បុរស​អភ័ព្វ​ស្នេហ៍៖ “ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ហើយ ជា​មនុស្ស​ឯក​កោរ​បំផុត​លើ​លោក​នេះ”

“តើ​បង​ខុស​អ្វី? ភរិយា​ជាទី​ស្រលាញ់​ចាក​ចេញពី​ជីវិត​ខ្ញុំ​ក្រោយពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជិត ៣០ឆ្នាំ”។ នេះ​ជា​ការ​រៀបរាប់​របស់​បុរស​អភ័ព្វ​ស្នេហ៍​ម្នាក់​កំពុង​តស៊ូ​រស់​ដោយ​ពឹង​លើ​មុខរបរ​ឡើង​ត្នោត។

 

 

បុរស​អភ័ព្វ​ស្នេហ៍៖ “ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ហើយ ជា​មនុស្ស​ឯក​កោរ​បំផុត​លើ​លោក​នេះ”

រូបតំណាង

 

រស់​ដា (ឈ្មោះ​ក្រៅ) ពោះម៉ាយ​អភ័ព្វ​ស្នេហ៍​វ័យ ៤៩ឆ្នាំ​រស់នៅ​ស្រុក​ទ្រាំង​បាន​ប្រាប់ Sabayថា​ លោក​ជា​កូនកំព្រា​ឪពុក​ម្ដាយ​តាំងពី​អាយុ ១០ឆ្នាំ​បាន​រៀបការ​ជាមួយ​ភរិយា​នៅ​ឆ្នាំ ១៩៨៨ និង​មាន​កូន​ប្រុស​ស្រី ៤នាក់​ ជា​ចំណងដៃ​ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍។

 

ដោយ​ពុំបាន​រៀន​សូត្រ​ និង​គ្មាន​ចំណេះដឹង​អ្វី​សោះ​ក្រៅពី​មុខរបរ​ធ្វើស្រែ​លោក​ធ្វើជា​អ្នក​ឡើង​ត្នោត​ធ្វើ​ទឹកត្នោត​ផ្អែម និង​ត្នោត​ជូរ​អោយ​ភរិយា​លក់​ដើម្បី​បាន​ប្រាក់កម្រៃ​បន្ថែម។ លោក​ ដា ​រៀបរាប់​បន្តថា​ ជីវិត​ប្ដី​ប្រពន្ធ​ពេលនោះ​មាន​សុភមង្គល​ណាស់​ហើយ​ការ​រកស៊ី​វិញ​ត្បិត​មិនទាន់​ធូរធារ​តែ​គ្មាន​បញ្ហា​ចោទ​ទេ។ “ក្នុង​មួយថ្ងៃ​ខ្ញុំ​ឡើង​ត្នោត​ពី ៨ទៅ១០ដើម​លក់​ទឹកត្នោត​យូរ​ទៅ​សន្សំ​ប្រាក់​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង​រួម​ទាំង​គោមួយ​នឹម​ និង​ដីស្រែ​មួយ​ចំនួន​ទៀត។

 

បុរស​តូច​ល្អិត​រូប​នេះ​បន្ថែម​ថា​ ហេតុតែ​ស្រលាញ់​ភរិយា​ពេក​គាត់​បាន​ទិញ​គ្រឿង​លម្អ​តុបតែង​អោយ​នាង ជាពិសេស​នោះ​ទិញ​ទូរស័ព្ទ​ល្អ ១គ្រឿង​ផ្គាប់ចិត្ត​ភរិយា។ “ប៉ុន្តែ​ក្រោយពី​មាន​ទូរស័ព្ទ​ថ្មី ខ្ញុំ​ធ្វើ​អ្វី​ក៏​ខុស​នាង​ផ្លាស់ប្ដូរ​ច្រើន ដើរ​បាត់​ពី​ផ្ទះ​ជួន​ថ្ងៃ​ជួន​យប់​មាន​អ្នក​ទូរស័ព្ទ មក​ញឹកញាប់​ហើយ​ចេញទៅ​និយាយ​ឆ្ងាយ​ពី​ខ្ញុំ​តែ​ខ្ញុំ​ចេះតែ​ធ្វើ​មិន​ដឹង​មិន​ឮ។

 

ក្រោយមក​នាង​បាន​បបួល​ខ្ញុំ​លក់​គោ លក់​ដីស្រែ​សំអាង​ហេតុផល​ថា ​យក​លុយ​មក​រក​ស៊ី​នៅ​ផ្សារ​ខ្ញុំ​ក៏​បំពេញ​បំណង​ភរិយា​ប្រមូល​ប្រាក់​បាន​មួយ​ចំនួន។ ប៉ុន្តែ​ក្រោយពី​បាន​លុយ​នាង​បាន​ទៅជា​មួយ​បុរស​ម្នាក់​បាត់ស្រមោល​ឈឹង​រហូត​ទល់​សព្វថ្ងៃ​នេះ។

 

ជាមួយ​ទឹកមុខ​អស់សង្ឃឹម​អភ័ព្វ​ស្នេហ៍​រូប​នេះ​ថ្លែង​ថា៖ “ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ហើយ ជា​មនុស្ស​ឯក​កោរ​បំផុត​លើ​លោក​នេះ ខណៈកូនប្រុស​ម្នាក់​ចេញទៅ​ធ្វើ​កម្មករ​នៅ​ភ្នំពេញ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង។ ឯ​ម្នាក់ទៀត​ធ្វើការ​នៅ​សៀមរាប​តែ​មិនដែល​មក​រក​ខ្ញុំ​ទេ ចំណែក​កូនស្រី​ពីរ​នាក់​ទៀត​ក៏​មិនដែល​នឹកនា​ខ្ញុំ​ដែរ។ ក្ដី​សង្ឃឹម​ក្នុង​ជីវិត​ចុងក្រោយ​របស់ខ្ញុំ ​គឺ​របរ​ឡើង​ត្នោត រក​មួយថ្ងៃ​ហូប​មួយថ្ងៃ។”

 

អត្ថបទ៖ ជិន វេន