ធ្លាប់គិតទេ? ហេតុអ្វីបានជា យើងមិនអាច ខ្វះមិត្តភាពបាន?

មិត្តភក្តិ អាចប្រកួតប្រជែងជាមួយយើង, អាចធ្វើអោយយើងយល់ច្រលំ, ប៉ុន្តែហេតុអ្វីបានជាយើងនៅតែត្រូវការចំណងមិត្តភាព? ក៏ព្រោះតែ មិត្តភាព ផ្តល់សារៈសំខាន់ដល់សុខុមាលភាព របស់យើង ដូចទៅនឹងការទទួលទានអាហារ និងធ្វើលំហាត់ប្រាណដូច្នេះដែរ។

មិត្តភក្តិ ជួយធ្វើអោយជីវិតរបស់យើងប្រសើរឡើង។ មិត្តសម្លាញ់របស់អ្នកនឹង ជួយអបអរអ្នកនៅពេលដែលមានរឿងល្អៗកើតឡើង ក៏ដូចជាផ្តល់ការគាំទ្រនៅពេលដែលអ្នកពិបាកចិត្ត។ មិត្តភក្តិ មានតួនាទីនិងភារកិច្ច នៅក្នុងដំណើរជីវិត ដូចជាគ្រួសាររបស់យើងដូច្នោះដែរ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង, យើងត្រូវការមិត្តភក្តិដើម្បីពឹងពាក់, កើតទុក្ខជាមួយគ្នា, ស្តាប់យើងនិយាយ, និងដើម្បីលើកទឹកចិត្តយើង ជាដើម។

ខាងក្រោមនេះជាមូលហេតុដែល មិត្តភាពមានសារៈសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ ៖

១. រក្សាស្មារតី និងរាងកាយអោយរឹងមាំ

អត្ថប្រយោជន៍មួយនៃមិត្តភាព ដែលមនុស្សភាគច្រើនមើលរំលង គឺវាជួយរក្សាគំនិត និងរូបរាងកាយយើងអោយបានរឹងមាំ។ ការសិក្សាពីសកលវិទ្យាល័យ Harvard ឲ្យដឹងថា ចំណងមិត្ដភាពដែលមានភាពរឹងមាំ គឺបានជួយដល់សុខភាពខួរក្បាល។ មិត្តភក្តិ អាចជួយសម្រាលភាពតានតឹងរបស់អ្នក, ផ្តល់យោបល់ពីរបៀបរស់នៅឲ្យល្អប្រសើរជាងមុន ដែលធ្វើអោយយើងរឹងមាំ  និងបណ្តាលឲ្យអ្នកស្ទុះងើបឡើងវិញពីបញ្ហាសុខភាព  និងជំងឺច្រើនយ៉ាងបានយ៉ាងឆាប់រហ័ស។  មិត្តភាពក៏មានសារៈសំខាន់ដូចគ្នា ទៅលើសុខភាពផ្លូវចិត្តរបស់យើងដែរ។ ការសិក្សាស្រាវជ្រាវមួយបានលើកឡើងថា ការចំណាយពេលវេលាជាមួយមិត្តភក្តិ  ពិតជាធ្វើអោយមនុស្សផ្លាស់ប្តូរទស្សនៈវិស័យទៅរកភាពវិជ្ជមានបានយ៉ាងល្អប្រសើរ។ នោះមានន័យថា យើងមានភាពរីករាយជាងមុន  នៅពេលដែលយើងជ្រើសយកការចំណាយពេលវេលាជាមួយនឹងមនុស្សដែលរីករាយដូចគ្នា។

២. បំបាត់ភាពឯកោ

យើងមិនអាចបំបាត់ភាពឯកោ ទាំងដែលគ្មានជំនួយបានទេ។ អ្នកទាំងឡាយណាដែលមានចំណងមិត្តភាពរឹងមាំ អាចយកឈ្នះភាពឯកោ បានលឿនជាងអ្នកដែលមិនមាន។ ការដើរលេងកម្សាន្ត ជាមួយមិត្តភក្តិគឺជាវិធីដ៏ល្អបំផុតក្នុងការយកឈ្នះភាពឯកោ។ យើងនឹងដឹងថា ចំណងមិត្ដភាពមួយចំនួន មិននៅស្ថិតស្ថេរជារៀងរហូតទេ ប៉ុន្តែវាប្រាកដជាបាននាំមកនូវ ការចងចាំអ្វីមួយ ដែលពិសេសសម្រាប់អ្នក។ ដូច្នេះយើងនឹងយល់ពីសារៈសំខាន់ ដែលត្រូវមាននរណាម្នាក់, ត្រឹមតែម្នាក់ក៏បាន, ដើម្បីនៅក្បែរអ្នក និងយល់ពីអ្នក។ នេះហើយគឺជា គន្លឹះក្នុងការគេចចេញពី ភាពឯកោនោះ។ 

៣. បង្កើនភាពជឿជាក់លើខ្លួនឯង

យើងទាំងអស់គ្នា សុទ្ធតែធ្លាប់មានការប្រឈមបញ្ហា ទាក់ទងនឹងភាពជឿជាក់លើខ្លួនឯង នៅពេលណាមួយ ក្នុងជីវិតរបស់យើង។ ហេតុនេះទើប មិត្តភក្តិជាអ្នកធ្វើការលើកទឹកចិត្ត និងជួយយើងដើម្បីធ្វើការអភិវឌ្ឍន៍អារម្មណ៍របស់យើងឡើងវិញ។ មនុស្សគ្រប់គ្នាតែងតែចង់បាន ការយកចិត្តទុកដាក់ខ្លាំង និងសេចក្តីស្រលាញ់ ជាមួយនឹងមនុស្សម្នាក់ ដែលគិត និងផ្តល់យោបល់នៅគ្រប់ស្ថានភាព ក៏ដូចជាផ្តល់តម្លៃទៅអោយអ្នកផងដែរ។ នេះហើយជាអ្វីដែល មិត្តរបស់អ្នកជួយបង្កើននូវភាពជឿជាក់មកអោយអ្នក។

