វិធី​ការពារ​ស្បែក​​ ក្នុង​ពេល​ហាត់​ប្រាណ

ជួនកាល ទម្លាប់​ហាត់​ប្រាណ​ខាង​ក្រៅ​អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ស្បែក​ដែល​យើង​មិន​ចង់​បាន។ មនុស្ស​ភាគ​ច្រើន​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​ក្រៅ ដោយសារ​ពួក​គេ​គិត​ថា ​ការ​ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ការ​បែក​ញើស នឹង​ធ្វើ​ឲ្យ​ចេញ​មុន ស្បែក​រមាស់ និង​មាន​បញ្ហា​ផ្សេងៗ​ជាដើម។ ខាង​ក្រោម​នេះ​ ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ការពារ​បញ្ហា​ទាំង​នេះ​បាន​៖

 

១. ចៀស​វាង​ការ​តុបតែង​មុខ​៖ ការ​តុប​តែង​មុខ ពេល​ហាត់​ប្រាណ​ នឹង​ធ្វើ​ឲ្យ​រន្ធ​រោម​បិទ​ ជា​ហេតុ​ធ្វើ​ឲ្យ​សុខភាព​ស្បែក​មិន​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​បើ​អ្នក​គ្មាន​ជម្រើស នោះ​គ្រាន់​តែ​លាប​ម៉ាស្ការ៉ា និង​ក្រែម​មាត់​ គឺ​គ្រប់​គ្រាន់​ហើយ។

 

២. សម្អាត​សារជាតិ​កខ្វក់​៖ ជាក់ស្តែង​ ការ​ធ្វើការ​ខាង​ក្រៅ​ធ្វើ​ឲ្យ​ស្បែក​មុខ​បែក​ញើស មាន​ខ្លាញ់ ព្រម​ទាំង​ជាប់​ធូលី​កខ្វក់​ជាច្រើន​។ ដូច្នេះ អ្នក​ត្រូវ​លាង​សម្អាត​ស្បែក​មុខ​ឲ្យ​បាន​ស្អាត​ មុន​នឹង​ចាប់​ផ្តើម​ហាត់​ប្រាណ​ ឬ​លេង​កីឡា។

 

៣. ពាក់​កំណាត់​រឹប​សក់​៖ ស្ត្រី​ភាគ​ច្រើន​បែក​ញើស​សក់​ ពេល​ហាត់​ប្រាណ ដូច្នេះ​ការ​ពាក់​បូ​ជូត​សក់​ គឺ​ជា​ជម្រើស​ល្អ​ដែល​អាច​ជួយ​ឲ្យ​ញើស​មិន​ស្រក់​ចុះ។ នេះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​អាច​ការពារ​ជាតិ​កខ្វក់​ដែល​អាច​បំផ្លាញ​ដល់​សុខភាព​ស្បែក។

 

៤. ក្រាល​កន្សែង​លើ​កម្រាល​ហាត់​ប្រាណ​៖ សម្រាល​កៅស៊ូ​ហាត់​ប្រាណ​អាច​ជា​កន្លែង​ផ្ទុក​នូវ​មេរោគ​យ៉ាង​ច្រើន។ ដូច្នេះ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ទាំង​នេះ អ្នក​គួរ​ស្លៀក​សំលៀក​បំពាក់ ឬ​ក្រាល​កន្សែង​ពី​លើ​ដើម្បី​ចៀសវាង​ការ​ប៉ះ​ផ្ទាល់​ដែល​អាច​ធ្វើឲ្យ​ឆ្លង​មេរោគ ​ហើយ​បណ្ដាល​ឲ្យ​កើត​ជំងឺ​មុន​នៅ​លើ​ស្មា ឬ​ខ្នង​ជាដើម។

 

៥. ផ្ដល់​សំណើម​ដល់​ស្បែក​៖ អ្នក​ត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ បន្ទាប់​មក​ប្រើ​ក្រែម​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក ព្រម​ទាំង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

 

វិធី​ការពារ​ស្បែក​​ ក្នុង​ពេល​ហាត់​ប្រាណ

 

៦. ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ៖ កម្ដៅ​ថ្ងៃ​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​។ បើ​អ្នក​មិន​អាច​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​បាន អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ខាង​ក្រៅ។

 

៧. ជ្រើសរើស​សំលៀកបំពាក់​ដែល​ស័ក្ដិសម៖ អ្នក​គួរ​ជ្រើសរើស​សំលៀក​បំពាក់​ដែល​ស័ក្ដិសម​ដើម្បី​ការ​ពារ​ការ​បែកញើស​ច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អាការ​រមាស់ ឬ​មុន​កើត​ឡើង។

 

៨. ប្តូរ​សំលៀក​បំពាក់​ហាត់​ប្រាណ​ឲ្យ​បាន​រហ័ស​៖ បន្ទាប់ពី​​ហាត់​ប្រាណ​រួច អ្នក​គួរ​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ហាត់​ប្រាណ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​បាន ដោយសារ​សំលៀក​បំពាក់​ដែល​ជោក​ញើស អាច​ធ្វើឲ្យ​មេរោគ​កកើត​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ជាតិ​សំណើម​ទាំង​នោះ។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​មិន​គួរ​ចៀស​វាង​ការ​ហាត់​ប្រាណ ដោយសារ​តែ​បារម្ភ​ពី​សុខភាព​ស្បែក​នោះ​ទេ។ អ្នក​ត្រូវ​ចងចាំ​ថា ជាតិ​ទឹក​គឺ​ជា​គន្លឹះ​សំខាន់​ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ៕

 

វិធី​ការពារ​ស្បែក​​ ក្នុង​ពេល​ហាត់​ប្រាណ

 

អត្ថបទ៖ លោកស្រី Samantha Clayton, Sr. Director of Fitness Education at Herbalife