តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា កំពុង​ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​យ៉ាង​អនាធិបតេយ្យ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​ជាបន្ទាន់​។ ដោយហេតុថា រហូតមកដល់​ពេលនេះ​អ្នកមាន​លុយ អ្នកមានអំណាច កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត​មណ្ឌលគិរី និង​ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មិន​ចាត់វិធានការ​បង្ក្រាប​ល្មើស​នោះទេ​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ពេលនេះ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា កំពុង​ប្រឈម​នឹង​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។

សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ និង​សកម្មជន​បរិស្ថាន បាន​ឲ្យ​ដឹងថា ព្រៃ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ដែល​លាតសន្ធឹង​ក្នុងស្រុក​កែវ​សីមា រហូតដល់​ស្រុក​អូររាំង ទំហំ​ជាង​២៩​ម៉ឺន​ហិកតា​កំពុង​រង​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​ដីព្រៃ​ប្រមាណ​ជាង​១​ម៉ឺន​ហិកតា​បានក្លាយ​ទៅជា​វាល​រហោស្ថាន​រួចទៅហើយ រីឯ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ក៏​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។ សកម្មជន​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ដី​ព្រៃឈើ​ប្រមាណ​៩១៩​ហិកតា​ក្នុងភូមិ​ស្រែ​អណ្ដោ​ល និង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បានក្លាយ​ទៅជា​វាល​រហោស្ថាន​។ ចំណែក​ដីព្រៃ​អភិរក្ស​នៅ​តំបន់​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ជាប់​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​យួន ក៏​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​២០១៥-២០១៦ តំបន់​ព្រៃ​អភិរក្ស​ជីវចម្រុះ​កែវ​សីមា បាន​រង​ការកាប់បំផ្លាញ​អស់​ប្រមាណ​៨១៩៨​ហិកតា ហើយ​ឥឡូវ​កើនឡើង​ដល់​ជាង​១​ម៉ឺន​ហិកតា​។ បទល្មើស​បំផ្លាញ​ព្រៃឈើ​នេះ​ត្រូវបាន​អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានដឹង​យ៉ាងច្បាស់​ក៏ប៉ុន្តែ​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយចំនួន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

2fbdf9fa-1274-4115-ad83-72ccddfc6384 d0ad39e7-bcb0-4338-8685-2f908ffefafe 0c914f53-7cfe-41e5-bb1a-6fd9ad836ba9 1f552de1-9fae-4bc4-9f9b-92645a9a3fb3 ab6b5d2e-a8af-4c34-a301-f2dd042cb630