បើក​ប៉ះ​គេ​ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ ត្រូវគេតាម​វាយ​បែក​កញ្ចក់​រថយន្ត​អស់​

បើក​ប៉ះ​គេ​ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ ត្រូវគេតាម​វាយ​បែក​កញ្ចក់​រថយន្ត​អស់​



ភ្នំពេញ ​៖ ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ ត្រូវ​បាន​គេ​ជិះ​ម៉ូតូ​២​ទៅ​៣​គ្រឿង​ ដេញ​តាម​វាយ​បំបែក​កញ្ចក់​រថយន្ត ​បណ្ដាល​ឲ្យ​បែក​អស់រលីង​ ព្រោះតែ​ខឹង​នឹង​បុរស​ជនជាតិ​កូរ៉េ​រូប​នោះ​ បើករថយន្ត​ប៉ះ​នឹង​បុក​គេ​ហើយ​ មិន​ព្រម​ឈប់​ទទួល​ខុល​ត្រូវ ​ហើយ​ព្យាយាម​បើក​រត់គេច​ទៅវិញ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​២៩​ ខែឧសភា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ខាងមុខ​ច្រក​ទ្វារ​សាលា​កូ​ឡាប ​ស្ថិត​ខាងត្បូង​ស្ពាន​ជ្រោយចង្វា ​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ​អ្នក​បើក​រថយន្ត​បង្កហេតុ ​ដោយ​យោង​តាម​ការ​បង្ហាញ​នាមប័ណ្ណ​ ផ្ទាល់ខ្លួន​រប​ស់​គេ​មាន ឈ្មោះ​ Lee Sung Eun (Alex Lee)​ ជនជាតិ​កូរ៉េ ​ធ្វើការ​នៅ​ក្រុមហ៊ុន​ (Audruim) ​មាន​ទីតាំង​ផ្លូវ​លេខ​៥៩៨ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ​។ ​ចំណែក​រថយន្ត​របស់​គាត់​ ដែល​ត្រូវ​គេ​វាយ​បែក​កញ្ចក់​អស់នោះ​ ម៉ាក​Matiz II ពណ៌​ផ្ទៃមេឃ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U 56 47។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ បុរស​ជនជាតិ​កូរ៉េ​រូប​នោះ​បាន​បើករថយន្ត​របស់​ខ្លួន​​បុក​​ប៉ះ​អ្នកដំណើរ​តិចតួច​នៅ​ម្តុំ​ផ្សារ​ចាស់ តែ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ បែរ​ជា​ព្យាយាម​បើក​រត់​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ពី​ត្បូង​មក​ជើង ​​ខណៈនោះ​ក៏​ឃើញ​មនុស្ស​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​២​ទៅ​៣​គ្រឿង​ តាម​ពីក្រោយ​ដែល​ម្នាក់​មាន​ដុំ​ថ្ម​ និង​ដំបង ​លុះ​មកដល់​ចំណុច​ខាងត្បូង​ស្ពាន​ជ្រោយចង្វា​ ស្ថិត​ខាងមុខ​ច្រក​ទ្វារ​សាលាបឋម​កូ​ឡាប​ ស្រាប់តែ​ក្រុម​ម៉ូតូ​ដែល​ដេញ​តាម​នោះ មក​ទាន់​ក៏​ចាប់ផ្តើម​វាយ​បំផ្លាញ​ កញ្ចក់​រថយន្ត​របស់​ជនជាតិ​កូរ៉េ​រូប​នោះ ​បែក​ខ្ទេច​អស់​ទាំងអស់​តែម្តង​។​ ​

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ខណៈ​ពេល​ដែល​ក្រុម​ម៉ូតូ​តាម​វាយកម្ទេច​កញ្ចក់​រថយន្ត​នោះ​ គឺ​បាន​កើតឡើង​នៅ​ជាប់​នឹង​កម្លាំង​ប៉ូលិស​ចរាចរណ៍​ ៣​ទៅ​៤​នាក់​ ដែល​កំពុង​តែ​ធ្វើ​ការ​ចាប់​ផាកពិន័យ​ លើ​យាន​យន្ត​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ទៀត​ផង បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​មួយចំនួន​ នាំគ្នា​រិះគន់​ទៅ​ក្រុម​ប៉ូលិស​ចរាចរណ៍​ទាំងនោះ​ថា ហេតុ​អី​ក៏​មិន​ជួយ​អន្តរាគមន៍​ ចាប់​ឃាត់​សិន ​ហេតុ​អី​ក៏​បណ្តោយ​ឲ្យ​​វាយ​បំបែក​កញ្ចក់​ រថយន្ត​របស់​គេ​ខ្ទេច​អស់បែប​នេះ​។ ​ម្យ៉ាង​វិញទៀត ​ក្រុម​ដែល​តាម​វាយ​បំបែក​កញ្ច​ក់​រថយន្ត​គេ​នោះ​ នាំ​គេច​បាត់​អស់​ថែមទៀត គួរ​តែ​ឃាត់ទុក​ក្រុម​ទាំងនោះ​សួររក​ហេតុផល​សិន។​

ពាក់ព័ន្ធ​នឹង​ការ​តាម​វាយ​បំបែក​កញ្ចក់​ រថយន្ត​មួយ​គ្រឿង​នោះ​ដែរ​ សមត្ថកិច្ច​បាន​ឃាត់​ម្ចាស់​រថយន្ត ​ដែល​ត្រូវ​គេ​តាម​វាយ​បែក​កញ្ចក់​រូប​នោះ​ ដើម្បី​សម្រួល​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​ ដែល​គាត់​បើក​រថយន្ត​បុក​នោះ​៕

បើក​ប៉ះ​គេ​ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ ត្រូវគេតាម​វាយ​បែក​កញ្ចក់​រថយន្ត​អស់​

បើក​ប៉ះ​គេ​ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ ត្រូវគេតាម​វាយ​បែក​កញ្ចក់​រថយន្ត​អស់​