៤. ជួយបង្កើនទំទាក់ទំទងជាមួយនឹងមនុស្សគ្រប់គ្នា

មិត្តភក្តិដែលចូលមកក្នុងជីវិតយើងនេះ នឹងបង្ហាញអ្នកពីរបៀបអត់អោនទោស, របៀបលេងសើច, និងរបៀបសន្ទនាគ្នា។ ចំណងមិត្តភាពនេះហើយ ដែលជាមូលដ្ឋាន សម្រាប់ការឈានទៅរកទំនាក់ទំនងផ្សេងៗ ដូចជាចំណងអាពាហ៍ពិពាហ៍ជាដើម។ យើងនឹងបានរៀនពីរបៀបឆ្លើយតប​ទៅកាន់ប្រភេទមនុស្សផ្សេងៗគ្នា, ពីព្រោះក្នុងចំណោមមិត្តភក្តិរបស់យើង ប្រាកដជាម្នាក់ ដែលមានគំនិតទស្សនៈដែលខុសពីគេ។ ជាលទ្ធផល យើងនឹងមានភាពងាយស្រួល ក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សដទៃទៀត ទៅតាមបទពិសោធន៍ដែលអ្នកឆ្លងកាត់ជាមួយមិត្តភក្តិ។

៥. ដឹងពីរឿងរ៉ាវថ្មីៗ

ការដែលយើងមានមិត្តភក្តិច្រើន គឺមានន័យថាជាការចែករំលែកបទពិសោធន៍ជាច្រើនខុសៗគ្នា អោយគ្នាទៅវិញទៅមក។ យើងនឹងមានពេលវេលាដែលគាំង គិតមិនចេញពីអ្វីដែលកំពុងតែធ្វើជាប្រចាំនោះ ហើយអ្នកប្រាកដជាចង់ដឹងថា តើមិត្តភក្តិរបស់អ្នកគេដោះស្រាយយ៉ាងដូចម្តេច។ អ្នកនឹងមានឱកាសដឹងពីរឿងរ៉ាវថ្មីៗ និងរឿងផ្សេងៗទៀត ដែលអ្នកមិនធ្លាប់ធ្វើពីមុនមក នៅពេលដែលអ្នកចែករំលែកបទពិសោធន៍ទៅអោយគ្នា។  អ្វីៗដែលយើងចែករំលែកទៅអោយគ្នានោះ អាចជាបទពិសោធន៍ដ៏អស្ចារ្យ ដើម្បីបង្កើតនូវគំនិតថ្មីផ្សេងទៀត និងអាចផ្ដល់ជាឱកាសសម្រាប់ពួកយើង ដើម្បីផ្លាស់ប្តូរខ្លួនអោយបានល្អប្រសើរ។

៦. បង្កើនអាយុ

មិត្តភាព ផ្តល់នូវឥទ្ធិពលវិជ្ជមានទៅលើជីវិតរបស់អ្នក។ ឧទាហរណ៍ ការស្រាវជ្រាវមួយបានបង្ហាញថា ការមានមិត្ដភក្ដិល្អច្រើន នឹងធ្វើអោយអ្នកមានអាយុវែង ជាជាងទំនាក់ទំនងជាមួយសាច់ញាតិ និងក្រុមគ្រួសារទៅទៀត។ ការតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងជ្រាលជ្រៅ ជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ូលបានថែមទៀតផង។

៧. ជីវិតកាន់តែមានន័យ

មិត្តភក្តិ គឺជាអ្នកផ្តល់អត្ថន័យបន្ថែមទៀត ទៅក្នុងជីវិតរបស់យើង។ ក្នុងការចំណាយពេលជាមួយមិត្តភក្តិ យើងបំពេញជីវិតរបស់យើង ជាមួយនឹងការនិយាយគ្នាដោយស្មោះត្រង់,  ការយកចិត្តទុកដាក់  និងការគាំទ្រយ៉ាងអស់ពីចិត្ដ,  និងភាពសើចសប្បាយរីករាយភ្លេចអស់នូវទុក្ខកង្វល់។  ពេលដែលយើងធ្លាក់ចូល ក្នុងស្ថានការលំបាក,  មិត្តភក្តិរបស់យើងនឹងនៅទីនោះ ដើម្បីផ្តល់ជាយោបល់ និងទស្សនៈជួយយើង។ នៅពេលដែលយើងទទួលបានភាពជោគជ័យ, ពួកគេក៏កំពុងតែញញឹមយ៉ាងរីករាយជាមួយយើង។  ពួកគេធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅ  ពោរពេញដោយការស្រលាញ់  និងជាអ្នកជម្រុញអោយអ្នក មានភាពរីករាយនៅក្នុងជីវិត  ដែលមិនអាចខ្វះបានឡើយ៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្លាប់គិតទេ? ហេតុអ្វីបានជា យើងមិនអាច ខ្វះមិត្តភាពបាន?

ធ្លាប់គិតទេ? ហេតុអ្វីបានជា យើងមិនអាច ខ្វះមិត្តភាពបាន?