កំណាព្យ «ពុកជាអ្នកក្រ»

ពុកជាអ្នកក្រដេករស់ក្រោមមេឃ ព្រឹកឡើងបើកភ្នែកវែកបាយកញ្ចប់ 
ចង្វារប្រហុកមានបីបួនដប់ គ្មានក្លិនទឹកអប់ដូចឪអ្នកមាន។
ពុកជាអ្នកក្រដេករស់លើដី មេឃក្តៅចាំងថ្ងៃក្រពះឪឃ្លាន 
តែដើម្បីកូនឪស៊ូអត់ឃ្លាន ដើម្បីកូនរៀនមានអនាគត។
ពុកជាអ្នកក្រដេករស់តាមផ្លូវ ព្រោះកូនមិននៅចោលឪទុគ៌ត
ជើងឪមួយគូប្រឹងលូនក្រាបលុត ព្រោះឪទុគ៌តគ្មានកូនមើលថែ។
ពុកជាអ្នកក្រដេកក្រោមដើមឈើ គេថាឪល្ងើរដើរធ្វើប៉ោឡែ
កូននៅឯផ្ទះមិនឲ្យវាថែ កូនសន្តានឆ្កែវាថែម្ត៉េចបាន។
ពុកជាអ្នកក្រដេកតាមសំយាប ក្លិនស្អុយឆ្អេះឆ្អាបទឹកលូទឹកចាន

ក្លិនអាចម៏ទឹកនោមសំរាមជុំប្រាណ ឪទ្រាំម្ត៉េចបានកូនអើយ!ជួយផង។
ពុកជាអ្នកក្រដេកក្រោមទឹកភ្លៀង រងារក្រំក្រៀមភ្លៀងផ្គរផ្តោះផ្តង
សម្លេងឪស្រែកជួយផងៗ! គេដើររំលងព្រោះសម្លេងភ្លៀង។
ពុកជា អ្នកក្រដេករស់តាមផ្សារ ប្រឹងលើកហត្ថាអង្វរសុំស្បៀង
ឪឃ្លានណាស់កូនទើបប្រឹងស្រែកច្រៀង អង្វរសុំស្បៀងពីកូនគ្រប់គ្នា។ 

ពុកជាអ្នកក្រដេករស់ក្នុងវត្ត ព្រោះកូនភ្លាំងភ្លាត់ឲ្យឪវេទនា
ធ្លាក់ខ្លូនដុនដាបឈឺចាប់ក្រំគ្រា ព្រោះឪជរាអស់កម្លាំងកាយ។
ពុកជាអ្នកក្រសុំផ្តាំទៅកូន មុនជីវិតសូន្យលាកូនឆោមឆាយ
ថាឪស្រែកទឹកនឹកផ្នករកបាយ កុំឲ្យឪឆ្ងាយជាខ្មោចអត់ឃ្លាន។
ពុកជាអ្នកក្រសុំកូនប៉ុណ្ណឹង សូមកូនព្រលឹងធ្វើបុណ្យដាក់ទាន
តាមផ្លូវទៅផ្សារសាលាឆទាន បើឃើញដាក់ទានឲ្យឪហូបផង។
ពុកជាអ្នកក្រអង្វរកូនរស់ ឪឃ្លានញ័រពោះចង់ខ្យល់ម្តងៗ
សូមកូនជួយឪបំពេញបំណង ឲ្យឪឆ្អែតផងណាកូនម្ចាស់មិត្ត។
ពុកជាអ្នកក្រគង់ស្លាប់ជាដី បើកូនប្រុសស្រីមិនខ្ចីនឹកគិត
ជួយឪឲ្យរស់ដោយក្តីអាណិត បំពេញទឹកចិត្តជាកូនកតញ្ញូ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload