កម្ពុជា​ផ្តួល​ទីម័រ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង ៥០០០០ នាក់

ភ្នំពេញៈ បើទោះបីជាការប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា មានរយៈពេលខ្លី ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាជាង ៥ ម៉ឺននាក់ ដែលបានទិញសំបុត្រចូលមើលផ្ទាល់ មានការខកចិត្តនោះទេ ខណៈពួកគេ បានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញ ប៉ុន្តែ ក្រុមណាហ្គាវើល បានត្រឹមសុំទោសអ្នកគាំទ្រ នៅពេលពួកគេបានធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ RHB Singapore Cup 2016 នោះ។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិលើកនេះ វាបានបង្ហាញឲ្យឃើញពីទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះមានអ្នកទស្សនា ដែលបានទិញសំបុត្រចូលរួមការប្រកួតផ្ទាល់រហូតដល់ជាង ៥ ម៉ឺននាក់ ហើយពួកគេបានអង្គុយចាំការប្រកួតជាង ២ ម៉ោងរីឯអ្នកទស្សនាមួយចំនួនទៀត ដែលមានទម្លាប់មកទិញសំបុត្រពេលដល់ថ្ងៃប្រកួតនោះ បានបង្ខំចិត្តផ្លោះរបងចូលក្នុងទីលាន ព្រោះមិនមានសំបុត្រនៅសល់ និងបន្តលក់រហូតដល់ពេលប្រកួតដូចលើកមុនៗ។

យ៉ាងណាក៏ដោយពួកគេមិនខកចិត្តនោះទេ ព្រោះការលេងប្រកបដោយភាពជឿជាក់របស់ក្រុមកម្ពុជា បានធ្វើឲ្យពួកគេស្រែកហ៊ោជាមួយអារម្មណ៍យ៉ាងរំភើបជាបន្តបន្ទាប់ ហើយអ្វីដែលពិសេសនោះ គឺគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធជើងចាស់ក្លិបក្រសួងការពារជាតិ ភួង សុខសាណា នៅនាទីទី ១១។

កម្ពុជា​ផ្តួល​ទីម័រ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង ៥០០០០ នាក់

ភួង សុខសាណា បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អបំផុត ខណៈរូបគេបានអូសបាល់រំលងខ្សែការពាររបស់ក្រុមទីម័រ យ៉ាងល្អនោះ។ គ្រាប់បាល់នាំមុខ ១-០ របស់គេបានធ្វើឲ្យអ្នកទស្សនាអាចរាំតាមភ្លេងនៃបទ «រាំញីកែងជើង» ដែលច្រៀងដោយអ្នកចម្រៀងវ័យក្មេង ងួន ចាន់ដាវីត មកពីផលិតកម្មហង្សមាស នៅក្នុងម៉ោងសម្រាកតង់ទី ១ យ៉ាងសប្បាយរីករាយ។

បន្ថែមលើនេះការទាត់បាល់ហ្រ៊ីឃីតចេញពីជ្រុងខាងស្តាំយ៉ាងខ្លាំង និងចំគោលដៅរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលដាក់ឲ្យលេងនៅតង់ទី ២ ជំនួស កែវ សុខផេង បានធ្វើឲ្យអ្នកចាំទីរបស់ទីម័រ លោតចាប់ក្រឡកឡើងលើ ដែលជួយឲ្យខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ស្ទុះទៅតែតបាល់នោះបញ្ចូលទីយ៉ាងល្អ នៅនាទីទី ៤៧។

ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមទីម័រ វាយសម្រុកទៅលើកម្ពុជាវិញយ៉ាងខ្លាំង ហើយក៏មានឱកាសស៊ុតផងដែរ ប៉ុន្តែអ្នកចាំទី អ៊ុំ សេរីរ័ត្ន បានសង្រ្គោះបាល់ទាំងនោះយ៉ាងល្អ ដើម្បីរក្សាការយកឈ្នះ ២-០ លើក្រុមទីម័រខាងកើត លើកនេះ។

ការឈ្នះនេះវាមិនត្រឹមតែធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា កាន់តែមានទំនុកចិត្ត ក្នុងការចេញទៅប្រកួតជម្រុះជាបឋមពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជាមួយក្រុមឆាយនីសតៃប៉ិ ក្នុងជើងទី ១ ដែលធ្វើនៅកោះឆាយនីសតៃប៉ិ ថ្ងៃទី ២ ខែមិថុនាខាងមុខនេះប៉ុណ្ណោះទេ ប៉ុន្តែទាំងគ្រូបង្វឹក មន្រ្តីដឹកនាំ និងកីឡាករសរុប ៣៤ នាក់នៃក្រុមកម្ពុជា ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តម្នាក់ ១ ពាន់ដុល្លារពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខណៈប្រាក់រង្វាន់នេះត្រូវបានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននាំយកមកឲ្យក្រុមកម្ពុជាផ្ទាល់ ក្រោយការប្រកួតតែម្តង។

ផ្ទុយពីនេះក្រុមណាហ្គាវើល បានត្រឹមសុំទោសដល់អ្នកគាំទ្រ ខណៈពួកគេធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ RHB Singapore Cup 2016 បន្ទាប់ពីពួកគេបានចាញ់ក្រុមលីកកំពូលរបស់សិង្ហបុរី ក្នុងលទ្ធផល ៥-០ នាការប្រកួតនៅលើទឹកដីសិង្ហបុរី កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ៕

ផ្តល់សិទ្ធិដោយ៖ Postkhmer

មតិយោបល់របស់ប្រិយមិត្ត

  • កម្ពុជា​ផ្តួល​ទីម័រ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង ៥០០០០ នាក់已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/05/30  Category:កីឡា  ព័ត៌មាន
Tags: