អាជ្ញាធរខេត្ត​បាត់ដំបង បណ្ដោយ​ឲ្យ​ល្បែងភ្នាល់​ទឹកភ្លៀង​និង​ភ្នាល់​បាល់ទាត់​កើតឡើង​យ៉ាង​ពេញបន្ទុក​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​នៅ​ម្ដុំ​ខាងក្រោយ​ផ្សារ​ភូ​ពុ​យ ឬ​ខាងក្រោយ​វត្ត​ទួល​ដូន​ពុក ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ មេ​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​តំបន់​នេះ ត្រូវគេ​ស្គាល់​ថា​ឈ្មោះ តា​ល់ ដែលជា​ប្អូនធម៌​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ដែល​ល្បីល្បាញ​ខាង​ពុករលួយ​និង​ធ្វើ​អ្វីៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​ឈ្មោះ តា​ល់ អាច​បើក​ល្បែងភ្នាល់​ទឹកភ្លៀង​តាម​អំពើ​ចិត្ត និង​មាន​ដៃស្ដាំ​ម្នាក់​ឈ្មោះ ជ្រុង គឺជា​អ្នកគ្រប់គ្រង​កូនកញ្ច្រែង​ជាច្រើន​កន្លែង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង សុទ្ធតែ​បានដឹង​យ៉ាងច្បាស់​ពី​រឿង​ឈ្មោះ តា​ល់ បើក​ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ​។ ប៉ុន្តែ​សង្ស័យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តបាត់ដំបង ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​មេ​ល្បែងភ្នាល់​ទឹកភ្លៀង ទើប​មិន​ចាត់វិធានការ​បង្ក្រាប ហើយ​បណ្ដោយ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​យ៉ាង​គគ្រឹកគគ្រេង ហើយ​មាន​អ្នកខ្លះ​យក​អង្រឹង​ទៅ​ចង​តាម​ដើមឈើ​ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដើម្បី​មើល​មេឃ​ទៀតផង​។

ពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ក្រៅពី​ល្បែងភ្នាល់​ទឹកភ្លៀង គឺ​ល្បែងភ្នាល់​បាល់ទាត់​ក៏​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​ផងដែរ ក្នុងខណៈ​បាល់ទាត់​ដណ្ដើម​ជើងឯក​នៅ​តំបន់​អឺរ៉ុប​ជិត​ឈាន​មកដល់​។ ដោយសារតែ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាត់ដំបង​ដូច​សព្វថ្ងៃនេះ ទើប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ប្លន់ គ្រឿងញៀន និង​អំពើហិង្សា​ក្នុង​គ្រួសារ កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ចំណែក​មេ​ល្បែងភ្នាល់​ទឹកភ្លៀង​ឈ្មោះ តា​ល់ និង​បក្ខពួក ព្រមទាំង​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពុករលួយ​ក្នុង​មួយថ្ងៃៗ​ប្រមូល​លុយរាប់​ម៉ឺន​រាប់សែន​ដុល្លារ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ប្រការនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ក្រុង​បាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៕

12644964_1551267155187650_2102684710360585579_n1-300x2501លោក ស ថេង ស្នងការនគរបាលខេត្តបាត់ដំបង 11350232_1420494741607623_2114234744_n