក​យក​ទៅ​សាកសួរ​ រួម​ជាមួយ​អ្នក​បើក​ម៉ូតូ​​ ៕