មនុស្ស​​​៦​​​នាក់​​​ត្រូ​​​វ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ក្នុង​​​ករណី​​​​​​​​​​​​​​​បោក​​​ប្រាស់​​​កម្មករចំណាក​​​ស្រុក​​​

ករណីបោកប្រាស់ពលករចំណាកស្រុកដ៏ធំមួយបានបញ្ចប់កាលពីថ្ងៃសុក្រ ក្នុងពេលដែលតុលាការក្រុងភ្នំពេញបានកាត់ទោសមនុស្ស៦នាក់ដែលចោទប្រកាន់ពីបទជួញដូរមនុស្ស ក្នុងចំណោមនោះមាន៥នាក់ត្រូវកាត់ទោសកំបាំងមុខ ដោយសារតែគេបោកប្រាស់យកប្រាក់រាប់រយដុល្លារពីពលករចំណាកស្រុករាប់សិបនាក់។ ករណីនេះបានដឹងឮសព្វសាយកាលពីខែកញ្ញា ឆ្នាំមុន នៅពេលដែលកម្មករតវ៉ានៅខាងក្រៅការិយាល័យនៅភ្នំពេញរបស់ក្រុមហ៊ុនជ្រើសរើសកម្មករ ជិន វ៉ានដា មែនផាវើ បន្ទាប់ពីបានបង់ប្រាក់ឲ្យទីភ្នាក់ងារជ្រើសរើសកម្មកររវាង២៥០ដុល្លារនិង៤០០ដុល្លារក្នុងម្នាក់ៗ ដើម្បីរៀបចំបែបបទធ្វើដំណើរទៅធ្វើការនៅប្រទេសថៃ គឺត្រឹមតែគេយកទៅទុកចោលនៅច្រកព្រំដែនក្នុងខេត្តបាត់ដំបងទៅវិញ។ កម្មករក៏បាននាំគ្នាឃាត់ខ្លួនបុរសម្នាក់ដែលបាននាំពួកគេទៅដល់ព្រំដែន គឺលោក សេង សាឡែន អាយុ ៣១ឆ្នាំ ហើយក៏ប្រគល់ឲ្យនគរបាលប្រឆាំងការជួញដូរមនុស្ស ដែលបានឆ្មក់ចូលការិយាល័យក្រុមហ៊ុននោះ នៅថ្ងៃបន្ទាប់មក ហើយរឹបអូសបានលិខិតឆ្លងដែននិងឯកសារផ្សេងទៀតជាច្រើន ប៉ុន្តែមិនមានការចាប់ខ្លួនបន្ថែមទៀតទេ។ មានមនុស្ស៦នាក់ត្រូវបានចោទប្រកាន់ពីបទនាំយកដោយខុសច្បាប់ទៅផ្ទេរនៅច្រកព្រំដែន ដោយសារតែពួកគេបោកប្រាស់និងនាំកម្មករទៅទុកចោល។ ពួកគេគឺ លោក ព្រំ ឆាយលី យី ឧត្តម សួស ស៊ីណាត ហម សារុំ និងជិន វ៉ានដា ដែលកំពុងតែគេចខ្លួននៅឡើយ មានតែលោក សាឡែន ប៉ុណ្ណោះត្រូវចាប់ខ្លួន។ នៅក្នុងសវនាការកាលពីដើមខែនេះ លោក សាឡែនបាននិយាយថា ខ្លួនបានទទួលការណែនាំឲ្យនាំកម្មករ៥៨នាក់តាមរយន្តក្រុងទៅខេត្តបាត់ដំបង បន្ទាប់ពីធ្វើជាអ្នកទទួលភ្ញៀវនៅឯអង្គការអភិវឌ្ឍគុណភាពការងារ ដែលគ្រប់គ្រងដោយលោក ឆាយលី ហើយក៏ជាអនុប្រធានក្រុមហ៊ុន ជិន វ៉ានដា មែនផាវើ ដែរនោះ។ លោក សុខ ហួង មេធាវីរបស់លោក សាឡែន បាននិយាយថា កូនក្តីរបស់លោក គឺគ្រាន់តែធ្វើតាមបញ្ជាគេប៉ុណ្ណោះ។ មេធាវីរូបនេះនិយាយថា “បើគាត់មិនធ្វើតាមគេទេ គេដេញគាត់ចោលហើយ”។ អ្នកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះបានលើកឡើងថា ចុងចោទទាំង៦នាក់បានឃុបឃិតគ្នាប្រើភាពស្របច្បាប់ក្លែងក្លាយរបស់ក្រុមហ៊ុន ជិន វ៉ានដា មែនផាវើ អង្គការអភិវឌ្ឍគុណភាពការងារ និងមជ្ឈមណ្ឌលតាកាយ៉ាម៉ា ដើម្បីបោកប្រាស់យកប្រាក់ពីកម្មកររាប់រយនាក់។ កាលពីម្សិលមិញ ចៅក្រមបានប្រកាសថា តុលាការបានរកឃើញថា ពួកគេមានពិរុទ្ធ។ ចៅក្រមរូបនេះបានប្រកាសថា “តុលាការសម្រេចផ្តន្ទាទោសម្នាក់ៗឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ត្រូវសងជំងឺចិត្ត១០.០០០ដុល្លារដល់ដើមបណ្តឹង [ម្នាក់ៗ]”។ ពេលបណ្តើរចេញពីបន្ទប់ប្រកាសសាលក្រម លោក សាឡែនបានបដិសេធមិនឆ្លើយសំណួរអ្នកកាសែតទេ ហើយនៅស្ងៀម៕ © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post មនុស្ស​​​៦​​​នាក់​​​ត្រូ​​​វ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ក្នុង​​​ករណី​​​​​​​​​​​​​​​បោក​​​ប្រាស់​​​កម្មករចំណាក​​​ស្រុក​​​ appeared first on The Cambodia Daily.