សត្វពស់វារឡើងមកដល់មាត់ចានបង្គន់, ល្បីពេញពិភពលោក !

ស្ដាប់​ទៅហាក់ដូចជា​រឿងកំប្លែង​ ប៉ុន្តែវាពិតជាបានកើតឡើងប្រាកដមែន​នៅក្នុងប្រទេសថៃ​ ដែលធ្វើឱ្យមហាជនថៃ​ និងប្រជាជននៅទូទាំងពិភពលោកដែលបានតាមដានពត៌មានតាមរយៈប្រព័ន្ធអ៊ីនធើណេត​ មានការភ្ញាក់ផ្អើលផង ​ខ្លាចផង និងស្រៀវៗផង​ ដោយសារតែកាលពីពេលថ្មីនេះ​ មាន​បុរសជនជាតិ​ថៃម្នាក់បានប្រទះ​ជាមួយនឹងពស់ថ្លាន់មួយក្បាល​នៅក្នុងចានបង្គន់នៅក្នុងគេហដ្ឋានរបស់លោក​ ។​​
មានឈ្មោះ​ Attaporn Boonmakchuay ​បុរសជនជាតិថៃរូបនេះ​បានប្រទះឃើញពស់ថ្លាន់ប្រវែង៣ម៉ែត្រមួយក្បាល ​ក្រោយពេលដែលវាបានហាមាត់ដែលមានធ្មេញស្រួចៗតូចៗ ​មកត្របាក់ខាំលិង្គរបស់លោក​ ខណៈដែលលោកកំពុងអង្គុយ​ត្រៀមនឹងបត់ជើងធំ​ នៅក្នុងគេហដ្ឋានរបស់លោក​ ក្នុង​ទី​ក្រុង​បាងកក ​ប្រទេសថៃ​ ។ ក្រោយពីត្រូវបានសង្គ្រោះទៅកាន់មន្ទីរពេទ្យ​ លោកបាននិយាយប្រាប់កាសែត​ “បាងកកប៉ុស្តិ៍” ថា​៖ ​នាខណៈនេះ​ លោកនៅមានអាក្ការៈឈឺចាប់ត្រង់បរិវេណលិង្គរបស់លោកនៅឡើយ ​។​
មាន​សំណួរជាច្រើននៃអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមបានចោទសួរថា​៖ ​តើពស់​ថ្លាន់​ធំមួយក្បាល​ វាអាចវារឡើងមកដល់ចានបង្គន់បានយ៉ាងម៉េច​? ​ព្រោះកន្លងមកធ្លាប់ឃើញ ​ធ្លាប់ឮមានតែកូនកណ្ដុរតូចៗតែប៉ុណ្ណោះ​ ។ លោក Geoff Jacobs ដែលជាអ្នកជំនាញខាងចាប់ពស់​ និងកំពុង​ប្រកប​មុខ​របរ​ជាអ្នកចាប់ពស់មកអស់រយៈពេលជាង២០ឆ្នាំ​ នៅក្នុងរដ្ឋ ​Queensland Wildlife ​នៃប្រទេស Australia ​បានឆ្លើយនឹងសំណួរនេះថា​៖​ “ពិតហើយ ! មូលហេតុដែលសត្វពស់ថ្លាន់វាអាចវារឡើងមកដល់ចានបង្គន់បាន​ ក៏ព្រោះមកពីកូនកណ្ដុរតូចៗហ្នឹងឯង ​។ ​លោកបានបន្តថា៖ ​សត្វកណ្ដុរភាគ​ច្រើន​វារស់នៅក្នុងប្រព័ន្ធ​បំពង់លូ ​ដូច្នេះពពួកសត្វពស់​ ក៏វាដឹង និងតាមប្រមាញ់កណ្ដុរតាមក្នុងប្រព័ន្ធលូដូចគ្នាដែរ ។ ​កាលណាសត្វកណ្ដុរវារត់គេចរហូតមកដល់ផ្លូវលូបត់​ ក្បែរចានបង្គន់​ នោះពពួកសត្វពស់ក៏វាដេញតាមមកដល់ចានបង្គន់ដែរ ហើយករណីនេះកើតមានភាគច្រើនចំពោះតែ​គេហដ្ឋា​ន​​ដែលមានផ្ទះ​ជាន់ផ្ទាល់ដីតែប៉ុណ្ណោះ​ ។ ​លោក Geoff បាននិយាយថា​៖ ​ក្នុងមួយឆ្នាំៗ​ លោកចាប់ពស់បានយ៉ាងហោចណាស់ ៤-៥ក្បាល ​ហើយភាគច្រើនគឺពពួកប្រភេទពស់តុកកែ​ និងពស់ថ្លាន់​ ៕​

សត្វពស់វារឡើងមកដល់មាត់ចានបង្គន់, ល្បីពេញពិភពលោក !ដោយ៖ ឈូក ស
ប្រភព៖ BBC Radio 4