សម្រែក​ចោរ​ៗៗ ! ប៊ិះ​ស្លាប់​យុវជន​ម្នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោមរោម​វាយ​ឡើង​ហូរ​ឈាម​ពេញ​ខ្លួន​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ដោយ​ស្មានថា​ជា​ចោរ​គាស់​ផ្ទះ ​តែ​តាម​ការ​ពិតជា​អ្នក​រើស​អេ​ត​ចាយ​សោះ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឮ​សូរ​សំឡេង​មនុស្ស​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ដោយ​ស្រែ​កថា​ ចោរ​ៗៗ ! ​លុះ​ពេល​ដែល​អ្នក​ភូមិ​ផ្អើល​ចេញ​មក​មើល​ក៏​ស្រាប់​តែ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ចេញ​ទៅ​ ឯ​មនុស្ស​៥-៦​នាក់​ទៀត​ក៏​ដើរ​ចេញ​ទៅ​ដែរ​បន្សល់​ទុក​យុវជន​ម្នាក់​រង​របួស​ឈាម​ស្រោច​ពេញ​ខ្លួន​ដួល​សន្លប់​នៅ​ជាប់​ផ្លូវ​រថភ្លើង ។

យុវជន​ដែល​ត្រូវ​គេ​វាយ​នោះ​បាន​និយាយ​ប្រាប់​ទាំង​សំឡេង​ខ្សាវ​ៗ​ថា រូបគេ​មិនមែន​ជា​ចោរ​ទេ គឺជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ក្រុម​ចោទ​ថា​ជា​ចោរ​គាស់​ផ្ទះ ហើយ​ក៏​ដេញ​តាម​វាយរ​ហូតរបួស​ដល់​ថ្នាក់​នេះ ។

ក្រោយ​ពេល​កើតហេតុ ប្រជា​ការពារ​ភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ឲ្យ​ចុះ​មក​អន្តរាគមន៍ តែ​ដោយ​គ្មាន​ភស្តុ​តាង និង​ដើមបណ្តឹង ទើប​សមត្ថកិច្ច​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ជូន​ជន​រង​គ្រោះ​ដែល​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​សម្តេចឪ ៕